(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC ដែលតំណាងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនាំចេញទាំងអស់ក្នុងប្រទេសកម្ពុជា បានផ្ញើលិខិតផ្លូវការ ជូនលោកស្រី Cecilia Malmström ស្នងការពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុបនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដោយរៀបរាប់ថា ការប្រកាសនាពេលថ្មីៗដែលធ្វើឡើងដោយសហភាពអឺរ៉ុបបង្ហាញអំពីលទ្ធភាពក្នុងការព្យួរបណ្តោះអាសន្ន នៃគម្រោងគំនិតផ្តួចផ្តើមស្តីពីការនាំចូលទំនិញគ្រប់ប្រភេទលើកលែងតែអាវុធ (EBA) សម្រាប់កម្ពុជា គឺជាការភ្ញាក់ផ្អើលសម្រាប់វិស័យឯកជនរួមទាំងវិនិយោគិន កម្មករ ព្រមទាំងអ្នកបញ្ជាទិញដែលទិញពីកម្ពុជា។
នៅក្នុងលិខិតផ្លូវការរបស់ GMAC ដែលចម្លងជូនប្រធានសភាអឺរ៉ុប លោក Antonio Tajani និងប្រធានគណៈកម្មការអឺរ៉ុប លោក Jean-Claude Juncker ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនផងនោះ បានបន្តលើកឡើងថា ការព្យួរបណ្តោះអាសន្ននៃគម្រោង EBA ឬទណ្ឌកម្មឯកតោភាគីរយៈពេលខ្លីណាមួយអាចមានផលប៉ះពាល់អវិជ្ជមានរយៈពេលវែង ដល់ជីវិតរបស់កម្មករយើង និងគ្រួសាររបស់ពួកគេ។
ភាពរីកចម្រើនទាំងអស់ដែលកម្ពុជាសម្រេចបានក្នុងរយៈកាល២ទសវត្សរ៍កន្លងមកនេះតាមរយៈកិច្ចខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធទាំងអស់រួមទាំងដៃគូអភិវឌ្ឍន៍ដូចជា សហភាពអឺរ៉ុប អាចត្រូវបានបំផ្លាញយ៉ាងលឿន។ ដូច្នេះសូមអំពាវនាវឲ្យលោកស្រី Cecilia Malmström ស្នងការពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប មានចំណាត់ការយកចិត្តទុកដាក់ និងការសម្រេចប្រកបដោយការពិចារណា ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការពិតបន្ថែមទៀតដល់លោកស្រី នៅពេលតម្រូវក្នុងអំឡុងដំណើរការតាមដានរបស់លោកស្រី។
ខាងក្រោមជាលិខិតផ្លូវការរបស់ GMAC ផ្ញើជូនលោកស្រី Cecilia Malmström ស្នងការពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប៖