(ភ្នំពេញ)៖ ផ្ទុះហិង្សាវាយតបគ្នាមួយប្រាវរបស់ប្រជាពលរដ្ឋ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយអ្នកឈ្នះចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ចាប់ខ្លួនភ្លាមៗ និងអ្នកចាញ់ចំនួន២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យ។
អធិការនគរបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហូ ម៉េងវ៉ាង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២១ ខែតុលា នៅចំណុចមុខផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមលោកវរសេនីយឯក ហូ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ក្រោយមានករណីហិង្សានេះ កម្លាំងសមត្ថកិច្ចរបស់លោកបានឃាត់ខ្លួន ជនសង្ស័យចំនួន៥នាក់ ទី១៖ឈ្មោះ ទី សាវឿន អាយុ៥៤ឆ្នាំ (មានសារធាតុញៀន) របួសរលាត់ម្រាមដៃខាងឆ្វេង, ទី២៖ឈ្មោះ ងួន ដា អាយុ២៧ឆ្នាំ (មានសារធាតុញៀន), ទី៣៖ឈ្មោះ រស់ នី ភេទស្រី អាយុ៤៦ឆ្នាំ (មានសារធាតុញៀន), ទី៤៖ឈ្មោះ រស់ ស៊ីនួន អាយុ៣៨ឆ្នាំ (មានសារធាតុញៀន) និងទី៥៖ឈ្មោះ ទី ព្រលឹង អាយុ១៩ឆ្នាំ (មានសារធាតុញៀន)។
ចំណែកភាគីអ្នកចាញ់ មានគ្នាត្រឹមតែ២នាក់ ទី១៖ឈ្មោះ ជា សុខកយ អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូកង់បី (មានសារធាតុញៀន) និងទី២៖ឈ្មោះ ឡូញ សុខឡេង អាយុ៣៩ឆ្នាំ មុខរបរមេការសំណង់ (មានសារធាតុញៀន) របួសក្បាលខាងក្រោយចំហៀងខាងស្តាំ កំពុងសម្រាកព្យាបាលមន្ទីពេទ្យព្រះកុសមៈ។
លោកអធិការបានបញ្ជាក់ទៀតថា មុនពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានទទួលព័ត៌មានថា នៅចំណុចខាងលើមានករណីវាយតប់គ្នា ទៅវិញទៅមកបណ្តាឲ្យមានរបួស ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះដល់ និងបាននាំខ្លួនជនសង្ស័យទាំង០៦នាក់ ខាងលើយកមកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ចំណែកឈ្មោះ ហៀង បានរត់គេចខ្លួនក្រោយបង្កហេតុរួច។
ក្រោយកើតហេតុសមត្ថកិច្ចដកហូតបាន សម្ភារបន្សល់ទុក រួមមាន ម៉ូតូចំនួន០១គ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ៖ រ0909-ភព១, ដែកគាស់ចំនួន០១ និងដុំឥដ្ឋធ្វីពីស៊ីម៉ង់ចំនួន០១ដុំ។ បច្ចុប្បន្នក្រុមជនបង្កកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់៕