(តួកគី)៖ បន្ទាប់ពីបញ្ចប់នូវជំនួបកំពូល ជាប្រវត្តិសាស្រ្តជាមួយប្រធានាធីបតីតួកគីរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ អញ្ជើញទស្សនាព្រះវិហារឥស្លាមដ៏មានប្រជាប្រិយនិងចំណាស់បំផុត ក្នុងទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី។
នៅផ្លូវចូលទៅព្រះវិហារ សម្តេចតេជោ ហ៊ុន សែន បានទទួលទានពោតដុតមួយ ដោយសារតែមានរសជាតិឆ្ងាញ់ សម្តេចតេជោ បានស្នើសុំពូជពោតនោះមកសាកល្បងដាំនៅកម្ពុជា។
សម្តេចបានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «ទស្សនកិច្ចនៅទួគី ខ្ញុំសាកល្បងរសជាតិនៃពោតដុត ដែលបុរសលក់ពោតដុតបានលក់ នៅតាមផ្លូវចូលទៅព្រះវិហារមួយ ដែលមានវ័យចំណាស់ជាង៤០០ឆ្នាំ។ ខ្ញុំទទួលទានពោតដុតអស់មួយ ជាមួយសំណើចលេងសើចរបស់មន្ត្រីកម្ពុជា និងមន្ត្រីតួកគីប្រកបដោយមិត្តភាពបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀមចំនួន៨ដែលខ្ញុំ និងប្រធានាធិបតីយតួកគីឯកភាពគ្នា។ ក្នុងពេលបាយជាមួយអភិបាលក្រុងអ៊ីស្តាំប៊ុល ខ្ញុំបានសុំពូជពោតយកទៅដាំសាកល្បងនៅកម្ពុជា ព្រោះរសជាតិពោតនេះពិតជាឆ្ងាញ់ និងមានផ្លែធំ។ ពេលមើលរូបថតខ្ញុំទទួលទានពោត សុំមើលតែពោតបានហើយកុំមើលក្បាលពោះខ្ញុំដែលវាធំប្លែកខុសធម្មតា»។
សូមជម្រាបថា ព្រះវិហារឥស្លាមដែលសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូទស្សនានេះ គឺជាព្រះវិហារដែលមាន វ័យចំណាស់មួយ ក្នុងចំណោមព្រះវិហារវ័យចំណាស់ជាច្រើនទៀត ក្នុងទីក្រុងអីស្តានប៊ុល ដែលត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
បើតាមការអះអាងពីក្រុមប្រឹក្សាព្រះវិហារបានឲ្យដឹកថា ក្នុងមួយឆ្នាំៗមានសាសនិកឥស្លាមមកពីគ្រប់ទិសទី ក្នុងទីក្រុងអីស្តានប៊ុល ក៏ដូចជាសាសនិកមកពីទីជិតឆ្ងាយទាំងក្នុងក្រៅប្រទេស ប្រមាណ៦លាននាក់ បានអញ្ជើញទៅចូលរួមថ្វាយបង្គុំ ក្នុងព្រះវិហារនេះ។
នៅក្នុងឱកាសនៃការអញ្ជើញទស្សនាព្រះវិហារឥស្លាម ដ៏មានវ័យចំណាស់នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានតាមដានស្តាប់យ៉ាងយកចិត្តទុកដាក់ ពីការពន្យល់ណែនាំពីថ្នាក់ដឹកនាំព្រះវិហារ ដូចជាការអភិរក្សថែរក្សាការពារ ពិសេសព្រះវិហារនេះ គឺជាសម្បត្តិគរុភណ្ឌដ៏មានតម្លៃបំផុតរបស់ប្រជាពលរដ្ឋតួកគីដែលបាន ស្ថាបនាដ៏យូរលង់ណាស់មកហើយ។
សូមបញ្ជាក់ដែរថា បន្ទាប់ពីភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៤ កម្ពុជា និងតួកគី មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជា មួយយ៉ាងរស់រវើក ពិសេសប្រទេសទាំងពីរធ្លាប់បានជួយគ្នា នៅលើឆាកអន្តរជាតិ ក្នុងក្របខណ្ឌ ពហុភាគី កម្ពុជាបានគាំទ្របេក្ខភាពតួកគី នៅក្នុងក្រុមប្រឹក្សាសហព័ន្ធទូរគមនាគមន៍អន្តរជាតិ សម្រាប់អាណត្តិឆ្នាំ២០១៩-២០២០។ អនុគណៈកម្មការ ស្តីពីការទប់ស្កាត់ទារុណកម្មសម្រាប់ អាណត្តិឆ្នាំ២០១៩-២០២០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះតួកគីបានគាំទ្រកម្ពុជា ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម សម្រាប់អាណត្តិឆ្នាំ២០១៩ និងជាអ្នកសង្កេតការណ៍ ក្នុងអង្គការកិច្ចសហប្រតិបត្តិការឥស្លាម។
បន្ទាប់ពីបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាក្នុងឆ្នាំ១៩៩៤ កម្ពុជា និងតួកគី បានបង្កើតនូវក្រុមមិត្តភាពសភាកម្ពុជាតួកគី នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ ជាមួយគ្នានេះបច្ចុប្បន្នមាននិស្សិតកម្ពុជាចំណួន៦៨នាក់ កំពុងសិក្សានៅប្រទេសតួកគី និងមានប្រជាពលរដ្ឋតួកគី ប្រមាណ២៥០នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា៕