(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១០៖០០នាទីព្រឹក នឹងបើកកិច្ចប្រជុំលើកទី៣០ នៅព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់លើរបៀបវារៈចំនួន៧។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលានេះបានឲ្យដឹងបន្ថែមថា របៀបវារៈសំខាន់ៗទាំង៧ ដែលនឹងដាក់ក្នុងសម័យប្រជុំលើកទី៣០នោះ រួមមាន៖
១៖ របាយការណ៍ ស្តីពីសកម្មភាពរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចន្លោះសម័យប្រជុំលើកទី២៩ និងលើកទី៣០។
២៖ ពិនិត្យ និងសម្រេច លើកសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
៣៖ ពិនិត្យ និងសម្រេច អំពីការផ្លាស់ប្តូរប្រធាន អនុប្រធាន និងចៅក្រម។
៤៖ ពិគ្រោះយោបល់លើសំណើតែងតាំង ផ្លាស់ប្តូរព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងមួយចំនួន តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
៥៖ ពិនិត្យ និងសម្រេច អំពីការបន្តការងាររបស់ចៅក្រមនៃតុលាការកំពូល១រូប ដែលមានអាយុ៦៥ឆ្នាំ។
៦៖ ពិនិត្យ និងសម្រេច លើសំណើសុំចូលទៅបម្រើការងារវិញរបស់ចៅក្រម១រូប នៃសាលាដំបូងខេត្តកណ្តាល និងសំណើសុំអនុញ្ញាតច្បាប់ទៅបន្តការសិក្សារយៈពេល២ឆ្នាំ របស់ចៅក្រម១រូប នៃសាលាដំបូងខេត្តកំពត។
៧៖ បញ្ហាផ្សេងៗ៕