(ភ្នំពេញ)៖ បច្ចុប្បន្ននេះការជួញដូរលើ ឧបករណ៍និស្សន្ទនៅកម្ពុជា កំពុងតែមានការទទួលស្គាល់ច្រើន និងទូលំទូលាយ ហើយក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទទាំងក្នុង និងក្រៅប្រទេសត្រូវបានបង្កើតឡើង ដើម្បីផ្ដល់សេវាជួញដូរ លើផលិតផលហិរញ្ញវត្ថុថ្មីនេះ ដល់វិនិយោគិនកម្ពុជាដើម្បីឲ្យពួកគេ អាចធ្វើពិពិធកម្មជម្រើសនៃការវិនិយោគ។
ក្នុងចំណោមក្រុមហ៊ុនទាំងនោះក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានចូលរួមយ៉ាងសកម្ម ក្នុងការលើកស្ទួយទីផ្សារហិរញ្ញវត្ថុស្របច្បាប់ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិរបស់គណៈកម្មការមូលបត្រកម្ពុជា នាំយកបទដ្ឋានជួញដូរអន្តរជាតិ ក៏ដូចជាចែករំលែកនូវធនធានជាច្រើន ដែលនាំឱ្យក្រុមហ៊ុនមួយនេះ ត្រូវបានគេចាត់ទុកជាអ្នកត្រួសត្រាយផ្លូវ នៅក្នុងទីផ្សារហិរញ្ញវត្ថុ។
លោកស្រី Monisa Yang អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងជាអ្នកជំនាញលើវិស័យហិរញ្ញវត្ថុ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News អំពីបទពិសោធន៍នានា ដែលលោកស្រីធ្លាប់បានឆ្លងកាត់ និងទទួលបានជោគជ័យរហូតដល់បច្ចុប្បន្ន។
លោកស្រី Monisa Yang បានថ្លែងថា «លើឆាកអន្ដរជាតិនាងខ្ញុំបានចូលរួមក្នុងសិក្ខាសាលា និងព្រឹត្តិការណ៍ធំៗជាច្រើនរួមមាន៖ ទីក្រុងហុងកុងព្រមទាំងបណ្ដាខេត្តផ្សេងៗនៃប្រទេសចិន និងប្រទេសនៅតំបន់អាស៊ី និងអឺរ៉ុប។ នាងខ្ញុំបានជួបវិនិយោគិនរាប់ពាន់នាក់មក និងបានធ្វើការជាមួយអ្នកជំនាញជាច្រើន ព្រមទាំងបានចូលរួម ចែករំលែកបទពិសោធន៍ទៅវិញទៅមកថែមទៀតផង»។
លោកស្រីឲ្យដឹងទៀតថា «លើសពីនេះនាងខ្ញុំបានចែករំលែក ក៏ដូចជាអប់រំដល់វិនិយោគិន និងណែនាំពួកគាត់ជាបន្តបន្ទាប់ ដើម្បីឲ្យយល់ដឹងពីទីផ្សារហិរញ្ញវត្ថុលើគ្រប់ទិដ្ឋភាពទាំងអស់ ហើយអាចធ្វើការវិនិយោគប្រកបដោយជោគជ័យ។ តាមរយៈបទពិសោធន៍ដែលខ្ញុំ ឈរលើវិស័យនេះជាច្រើនឆ្នាំ ខ្ញុំយល់ថាទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា កំពុងវិវឌ្ឍទៅរកភាពចាស់ទុំ និងត្រូវនឹងស្តង់ដារអន្តរជាតិ»។
លោកស្រីបន្ដទៀតថា «ខ្ញុំគិតថាស្ថានភាពបច្ចុប្បន្ន នៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា កំពុងបន្តរីកលូតលាស់ឥតឈប់ ហើយមានសាធារណៈកាន់តែច្រើន ពិសេសវិនិយោគិនបានដឹង និងទទួលបានបទពិសោធន៍នៃការជួញដូរពិតប្រាកដ។ ខ្ញុំជឿជាក់ថាវិស័យនេះនឹងបន្តរីកចម្រើន ដោយសារតែផលិតផលកាន់តែច្រើន និងសេវាកម្មល្អប្រសើរត្រូវបានផ្តល់ជូន ស្របជាមួយនឹងការអប់រំដ៏ត្រឹមត្រូវ តាមរយៈវេទិកា និងសិក្ខាសាលាផ្សេងៗ កន្លងមកយើងបានឃើញក្រុមហ៊ុនជាច្រើន ទទួលបានអាជ្ញាបណ្ណពីគណៈកម្មាការមូលបត្រកម្ពុជា មានន័យថាទីផ្សារនឹងកាន់តែរឹងមាំបន្ថែមទៀត»។
