(ភ្នំពេញ)៖ គោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ បានធ្វើឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាបន្តឆ្ពោះទៅមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុនវិនិយោគចិនជាច្រើន បាននឹងកំពុងបោះទុនវិនិយោគយ៉ាងច្រើន ក្នុង ឧស្សហកម្មសំណង់នៅកម្ពុជា។
លោក ឈីវ គួរ ស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងថា ជាការពិតណាស់វត្តមាន របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត នៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលនេះ គឺកើតចេញពីគោលនយោបាយ ខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន ដែលបានបើកឱកាស និងលើកទឹកចិត្តឲ្យមានការវិនិយោគជាច្រើនពីវិនិយោគិនចិន មកកាន់ប្រទេសកម្ពុជា។
លោកបញ្ជាក់ថា ការរសម្រេចបោះទុនវិនិយោគលើគម្រោងអចលនទ្រព្យក្នុងប្រទេសកម្ពុជានេះ គឺដោយសារក្រុមហ៊ុន បានមើលឃើញពីការរីកចម្រើនយ៉ាងលឿន នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ធៀបនឹងប្រទេសក្នុងតំបន់ ដោយក្នុងនោះវិស័យសំណង់ បាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ហើយវិស័យនេះ ក៏កំពុងទាមទារឲ្យមានការបំពេញបន្ថែម ឲ្យបានច្រើនផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ។
លោកបន្តថា រយៈពេលបីឆ្នាំនៃវត្តមានរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន បានបោះទុនវិនិយោគសរុបជាង ១២០០លានដុល្លារទៅលើគម្រោងអគារខុនដូធំៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយក្នុងនោះគម្រោងធំៗចំនួនបី បាននឹងកំពុងលេចជារូបរាងបណ្ដើរៗហើយក្នុងរាជធានីភ្នំពេញ និង៣គម្រោងធំៗទៀត ក៏បាននឹងកំពុងវិនិយោគនៅខេត្តព្រះសីហនុផង ដែរ។
លោកបញ្ជាក់ថា ជាចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងរយៈពេល១០ឆ្នាំបន្ទាប់ ក្រុមហ៊ុននឹងបង្កើនទុនវិនិយោគឲ្យបាន៦ពាន់លានដុល្លារបន្ថែមទៀត ក្នុងឧស្សាហកម្មសំណង់នៅកម្ពុជា ខណៈបច្ចុប្បន្ន ក្រុមហ៊ុន បានប្រមូលទិញដីទុក សម្រាប់ធ្វើការវិនិយោគទាំងនៅ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប ជាច្រើនទីតាំងផងដែរ។
បន្ថែមពីលើកនេះ លោកបញ្ជាក់ថា ក្រៅពីវិនិយោគនៅកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត ក៏បានបង្កើតជាមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋជួបការលំបាក នៅកម្ពុជា ផងដែរ ដោយអំណោយនោះ បានមកពីចំណែកលក់ខុនដូនៅកម្ពុជា។
លោក សុខ ស៊ីផាណា ជាទីប្រឹក្សារដ្ឋាភិបាល និងជាអ្នកជំនាញផ្នែកច្បាប់ បានថ្លែងថា «គោលនយោបាយមួយនេះ ពិតជាបានជម្រុញឲ្យវិនិយោគិនចិន បានបោះទុនដោយផ្ទាល់មកកាន់ប្រទេសកម្ពុជា។ តួយ៉ាង មានការអភិវឌ្ឍន៍ យ៉ាងសម្បើមទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងថាមពល»។
គួរបញ្ជាក់ថា ជាលទ្ធផលគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយនេះ បាននាំឲ្យមានគម្រោងផ្លូវល្បឿនលឿនចំងាយប្រមាណ១៩០គីឡូម៉ែត្រ ដែលតភ្ជាប់ពីខេត្តព្រះសីហនុ មកកាន់ក្រុងភ្នំពេញ ខណៈការវិនិយោគនៅ ក្នុងវិស័យអចលនទ្រព្យនៅ ក្នុងខេត្តព្រះសីហនុ កាន់តែមានកំណើនច្រើនឡើងៗ៕