(កណ្តាល)៖ ដោយមានយកចិត្តទុកដាក់ជាប្រចាំ និងសំដៅពង្រឹងសុវត្ថិភាពម្ហូបចំណីអាហារ ជូនប្រជាពលរដ្ឋ ដែលទិញយកទៅបរិភោគ ប្រចាំថ្ងៃដែលកំពុងចររាចរណ៍តាមបណ្តាផ្សារនានាក្នុងខេត្ត លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល រួមជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មាការផ្សារ បានចុះពិនិត្យគុណភាពមុខទំនិញ ដែលកំពុងចររាចរណ៍នៅក្នុងផ្សារតាខ្មៅថ្មី និងតាមបណ្តាស្តង់នានា ក្នុងពិធីប្រណាំងទូក ដែលរដ្ឋបាលខេត្តកណ្តាលរៀបចំប្រព្រឹត្តទៅថ្ងៃទី២៣-២៤ ខែតុលា ខាងមុខនេះ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។
ក្នុងការចុះពិនិត្យគុណភាពទំនិញ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា ក្រុមការងាររបស់សាខាតែងតែចុះជាប្រចាំដោយអនុលោម តាមច្បាប់អនុក្រិតស្តីពី ច្បាប់គ្រប់គ្រងសុខភាព សុវត្ថិភាពចំណីអាហារ ដែលមានសិទ្ធិស្របច្បាប់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យទំនិញចម្រុះនៅលើទីផ្សារក្នុងដែនសមត្ថកិច្ច។
លោកបានបន្តថា ក្រុមការងារបានធ្វើការពិនិត្យទៅលើណែម សរសៃគុយទាវ ត្រីងៀត ប្រហិតត្រី និងសាច់ក្រកសាច់ជ្រូក រកសារធាតុបូរ៉ាក់ (borax) តេស្តលើទំពាំងជូជ្រក់ រកសារធាតុគីមី សូដ្យូមហ៊ីដ្រូស៊ូលហ្វីត (Sodium Hydrosolfit) និងគ្រឿងសមុទ្រ បង្គា មឹកចំនួន៤គំរូ រកសារធាតុគីមីហ្វលម៉ាលីន (Formalin) ជាលទ្ធផល ពុំមានឃើញសារធាតុគីមីណាមួយ ធ្វើឲ្យប៉ះពាល់ដល់សុខភាពឡើយ និងពិនិត្យគុណភាពអាហារកំប៉ុង ផលិតផលផ្សេងៗ ដែលមានសភាពខួចគុណភាពកំពិទ ហួសការបរិច្ជេទ តាមបណ្តាផ្ទះជុំវិញផ្សារ ហើយធ្វើការដកហូតនំសារាយចំនួន ២៥កញ្ជប់ និងបានចែកខិតប័ណ្ណផ្សព្វផ្សាយពីសុវត្ថិភាពចំណីអាហារ ជូនប្រជាពលរដ្ឋ ក្នុងគោលបំណងធានា បាននូវសុវត្ថិភាពចំណីអាហារ សំរាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ ដោយ មិនប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។
បន្ទាប់មកក្រុមការងារ បានបន្តចុះពិនិត្យតាមបណ្តាស្តង់នានា ដែលដាក់លក់ក្នុងពិធីប្រណាំងទូករួមមាន ៖ សាច់បាតេសាច់ជ្រូក គ្រឿងកំប៉ុងនំកញ្ជប់ គ្រឿងលេ និងកន្លែងលក់ប្រហិត គុយ ទាវស៊ុប មីស៊ុប។
លោកអ៊ូ ម៉ានរិន ក៏បានក្រើនរំលឹកដល់អាជីវករទាំងអស់ ត្រូវលក់តែផលិតផលដែលមានសុវត្ថិភាពមានកាលបរិច្ឆេទត្រឹមត្រូវ ចៀសវាង ប្រជាជនទិញយកទៅប្រើប្រាស់នាំឲ្យប៉ះពាល់ដល់សុខភាព កើតជម្ងឺផ្សេងៗ ធ្វើឲ្យប្រជាជនត្រូវចំណាយថវិកាមួយផ្នែកធំដើម្បី ព្យាបាលជម្ងឺដែលបង្កឡើងដោយចំណីមិនមានសុវត្ថិភាព៕