(រតនគិរី)៖ កម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវចំនួន៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការស្រុក នៅវេលាម៉ោង១១៖០០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធពីបទប្រើប្រាស់គ្រឿងញៀន និងរក្សាទុកសារធាតុញៀនខុសច្បាប់ នៅចំណុចភូមិសោមត្រកថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ។
យោងតាមលោកវរសេនីយ៍ត្រី សុខ មីន បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ សល់ រក្ស ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិចារ៉ាយ និងទី២-ជនសង្ស័យឈ្មោះ សេវ រ៉ើន ភេទប្រុស អាយុ១៧ឆ្នំា ជនជាតិចារ៉ាយ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រស់នៅភូមិឃុំខាងលើជាមួយគ្នា។
វត្ថុតាងដកហូតរួមមាន៖ ម៉ាទឹកកចំនួន២កញ្ចប់តូច, លុយចំនួន៩ម៉ឺនរៀល, ៣-ទូរស័ព្ទចំនួន២គ្រឿង, Speaker ស្ដាប់ចម្រៀង១គ្រឿង, ដែកកេះចំនួន២ដើម, Power bank សាកថ្ម១គ្រឿង, កញ្ចប់បារី២កញ្ចប់, និងប្រដាប់ប្រើប្រាស់ជក់ថ្នាំមួយចំនួនទៀត។ តាមការបញ្ចាក់ពីជនសង្ស័យខាងលើ បានឲ្យដឹងបន្ថែមថា ខ្លួនបានទៅទិញថ្នាំញៀនពីឈ្មោះធឿ តែពុំបានចាំទីលំនៅ ដើម្បីយកមកលក់បន្តទៀត ពេលលក់អស់ម្តងៗនោះទេ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ បញ្ជូនទៅទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