(ភ្នំពេញ)៖ មន្ត្រីពីក្រសួងព័ត៌មាន និងអ្នកព័ត៌មានមកពីស្ថាប័នជាច្រើន រួមទាំងអ្នកព័ត៌មានអង្គភាពព័ត៌មាន Fresh News ផងនោះ ត្រូវស្ថានទូតចិនប្រចាំនៅកម្ពុជា សហការជាមួយអាជ្ញាធរចិនរៀបចំដំណើរទស្សនកិច្ច និងយកព័ត៌មាននៅតាមបណ្តាខេត្តមួយចំនួនរបស់ចិន ដើម្បីផ្សព្វផ្សាយ និងស្វែងយល់ពីការអភិវឌ្ឍផ្នែកឧស្សាហកម្ម ប្រព័ន្ធការគ្រប់គ្រង និងវប្បធម៌នៃការរស់នៅរបស់ប្រជាពលរដ្ឋចិនផងដែរ។
ដំណើរទស្សនកិច្ច និងការយកព័ត៌មាននេះ នឹងធ្វើឡើងរយៈពេល១២ថ្ងៃចាប់ពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្នុងដំណើរទស្សនកិច្ចមន្ត្រីព័ត៌មាន និងអ្នកព័ត៌មានកម្ពុជានឹងអញ្ជើញទៅកាន់ក្រុងជាច្រើនក្នុងខេត្តចំនួនពីររបស់ចិន គឺខេត្តក្វាងស៊ី និងខេត្តជាំងស៊ូ។
ទីតាំងរដ្ឋបាល តំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម និងកន្លែងរស់នៅរបស់ប្រជាពលរដ្ឋចិនផង នឹងត្រូវបានបង្ហាញដល់មន្ត្រីព័ត៌មាន និងអ្នកព័ត៌មានរបស់កម្ពុជាក្នុងអំឡុងពេលទស្សនកិច្ចនេះ។
លោក Chen Peihua តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា និងជាអ្នកសម្របសម្រួលដំណើរទស្សនកិច្ច និងយកព័ត៌មាននេះ បានឲ្យដឹងថា កម្មវិធីនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៤មកម្ល៉េះ។ គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង ដើម្បីឲ្យអ្នកព័ត៌មានកម្ពុជាបានស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងរបស់ស្ថាប័នរដ្ឋ និងឯកជនរបស់ចិន ស្វែងយល់ពីការវិនិយោគ ខ្សែសង្វាក់ផលិតកម្មនៅតាមរោងចក្រ សហគ្រាសនានា ទេសចរណ៍ និងការរីកចម្រើនលើប្រព័ន្ធបច្ចេកវិទ្យារបស់ចិនជាដើម រួមទាំងតំបន់វប្បធម៌ និងការរស់នៅរបស់ប្រជាពលរដ្ឋចិនជាដើម។
មន្ត្រីស្ថានទូតចិន មានសុទិដ្ឋិនិយមថា តាមរយៈដំណើរទស្សនកិច្ច និងការផ្សព្វផ្សាយនេះ ជាចំណែកមួយធ្វើប្រើសើរឡើងនូវទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ក៏ដូចជាទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងចិនផងដែរ។
សូមបញ្ជាក់ថា ខេត្តចំនួនពីរដែលមន្ត្រីព័ត៌មាន និងអ្នកព័ត៌មានកម្ពុជានឹងបំពេញទស្សនកិច្ចនេះ គឺជាខេត្តមានការអភិវឌ្ឍរីកចម្រើនទាំងសេដ្ឋកិច្ច និងឧស្សាហកម្ម ហើយជាច្រកសេដ្ឋកិច្ចដ៏សំខាន់របស់ចិន ជាពិសេសពាក់ព័ន្ធទៅនឹងគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវរបស់រដ្ឋាភិបាលចិន ព្រោះជាខេត្តជាប់សមុទ្រ។
ខេត្តក្វាងស៊ី ជាតំបន់ស្វយ័តរបស់ប្រទេសចិន នៅភាគកណ្តាលឈាងខាងត្បូងដែលមានព្រំដែនជាប់ប្រទេសវៀតណាម។ នៅឆ្នាំ២០១៦ ខេត្តនេះមានចំនួនប្រជាជនប្រមាណជា ៥៥លាននាក់។
របាយការណ៍បង្ហាញថា នៅឆ្នាំ២០១១ ខេត្តក្វាងស៊ី ជាខេត្តមានចំណូលសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ ១៨៥.៩ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់ទី១៨ នៅក្នុងប្រទេសចិន។ ប្រជាពលរដ្ឋក្នុងខេត្តនេះមានចំណូលប្រចាំឆ្នាំប្រមាណ ២,៣០០ដុល្លារ។
ដំណាំសំខាន់ក្នុងការក្វាងស៊ីរួមមានស្រូវ ពោត ដំឡូងផ្អែម អំពៅ និងថ្នាំជក់។ ខេត្តនេះមានទំនាក់ទំនងដ៏ល្អប្រសើរលើផ្នែកពាណិជ្ជកម្ម ទេសចរណ៍ និងការអប់រំជាដើមជាមួយប្រទេសកម្ពុជាផងដែរ។
ខេត្តជាំងស៊ូ ជាខេត្តសម្បូរដោយសម្បត្តិធម្មជាតិ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសចិន។ ជាំងស៊ូ ក៏ជាខេត្តគ្រឹះឧស្សាហកម្មដ៏រឹងមាំមួយរបស់ចិនផងដែរ។ នៅក្នុងឆ្នាំ២០១៧ ខេត្តនេះមានចំណូលប្រចាំឆ្នាំរបស់ខ្លួនប្រមាណ ១.២៧ពាន់ពាន់លានដុល្លារអាមេរិក ឈរនៅលំដាប់ទី២ នៃខេត្តដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងរបស់ចិន។ ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់មានប្រមាណ ១៧,១៧៦ដុល្លារអាមេរិក។
ជាំងស៊ូ ក៏ជាខេត្តមានវប្បធម៌យ៉ាងចំណាស់របស់ចិនផងដែរ។ បច្ចុប្បន្នថ្នាក់ដឹកនាំនៃខេត្តជាំងស៊ូ ក៏មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាច្រើនជាមួយនឹងអាជ្ញាធររបស់កម្ពុជាផងដែរ៕