(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង១០ព្រឹក (ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោង០៣៖០០នាទី ម៉ោងនៅកម្ពុជា ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់ក្រុងហ្សឺណែវ ប្រទេសស្វីសហើយ ដើម្បីចូលរួម «សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ទី២៤ ខែតុលា ឆ្នាំ២០១៨ ក្រោមមូលបទរួម «ការវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព»។
អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តីមាន៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកទេសរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម, លោក វេងសាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាជាច្រើនរូបផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសកល សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាគន្លឹះ លើប្រធានបទ «កិច្ចវិនិយោគនៅក្នុងយុគសម័យថ្មី នៃសាកលភាវូបនីយកម្ម និងឧស្សាហូបនីយកម្ម និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ក្នុងបរិបទទីផ្សារដែលបានធ្វើសមាហរណកម្ម»។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមពិសាអាហារការងារថ្ងៃត្រង់សម្រាប់ថ្នាក់ដឹកនាំជាមួយក្រុមប្រឹក្សាផ្តល់យោបល់លើការវិនិយោគ ដែលក្នុងឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងចែករំលែកចក្ខុវិស័យ និងបទពិសោធន៍ពាក់ព័ន្ធនឹងប្រធានបទដូចខាងលើ ។
ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំរបស់ស្ថាប័នអង្គការអន្តរជាតិសំខាន់ៗ មួយចំនួន ដូចជា លោក ហ្រ្វានស៊ីស ហ្គារី អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក លោកស្រី អារ៉ានឆា ហ្គងហ្សាឡែស នាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ លោក រ៉ូប៊ែតូ កាវ៉ាល់ហូ អាហ្ស៊ែវ៉េដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក និងលោក ម៉ុឃីសា គីទុយី អគ្គលេខាធិការសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងជួបជាមួយលោកស្រី មីសែល បាសែឡែត ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ ក្រោយបញ្ចប់ជំនួប សម្តេចតេជោ នឹងធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខារវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ មីសែល បាសែឡែតលើ «អនុស្សរណៈរវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្ស ដើម្បីអនុវត្ដកម្មវិធីកិច្ចសហប្រតិបតិ្ដការបច្ចេកទេសស្ដីពីបញ្ហាសិទិ្ធមនុស្ស»។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសស្វីស សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏នឹងជួបសំណេះ សំណាលជាមួយសមាជិក សហគមន៍ខ្មែរ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសស្វីសផងដែរ៕