(កំពង់ស្ពឺ)៖ គ្រឿងចក្រជាច្រើនគ្រឿង បានពង្រាយនៅមុខផ្សាកំពង់ស្ពឺ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ដែលមានប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ រួមជាមួយអភិបាលក្រុងច្បារមន។ ការឈូសឆាយរំដោះដីចំណីផ្លូវនេះ គេបានឃើញក្រុមមន្ត្រី នៃមន្ទីរសាធារណការ ជិះកង់ដើម្បីត្រួតពិនិត្យជង្ហុកសំបុកមាន់ ដែលមាននៅលើផ្លូវជាតិលេខ៤ ដើម្បីធ្វើការជួសជុលផងដែរ ។
តាមការលើកឡើងរបស់លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានថ្លែងថា ដោយកត្តាការកកស្ទះចរាចរជាប្រចាំ នៅមុខផ្សាកំពង់ស្ពឺ និងយោងតាមសេចក្តី ណែនាំរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលនេះ មន្ទីរ និងសាលាក្រុង បានជូនដំណឹងដល់ប្រជាពលរដ្ឋ ក្រុមអាជីវករដែលមានផ្ទះជាប់ចឹញ្ចើមផ្លូវជាតិលេខ៤ ហើយមានការដាក់តាំងលក់ ដូរលើដីចំណីផ្លូវ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ រួមទាំងការកកស្ទះចរាចរកន្លងមក ទើបមន្ទីរសាធារណការ បាននាំគ្រឿងចក្រ និងរថយន្តបោសសម្អាតផ្លូវធ្វើការជួសជុលបន្ទាន់។
លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ក្រោយពីមន្ទីររំដោះដីចំណីផ្លូវនេះ និងជួសជុលបានស្អាតឡើងវិញមន្ទីរ និងប្រគល់ជូនលោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន ដើម្បីឲ្យជួយថែរក្សា និងអប់រំប្រជាពលរដ្ឋ ឲ្យឈប់ការរំលោភយកដីចំណីផ្លូវ ធ្វើឲ្យបាត់បង់សណ្តាប់បន្តទៅទៀត។
លោកបានបន្តថា ជាការពិតដីចំណីផ្លូវ នៅតាមបណ្តាទីប្រជុំជន ត្រូវបានក្រុមអាជីវករ បានយកទៅប្រើប្រាស់លក់ដូរ ឬដាក់តាំងសម្ភារៈផ្សេងៗ ដែលធ្វើឲ្យការធ្វើដំណើរមានការកកស្ទះចរាចរ ឈានទៅបាត់បង់សណ្តាប់ធ្នាប់ និងគ្រោះថ្នាក់ចរាចរជាញឹកញាប់ថែមទៀត។ ដូច្នេះទាមទារឲ្យអាជីវករ ត្រូវនាំគ្នាចូលរួមថែរក្សា និងប្រើប្រាស់ដីចំណីផ្លូវ ឲ្យសមស្របដើម្បីរក្សាបានសោភណ្ឌភាព រួមទាំងទិដ្ឋភាពទីក្រុងស្អាតផងដែរ៕