(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកា សៀងសាន លើកទី៨ «8Th Beijing Xiangshan Forum» នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន រយៈពេល៦ថ្ងៃ។
ការអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិនរបស់សម្តេចពិជ័យសេនា ទៀបាញ់ ធ្វើឡើងពីថ្ងៃទី២២ ដល់២៤ ខែតុលា ឆ្នាំ២០១៨។ ចំណែកវេទិកាសៀងសាន លើកទី៨ ដែលសម្ដេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញចូលរួមនោះ នឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ ក្នុងនោះសម្ដេចនឹងថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំពេញអង្គស្ដីពី «បញ្ហាប្រឈម និងកិច្ចសហប្រតិបត្តិការរក្សាសន្ដិភាព អង្គការសហប្រជាជាតិ» ផងដែរ។
ការអញ្ជើញទៅបំពេញទស្សនកិច្ចរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ (WEI FENGHE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា វេទិកា Xiangshan ប៉េកាំង លើកទី៨ (8Th Beijing Xiangshan Forum) ត្រូវបានរៀបចំឡើង ក្រោមប្រធានបទ ការកសាងសមភាព និងការជឿទុកចិត្តគ្នា ទៅវិញទៅមក ទំនាក់ទំនងភាពជាដៃគូសន្តិសុខថ្មីមួយ នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នឹងផ្តោតលើការពិភាក្សាផ្លាស់ប្តូរពីវិធីសាស្រ្តថ្មី ទស្សនៈថ្មីនៃការគ្រប់គ្រងសន្តិសុខអន្ដរជាតិ ការគំរាមកំហែង និងការទប់ទល់ទៅនឹងភេរវកម្ម រួមទាំងកិច្ចសហប្រតិបត្តិការ និងបញ្ហាប្រឈមមួយចំនួនទៀត។
វេទិកានេះ នឹងមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំយោធា និងក្រសួង-ស្ថាប័នការពារជាតិជិត១០០ប្រទេស មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប ទ្វីបអាហ្រ្វិក អាមេរិកឡាទីន ព្រមទាំងអង្គការអន្ដរជាតិ អ្នកប្រាជ្ញ អ្នកជំនាញបញ្ញវន្តល្បីៗផងដែរ៕