(ភ្នំពេញ)៖ វេជ្ជសាស្រ្តនុយក្លេអ៊ែរ បានផ្តល់នូវជំរើស នៃការព្យាបាលល្អបំផុតសម្រាប់អ្នកជំងឺ ដែលនាំឲ្យមានភាពប្រសើរឡើង នូវគុណភាពជីវិត ជាពិសេសទៀតនោះ គឺកាត់បន្ថយការចំណាយរបស់អ្នកជំងឺទៀតផង។
លោកសាស្រ្តាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងដូច្នេះនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី វេជ្ជសាស្រ្តនុយក្លេអ៊ែរ នាព្រឹកថ្ងៃទី២២ ខែតុលា ២០១៨នេះ ក្រោមការចូលរួមពីលោកសាស្រ្តាចារ្យ Sobhan Vinjamuri នាយករងនៃមនី្ទរពេទ្យ The Royal Liverpool University នៃចក្រភពអង់គ្លេស រួមជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ រួមជាមួយសិក្ខាមពេទ្យជាច្រើននាក់ទៀត។
លោកសាស្រ្តចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានបន្តថា ការបើកសម្ពោធដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលជាតិជំងឺមហារីក គឺជាផ្នែកមួយនៃវេជ្ជសាស្រ្តនុយក្លេអ៊ែរដំបូងគេនៅកម្ពុជា។ នៅដើមឆ្នាំនេះ គឺជាការរីកចម្រើនមួយផ្នែកទៀត លើវិស័យសុខាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកវេជ្ជបណ្ឌិត គង់ សន្យា អគ្គនាយករងមនី្ទរពេទ្យកាល់ម៉ែត្រ បានថ្លែងថា នេះជាលើកទី១ហើយ ដែលមនី្ទរពេទ្យកាល់ម៉ែត បានបើកសិក្ខាសាលាស្តីពីវេជ្ជសាស្រ្តនុយក្លេអ៊ែរ ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថា ការប្រើពាក្យថាវេជ្ជ សាស្រ្តនុយក្លេអ៊ែរ បើស្តាប់ទៅថាវារាងចំលែក។ លោកថា តាមពិតទៅគឺប្រើប្រាស់ពាក្យ ក្នុងបច្ចេកទេសវេជ្ជសាស្រ្តនុយក្លេអ៊ែរនេះ គឺវាផ្តល់ប្រយោជន៍យ៉ាងខ្ពស់ ក្នុងការព្យាបាលនូវរោគមហារីក ដែលទាមទារប្រើបច្ចេកទេសនេះ ដើម្បីសម្លាប់នូវកោសិកាមហារីក។
អគ្គនាយករងមនី្ទរពេទ្យបានបញ្ជាក់ទៀតថា ដើមឆ្នាំ២០១៨នេះ មនី្ទរពេទ្យកាល់ម៉ែត្រ បើកឲ្យដំណើរមជ្ឈមណ្ឌលព្យាបាលជំងឺមហារីក មានបច្ចេកទេសច្រើន ក្នុងការព្យាបាល ដូចជាបាញ់កាំរស្មីនៅក្នុងទីកន្លែង និងដោយវេជ្ជសាស្រ្តនុយក្លេអ៊ែរ។ ដូច្នេះដើម្បីឲ្យកម្រិត បច្ចេកវិទ្យារបស់មនី្ទរពេទ្យ ស្មើនឹងពិភពលោក គឺទាមទារឲ្យមនី្ទរពេទ្យមានវេជ្ជសាស្រ្តនុយក្លេអ៊ែរនេះផងដែរ។
ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ Sobhan Vinjamuri បានលើកឡើងថា វេជ្ជសាស្រ្តនុយក្លេអ៊ែរ ឬគេហៅថា វេជ្ជសាស្ត្រម៉ូឡេគុលអ៊ែរ ដែលធ្វើឲ្យមានការបារម្មណ៍ បើមែនទែនទៅ គឺជារបស់ដែលត្រូវបានស្គាល់ជាង៤០ឆ្នាំមកហើយ ព្រមទាំងយកមកប្រើបា្រស់នៅក្នុងវិស័យវេជ្ជសាស្រ្ត។ លោកបន្តថា ប៉ុន្តែវេជ្ជសាស្រ្តនុយក្លេអ៊ែរ មិនបណ្តាលឲ្យប៉ះពាល់ដល់សុខភាពនោះទេ ព្រោះនៅក្នុងពិភពលោក វេជ្ជសាស្រ្តនុយក្លេអ៊ែរ គឺមានគ្រប់ទីកន្លែង៕