(មណ្ឌលគិរី)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅតាមមូលដ្ឋានក្នុងស្រុកអូរាំង។
មន្រ្តីកាំកុងត្រូលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើវិភាគបឋមទៅលើត្រីងៀត ស្ពៃក្តោប ត្រសក់ ដែលលទ្ធផល មន្ត្រីជំនាញបានរកមិនឃើញវត្តមាន សារធាតុគីមីហាមឃាត់នោះទេ។
ក្រុមមន្រ្តីបានធ្វើតេស្តរកសារធាតុអ៊ីយ៉ូតទៅលើអំបិលម៉ាកអង្គរ តែជាលទ្ធផលឃើញថា មានសារធាតុអ៊ីយ៉ូតត្រឹមត្រូវ។ ក្រុមការងារបានរកឃើញភេសជ្ជៈចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន៨០គីឡូក្រាម បានធ្វើកិច្ចសន្យាដកហូតទុកដុតកម្ទេចចោល។ ក្រុមការងារបានធ្វើការណែនាំ និងធ្វើកិច្ចសន្យាចំនួនម្ចាស់សិប្បកម្មផលិតទឹកសុទ្ធ ម៉ាកយូនី ឲ្យដាក់កាលបរិច្ឆេទ ត្រឹមត្រូវនៅលើសំបកដប។
ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូល ក៏បានផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឲ្យដឹងអំពីសុវត្ថិភាពម្ហូបអាហារ ដោយបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ «Poster» ផងដែរ។
មន្រ្តីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការចុះត្រួតពិនិត្យខាងលើនេះ មន្រ្តីរបស់លោកបានណែនាំដល់លក់ដូរឲ្យចៀសវៀងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់។
ដោយឡែក ចំពោះការឃ្លាំពិនិត្យមើលថ្លៃលក់ប្រេងសាំង និងម៉ាស៊ូតនៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈចំនួន៩ទីតាំង គឺប្រេងសាំង និងប្រេងម៉ាស៊ូត មានតម្លៃ សមស្របទៅនឹងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨៕