(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ព្រមជាមួយភាគីពាក់ព័ន្ធដទៃ នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិលើកទី២ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅអគារនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នាថ្ងៃទី២២ ខែតុលានេះ ក្រោមវត្តមានលោក ហៃ ហ៊ុនឡេង អនុប្រធាន NEA លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញ កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC និងកញ្ញា សៀន សុគន្ធា តំណាងក្រុមហ៊ុន RMA។
សម្រាប់ឆ្នាំ២០១៨នេះ ឱកាសការងារគ្រប់ប្រភេទប្រមាណ២ម៉ឺនកន្លែង ត្រៀមចាំទទួលអ្នកស្វែងរកការងារធ្វើ ដែលផ្ដល់ដោយក្រុមហ៊ុន-សហគ្រាសធំៗជាង១៣០ក្រុមហ៊ុន មកពីវិស័យសំខាន់ដូចជា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ទូរគមនាគមន៍ ការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ កម្មន្ដសាល និងភ្នាក់ងារជ្រើសរើសឯកជនជាដើម ដែលនឹងត្រូវតាំងបង្ហាញនៅក្នុងបញ្ជរសរុប ៣០០ស្ដង់។
ពិព័រណ៍ការងារ និងផលិតភាពជាតិនេះ ត្រូវបានរំពឹងទុកថា មានអ្នកចូលរួមទស្សនាជាង៣ម៉ឺននាក់ ដែលភាគច្រើនជាសិស្ស និស្សិត យុវជន អ្នកស្វែងរកការងារ និងកម្មករនិយោជិតពីគ្រប់វិស័យ។
ក្រៅពីទទួលបានឱកាសការងាររាប់ម៉ឺនកន្លែង អ្នកចូលរួមក៏នឹងទទួលបានព័ត៌មានពីផែនការ តម្រូវការ និងគោលនយោបាយក្នុងការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគត កម្វិធីសិក្សា អាហារូបករណ៍ វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញ។
ព្រឹត្តិការណ៍ដ៏ធំនេះ នឹងរៀបចំផងដែរនូវសិក្ខាសាលាស្ដីពីផលិតភាព ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងពីផលិតភាព ការបង្ហាញអំពីវិធីសាស្ត្របំពេញការងារ គំនិតច្នៃប្រឌិតថ្មីៗ ជំនាញ និងឧបករណ៍បច្ចេកវិទ្យា ស្របតាមការវិវត្តនៃបច្ចេកវិទ្យាក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤ ដែលពឹងផ្អែកជាចម្បងលើប្រប័ន្ធឌីជីថល។
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ គឺជាការជុំវិញយន្តការវេទិការការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដូចបានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីលើកកម្ពស់វិស័យការងារ និងប័ត៌មានទីផ្សារការងារនៅកម្ពុជា ពិសេសសំដៅផ្ដល់ឱកាសការងារទូលំទូលាយដល់កម្លាំងពលកម្ម ទាំងមានជំនាញ និងមិនមានជំនាញ ឱ្យទទួលបាលការងារកាន់តែប្រសើរ ចំណេញពេលវេលា កាត់បន្ថយចំណាយ និងទទួលបានប្រាក់ចំណូលខ្ពស់។
លើសពីនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ក៏រួមចំណែកកាត់បន្ថយគម្លាតរវាងការផ្គត់ផ្គង់ និងតម្រូវការជំនាញនៅក្នុងទីផ្សារការងារ ព្រមទាំងបង្កភាពងាយស្រួលដល់យុវជន ដែលត្រូវឈានចូលទីផ្សារការងារ ក្នុងការទទួលបានការងារ បន្ទាប់ពីបញ្ចប់ការសិក្សានៅកម្រិតឧត្តមសិក្សា ឬជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
ដើម្បីទទួលបានឱកាសការងារ និងការយល់ដឹងអំពីការបង្កើតផលិតភាពការងារ សូមយុវជន សិស្ស និស្សិត អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតទាំងអស់ចូឡរួមទស្សនា និងកុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មកជាមួយ ដើម្បីដាក់ពាក្យស្នើសុំការងារដោយផ្ទាល់ជាមួយនិយោជក ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម៕