(ក្រចេះ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តក្រចេះ លោក អេង ចំនាប់ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអ្នកផលិតស្រាម្នាក់ នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ «មនុស្សឃាតដោយអចេតនា»។
បើតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោកចៅក្រម អេង ចំនាប់ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកនេះ អ្នកផលិតស្រាដែលត្រូវឃុំខ្លួននេះ ឈ្មោះ កុច សុខហេង អាយុ៣១ឆ្នាំ នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ករណីពុលស្រស នៅតាមឃុំមួយចំនួន ក្នុងស្រុកសំបូរ ខេត្តក្រចេះ បានបណ្តាលឲ្យស្លាប់៥នាក់ ក្នុងនោះមានស្រីម្នាក់ ខណៈប្រជាពលរដ្ឋដែលធ្លាក់ខ្លួនឈឺ បានកើនឡើងរហូតដល់៧៨នាក់។
លោកថា ការកើនឡើងនេះ ដោយសារក្រុមមន្ត្រីជំនាញថ្នាក់ជាតិ និងថ្នាក់ខេត្ត បានចុះដល់មូលដ្ឋានរកឃើញអ្នកពុលស្រា នៅក្នុងភូមិថ្មីបីទៀតឈ្មោះភូមិដកព័រ ឧបសម្ព័ន្ធភូមិជើងពាត ឃុំកោះខ្ញែរ ភូមិកោះរៀល ឃុំសំបូរ និងភូមិកំពង់រទេះ ឃុំបឹងចារ ស្រុកសំបូរ ដែលជាទីតាំងជិតភូមិកើតហេតុចាស់ ហើយបានបញ្ជូនពួកគាត់បន្ថែមទៀតទៅមន្ទីរពេទ្យខេត្ត។ ក្រុមមន្ត្រីជំនាញបានអប់រំប្រជាពលរដ្ឋឲ្យបញ្ឈប់ផឹកស្រាសជាបណ្តោះអាសន្ន ហាមការលក់ និងចែកចាយ និងបិទទីតាំងផលិតស្រាស។
ពាក់ព័ន្ធករណីនេះ មន្រ្តីជំនាញក្រសួងសុខាភិបាល បានសំណូមពរដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរដែនដីត្រូវពង្រឹងការត្រួតពិនិត្យ ការផលិត ការចែកចាយ ការលក់ ស្រាសឲ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ។ ចំពោះប្រជាពលរដ្ឋក៏ត្រូវទិញស្រាស ដែលមានប្រភពច្បាស់លាស់ ផលិតស្រាសតាមបច្ចេកទេសត្រឹមត្រូវ និងមានការត្រួតពិនិត្យពីមន្រ្តីជំនាញ។
សូមបញ្ជាក់ថា ករណីពុលនេះបានកើតឡើងទៅលើប្រជាពលដ្ឋរស់នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ដោយពួកគាត់បានច្រូតស្រូវរួច ហើយបាននាំគ្នាផឹកស្រាសកាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨៕