(តាកែវ)៖ នាយឧត្ដមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកសំរោង ទទួលខុសត្រូវ៨ឃុំ បានដឹកនាំប្រតិភូក្រុមប្រឹក្សាសេដ្ឋកិច្ច កម្ពុជា-កូរ៉េ តាមរយៈមូលនិធិអាកាសចរស៊ីវិល (CAFA) និងភាគីប្រតិភូកូរ៉េ ដឹកនាំដោយលោក គឹម ដូយុង (Kim Dohyung) ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច កម្ពុជា-កូរ៉េ ចុះចែកអំណោយដល់ប្រជាពលរដ្ឋ រស់នៅឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។
ក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋ រស់នៅស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ នាយឧត្ដមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានពាំនាំនូវការផ្តាំផ្ញើពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តេចតែងតែយកចិត្តទុកដាក់ លើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកពីភាពជោគជ័យអំពីព្រឹត្តិការណ៍ថ្មី ដែលសម្តេចតេជោ ហ៊ុន សែន បានបំពេញបេសកកម្មនៅអឺរ៉ុប និងសម្តេចបានប្រកាសគោលជំហរម៉ឺងម៉ាត់ក្នុងរក្សា និងការពារនូវអធិបតេយ្យជាតិ ឯករាជ្យជាតិ បូរណភាពដែនដី និងការអនុវត្តច្បាប់នៅកម្ពុជា មិនខ្លាចនូវការកៀបសង្កត់ពីសំណាក់បរទេស ដែលព្យាយាមការកៀបសង្កត់មកលើកម្ពុជា តាមរយៈជំនួយ និងប្រឆាំងដាច់ខាតចំពោះក្រុមប្រឆាំងនៅបរទេស ដែលព្យាយាមឃប់ឃិតជាមួយបរទេស ប្រឆាំងអធិបតេយ្យភាព និងឯករាជ្យជាតិកម្ពុជា និងអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ត្រូវក្រោកឈរ ដើម្បីការពារអធិបតេយ្យភាព និងការពារឯកភាពជាតិប្រទេសរបស់ខ្លួន។
ជាមួយគ្នានោះ នាយឧត្ដមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ក៏បានប្រកាសនូវការគាំទ្រគោលជំហររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមិនចុះញ៉មជាមួយបរទេស ក្នុងការការពារអធិបតេយ្យភាព និងការពារឯកភាពជាតិប្រទេស។
សូមជម្រាបថា ពិធីចែកអំណោយដល់ប្រជាពលរដ្ឋ រស់នៅឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ខាងលើនេះ រួមមាន៖ វែនតាមនុស្សចាស់៥០០ប្រអប់ ស្មើ២,៥០០វែនតា, ថ្នាំដុះធ្មេញ៥០០ប្រអប់ ស្មើ១,០០០បំពង់, ឡេការពារកំដៅថ្ងៃ ៣,០០០បំពង់, ខោអាវកីឡា៥០កញ្ចប់ មាន២,៥០០កម្លេ៕