លោកស្រីបានបញ្ជាក់បន្ថែមថា ក្នុងវិស័យឧបករណ៍និស្សន្ទ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានសម្រេចកិច្ចការជាច្រើន ដែលអាចនិយាយបានថា ការអប់រំវិនិយោគិនដែលគ្មាន និងមានបទពិសោធន៍តិចតួច នៅលើទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា មិនមែនជារឿងមិនងាយស្រួលទេ ប៉ុន្តែពួកយើងរីករាយនឹងធ្វើ។
លោកស្រីថា ពួកយើងសប្បាយចិត្តពេលបានឃើញថា វិនិយោគិនក្នុងស្រុកកាន់តែច្រើន ចង់រៀនចង់ដឹងអំពីវិស័យនេះ។ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង តែងតែបំពេញបេសកកម្ម ក្នុងការបង្កើតប្រវត្តិសាស្ត្រនៅកម្ពុជា តាមរយៈការលើកកម្ពស់ទីផ្សារស្របច្បាប់ និងការជំរុញប្រតិបត្តិការសេដ្ឋកិច្ច។ ប្រជាជនកម្ពុជាសមនឹងទទួលបាន ការអនុវត្តន៍ការជួញដូរដែលមានស្តង់ដារ និងចំណេះដឹងទាក់ទងនឹងឧបករណ៍និស្សន្ទ និងប្រើប្រាស់ជំនាញវិនិយោគ ដើម្បីបង្កើតជីវិតដែលមានភាពសម្បូរសប្បាយ។
លោកស្រីបន្ដទៀតថា កន្លងទៅក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានចុះអនុស្សរណៈយោគយល់គ្នាមួយ ជាមួយសមាគមអចលនទ្រព្យមួយ ការដែលជ្រើសរើយកស្ថាប័ន ដែលមិនស្ថិតក្នុងវិស័យហិរញ្ញវត្ថុជាដៃគូមកពីកត្តាដូចជា៖
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានសហការជាមួយស្ថាប័នជាច្រើន ទាំងក្នុងវិស័យហិរញ្ញវត្ថុ និងក្រៅវិស័យហិរញ្ញវត្ថុ ដូច្នេះនេះមិនមែនជារឿងគួរភ្ញាក់ផ្អើលទេ សម្រាប់ជំហរពាណិជ្ជកម្មអន្តរជាតិ ដែលក្រុមហ៊ុនបានចុះហត្ថលេខាជាមួយ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា ដែលជាស្ថាប័នអចលនទ្រព្យដ៏ធំមួយនេះ។
លោកស្រីថា ដូចដែលបានជំរាបខាងលើក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការផ្តល់ការអប់រំដល់វិនិយោគិន ដូច្នេះតាមរយៈការសហការជិតស្និត ជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា យើងអាចប្រើប្រាស់ភាពខ្លាំងរួមគ្នា ដើម្បីចែករំលែកចំណេះដឹង និងជំនាញឯកទេសដល់មូលដ្ឋានអ្នកគាំទ្រដ៏ទូលំទូលាយ និងទូទាំងប្រទេសកម្ពុជា។
លើសពីនេះ ក្រុមហ៊ុនក៏មានបំណងលើកកម្ពស់ការយល់ដឹង ជាសាធារណៈអំពីអត្ថប្រយោជន៍នៃការធ្វើ ការវិនិយោគផ្សេងៗគ្នាមានន័យថា អតិថិជនអាចធ្វើពិពិធកម្មបណ្ដុំ នៃការវិនិយោគរបស់ពួកគេ ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនផលចំណេញលើការវិនិយោគឲ្យកាន់តែប្រសើរឡើង។ លោកស្រីបញ្ជាក់បន្ថែម។
ដូចដែលបានបញ្ជាក់ខាងលើ យើងបានឃើញថា មានលទ្ធផលសំខាន់ជាច្រើនដែលត្រូវបានបង្កើតឡើងដោយលោកស្រី និងក្រុមហ៊ុនរបស់លោកស្រី។ តើអ្វីជាផែនការរបស់លោកស្រីសម្រាប់ពេលអនាគត?
