(ស្វាយរៀង)៖ លោកស្រីកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង បានថ្លែងជំរុញដល់ក្រុមការងារទាំងអស់ ត្រូវបន្តអនុវត្តឱ្យជោគជ័យ នូវកម្មវិធីនយោបាយរបស់រដ្ឋាភិបាល ពិសេសយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ធ្វើកំណែទម្រង់ស៊ីជម្រៅ និងកាត់បន្ថយភាពអសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដោយបន្តការអនុវត្តតាមទិសដៅពាក្យស្លោក «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល»។
លោកស្រីបានថ្លែងជំរុញបែបនេះ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ ខណៈដែលលោកស្រី បានអញ្ជើញចូលរួមប្រជុំបូកសរុប សកម្មភាពការងារ និងការរៀបចំវេទិការសាធារណៈ ប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅសាលប្រជុំសាលាខេត្តស្វាយរៀង ដែលមានមន្ត្រីដែលពាក់ព័ន្ធចូលរួមជាច្រើនរូបផងដែរ។
លោកស្រី ម៉ែន សំអន បានបន្តថា ដើម្បីឱ្យការងាររលូនទៅមុខនៅអាណត្តិទី៦នេះ ក្រុមការងារ ត្រូវជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ ជាមួយប្រជាជននៅមូលដ្ឋានដោយក្តាប់ ឱ្យបានច្បាស់លាស់រាល់ សំណូមពរ ឬសគល់នៃបញ្ហាការប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយជួយសម្រួល និងដោះស្រាយឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿជាក់លើរាជរដ្ឋាភិបាល។
លោកស្រី បានក្រឿនរំលឹកដល់មន្ត្រីមូលដ្ឋាន ត្រូវតាមដានស្តាប់ប្រសាសន៍សុន្ទរកថា របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាទុនចំណេះដឹង និងធ្វើជាមូលដ្ឋាន ដើម្បីឆ្លើយបំភ្លឺដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្មរហ័សវាយបកភ្លាមៗ រាល់ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំង និងត្រូវផ្សព្វផ្សាយអំពីសមិទ្ធិផល និងស្នាដៃរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាពិសេស សម្តេច នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្នុងវិស័យនយោបាយ ការទូត ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច សង្គមកិច្ច និងការងារ កំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
លោកស្រីបានបន្ថែមទៀតថា ត្រូវបង្កើនចំណេះផ្នែកបច្ចេកវិទ្យាព័ត៌មាន IT ជាពិសេសត្រូវចេះប្រើមធ្យោបាយបណ្តាញសង្គម ដោយប្រុងប្រយ័ត្ន និងដោយការត្រិះរិះពិចារណា ដោយសារបច្ចុប្បន្ននេះ ការប្រើប្រាស់ទំនាក់ទំនងតាម Facebook, Email, Line, WhatsApp និង Telegram ជាដើម ដែលសុទ្ធសឹងជាមធ្យោបាយទំនាក់ទំនងកំពុងពេញនិយម និងឆាប់រហ័ស។
ត្រូវជួយចែករំលែក សកម្មភាពរបស់សម្តេចតេជោ តាមហ្វេសបុកឱ្យបានច្រើនបំផុតដូចដែលអាចធ្វើបាន និងត្រូវតបតជា Comment ទៅពន្យល់ពួកជំរុញការផ្សព្វផ្សាយពីសកម្មភាពល្អៗ ដូចជាភាពសិ្នទ្ធស្នាលជាមួយប្រជាជន ការសួរសុខទុក្ខកងទ័ព ការចូលរួមប្រជុំកំពូលនានា ឱ្យបានទូលំទូលាយ។ លើសពីនេះទៀត សកម្មភាពរបស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលក៏ត្រូវផ្សព្វផ្សាយផងដែរ៕