(ប៉ៃលិន)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តប៉ៃលិន បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បន្តចុះពិនិត្យផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាព ម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សាររប៉ាងរលឹម នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បើតាមមន្ដ្រីសាខាកាំកុងត្រូល បានបញ្ជាក់ថា ការចុះអង្កេតទំនិញនៅតាមផ្សារប៉ាងរលឹមនេះ ផ្តោតទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ជាលទ្ធផលបានដកហូតទំនិញ ដែលខូចគុណភាព បានធ្វើតេស្តបឋមគុយទាវសសៃតូច, គុយទាវសសៃធំ, ដើម្បីរកសារធាតុគីមី ហាមឃាត់លើម្ហូបអាហារតែលទ្ធផលពុំឃើញមានសារធាតុហាមឃាត់ឡើយ។
មន្ត្រីកាំកុងត្រូលដដែល ក៏បានធ្វើសកម្មភាពត្រួតពិនិត្យទំនិញផ្សេងៗ និងបានដកហូតទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទ ដែលធ្វើឲ្យប៉ះពាល់សុខភាព អ្នកប្រើប្រាស់រួមមាន៖ ទឹកក្រូចដប ៨៥ដប ស្មើនឹង៣៤គីឡូក្រាម ហួសកាលបរិច្ឆេទ, ស្ករគ្រាប់១៩កញ្ចប់ធំ ស្មើនឹង៣,៨០គីឡូក្រាម ហួសកាលបរិច្ឆេទ សរុបជាង៣៧,៨០គីឡូក្រាម យកមករក្សាទុកនៅស្នាក់ការ ដើម្បីចាត់ចែងតាមនីតិវិធី។
ក្រោយពីដកហូតនូវទំនិញខូចគុណភាពទាំងនេះ មន្រ្តីកាំកុងត្រូល បានឲ្យអាជីវករចុះកិច្ចសន្យាឈប់ដាក់លក់នូវទំនិញខូចគុណភាព ដែលវាធ្វើឲ្យប៉ះពាល់ដល់ សុខភាព អ្នកបរិភោគ ហើយប្រសិនបើមានដាក់តាំងទៀត នឹងចាត់វិធានការតាមផ្លូវច្បាប់។
មន្រ្តីក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំលក់រាយ អ្នកផលិតនាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិន មុននឹងទទួលលក់ ហើយបញ្ជាក់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាដើម។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះឆែកឆេរនេះ គឺធ្វើឡើងតាមបទបញ្ជា លោកប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខា ដែលគិតអំពីសុវត្ថិភាព និងសុខភាពដល់ប្រជាពលរដ្ឋ ហើយនេះគឺបានធ្វើឡើងដូចភ្លៀងរលឹមយ៉ាងដូច្នេះដែរ៕