(សៀមរាប)៖ ក្រុមប្រឹក្សានិស្សិតអាស៊ានមកពីប្រទេសជប៉ុន ហៅកាត់ថា ASCOJA ចំនួន៣៥០នាក់ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បាននាំគ្នាដាំកូនឈើជាង៣០០ដើម នៅមុខប្រាសាទបន្ទាយក្តី ក្រោមការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា និងក្រសួងបរិស្ថាន ដើម្បីជាសួនអនុស្សាវរីយ៍ក្នុងឱកាសនៃសន្និបាតលើកទី២៤ នៃ ASCOJA នៅខេត្តសៀមរាប។
លោក វុទ្ធី មុនីរ័ត្ន ប្រធានសមាគមអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុន (JAC) បានថ្លែងថា ព្រឹត្តិការណ៍ដាំដើមឈើនៅក្នុងតំបន់អង្គរនេះ នឹងជួយពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងបណ្តាប្រទេសអាស៊ាន និងជប៉ុន ក៏ដូចជា បានជួយផ្តល់ភាពបៃតងដល់ភពផែនដីថែមទៀត។
លោក សុខ សង្វារ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ក្នុងឱកាសនៃពិធីដាំកូនឈើនេះថា ក្នុងនាមស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា ពិតជាស្វាគមន៍យ៉ាងកក់ក្តៅបំផុត សម្រាប់ដំណើរស្វែងយល់ពីអារ្យធម៌អង្គរ របស់ក្រុមប្រឹក្សានិស្សិតអាស៊ានមកពីប្រទេសជប៉ុន ជាពិសេសការចូលរួមដាំកូនឈើ ដែលជាការរួមចំណែកលើកតម្លៃទេសភាពវប្បធម៌អង្គរ ក៏ដូចជាភាពបៃតងនៃភពផែនដីនៅលើទឹកដីអង្គរ។
លោកបញ្ជាក់ថា ជារៀងរាល់ឆ្នាំអាជ្ញាធរជាតិអប្សរា បានដាំកូនឈើរាប់ម៉ឺនដើមបន្ថែម និងថែរក្សាព្យាបាលដើមឈើធំៗ ដែលមានអាយុកាលរាប់រយឆ្នាំជាប្រចាំ។ ក្រៅពីនេះ អាជ្ញាធរជាតិអប្សរា ក៏បានចែកចាយកូនឈើរាប់ម៉ឺនដើមទៅស្ថាប័នរដ្ឋ និងស្ថាប័នឯកជន វត្តអារាមជារៀងរាល់ឆ្នាំជាដើម ដើម្បីរួមចំណែកក្នុងការការពារបរិស្ថាន។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានអញ្ជើញជាអធិបតីក្នុងពិធីដាំនេះបានបញ្ជាក់ថា កម្មវិធីដាំដើមឈើនៅថ្ងៃនេះជាការល្អប្រសើរបំផុត បង្ហាញពីការខិតខំប្រឹងប្រែងរឹតចំណងសាមគ្គីភាពជាមួយគ្នារវាងកម្ពុជា និងជប៉ុន ក៏ដូចជាអាស៊ាន និងជប៉ុន ហើយបានស្វែងយល់ពីតំបន់ធម្មជាតិប្រវត្តិសាស្រ្ត សម្បត្តិបេកភណ្ឌរបស់ពិភពលោកផងដែរ។
លោករដ្ឋមន្រ្តីបានរំឭកពីកិច្ចការអភិរក្សតំបន់រមណីដ្ឋានធម្មជាតិប្រវត្តិសាស្រ្តអង្គរ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់នេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាននាំយកនូវសុខសន្តិភាពជូនប្រទេស ហើយបង្កើតឱ្យមានឱកាសក្នុងការអភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ តាមរយៈគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ (ICC-Angkor) និងការរីកចម្រើននៃវិស័យទេសចរណ៍។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងសំណល់រឹងរាវ សំរាម និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះឱ្យបានគង់វង្ស ការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិផ្សេងៗ និងទប់ស្កាត់បង្ក្រាបការបរបាញ់ ការជួញដូរសត្វ និងសាច់សត្វដោយខុសច្បាប់៕