(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍វិមានទ្រង់ ហៅសហគមន៍ (នគរថ្មី) ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ចំនួន៨៣៧គ្រួសារ ស្មើនឹង៨៣៧ក្បាលដី បានទទួលបណ្ណកម្មសិទ្ធិអចលនវត្ថុ ស្របច្បាប់ពីរដ្ឋបាល រាជធានីភ្នំពេញហើយ ក្រោយពីមន្ត្រីជំនាញបានរៀបចំរួចរាល់តាមនីតិវិធី ដែលជាដំណាក់កាលចុងក្រោយ នៃដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធកម្មវិធីអនុវិស័យរដ្ឋបាល ដីធ្លី ដែលកំពុងអនុវត្តក្នុងរាជធានី-ខេត្ត ទាំង២៥ នៃកម្ពុជា។
ពីធីប្រគល់ និងទទូលបណ្ណកម្មសិទ្ធិអចលនវត្ថុ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលរៀបចំធ្វើឡើង នៅក្នុងសហគមន៍វិមានទ្រង់តែម្តង ដោយមានប្រជាពលរដ្ឋចូលរួមជាច្រើនរយនាក់។
លោក ឃួង ស្រេង បានលើកឡើងថា ទំរាំបានឈានមកដល់ដំណាក់កាលផ្តល់ បណ្ណកម្មសិទ្ធិស្របច្បាប់នេះ គឺយើងបានខិតខំប្រឹងប្រែងជាច្រើន ដើម្បីភាពសុខដុមនីយ៍កម្មរបស់ប្រជាពលរដ្ឋ ហើយសុំឲ្យបងប្អូន រក្សាបណ្ណនេះឲ្យបានល្អ និងប្រើប្រាស់ឲ្យមានប្រសិទ្ធិភាព។ លោកថា ការចុះបញ្ជីដីធ្លី បានផ្តល់នូវសារប្រយោជន៍២យ៉ាងដល់រដ្ឋយើងផង និងដល់ប្រជាពលរដ្ឋផង។
លោក ឃួង ស្រេង បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ គឺធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញជូនប្រជាពលរដ្ឋ ហើយវិញ្ញាបនបត្រសំគាល់អចលនវត្ថុ គឺមានសារសំខាន់សំរាប់ជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងជៀសវាងការរំលោភបំពានលើដីធ្លី។
បណ្ណនេះ ក៏អាចផ្តល់លទ្ធភាពដល់បងប្អូនប្រជាពលរដ្ឋយើង ដើម្បីយកទៅដាក់ធនាគារ ក្នុងការខ្ចីលុយ យកមកប្រកបរបរអាជីវកម្មផ្សេងៗ។ ចំពោះរដ្ឋវិញ ការចុះបញ្ជីដីធ្លីនេះ ផ្តល់លទ្ធភាពយ៉ាងធំធេង ក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លី បានសមស្របកាត់បន្ថយទំនាស់ដីធ្លី។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានរំលឹកឡើងវិញនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលើកឡើង ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ ដែលទើបបញ្ចប់ទៅ នាពេលថ្មីៗនេះ ពីការមិនដោះដូរអធិបតេយ្យភាពជាតិ ជាមួយបរទេស ការមិនយកសន្តិភាពរបស់ប្រទេស ទៅដោះដូរជាមួយជំនួយ ហើយសម្តេចតេជោ បានបញ្ជាក់ ជំហរយ៉ាងច្បាស់ថាកម្ពុជា ត្រូវប្រឹងរស់ងើបឈរឡើង ដើម្បីការពារឯករាជ្យអធិបតេយ្យ និងសន្តិភាពរបស់ប្រទេស៕