លោកស្រីបន្ដទៀតថា ការឈរជើងលើទីផ្សារនេះបានធ្វើឲ្យ ក្រុមហ៊ុនទទួលបានជោគជ័យខ្លាំង។ លោកស្រីថា «ជាផែនការរបស់ខ្ញុំ និងក្រុមហ៊ុនទៅថ្ងៃអនាគត គឺពួកយើងនឹងបន្ដអប់រំប្រជាជនកម្ពុជា លើតថភាពនៃវិស័យឧបករណ៍និស្សន្ទ និងរបៀបទាញយកអត្ថប្រយោជន៍ ដំណើរការនៃការអប់រំ នឹងធ្វើឡើងមិនត្រឹមតែ នៅរាជធានីភ្នំពេញប៉ុណ្ណោះទេ តែនឹងបន្ដចែករំលែកទៅតាមបណ្ដាខេត្តផ្សេងៗថែមទៀតផង»។
លោកស្រីបញ្ជាក់ថា ការខិតខំរបស់ក្រុមហ៊ុននេះគឺ ដើម្បីឱ្យវិនិយោគិនដែលមានបំណងវិនិយោគ និងបង្កើនប្រាក់ចំណូល មានភាពងាយស្រួល ក្នុងការស្វែងរកព័ត៌មានពីការវិនិយោគ និងទទួលបានការបណ្តុះបណ្តាល។ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង នឹងធ្វើសិក្ខាសាលាជាមួយគណៈកម្មការមូលបត្រកម្ពុជាក្នុងខេត្តចំនួន៥ ដើម្បីលើកកម្ពស់ការយល់ដឹង លើវិស័យឧបករណ៍និស្សន្ទ និងផ្សព្វផ្សាយការវិនិយោគផ្នែកហិរញ្ញវត្ថុនេះ ទៅកាន់គ្រប់ផ្នែកទាំងអស់ក្នុងប្រទេសកម្ពុជា។
លើសពីនេះក្រុមហ៊ុននឹងបង្ហាញពីទីផ្សារ ក្នុងស្រុកទៅកាន់ឆាកអន្តរជាតិ ដើម្បីទទួលបានអ្នកចូលរួមកាន់តែច្រើនឡើងៗ ដូច្នេះបច្ចេកវិទ្យាចុងក្រោយ និងស្តង់ដារនៃការអនុវត្តជាលក្ខណៈអន្ដរជាតិ នឹងត្រូវបាននាំមកកម្ពុជាក្នុងឆ្នាំនេះ។ យើងបានបង្ហាញពីទីផ្សារ ឧបករណ៍និស្សន្ទកម្ពុជានៅពិព័រណ៍ iFX Expo ដែលជាពិព័រណ៍ហិរញ្ញវត្ថុអន្តរជាតិ នៅទីក្រុងហុងកុង និងប្រទេសសាយប្រឺស ហើយនឹងបង្ហាញទីផ្សារឧបករណ៍និស្សន្ទកម្ពុជានេះ នៅទីក្រុងឡុងដ៍នាចុងឆ្នាំនេះ។ អ្នកស្រីបញ្ជាក់បន្ថែម។
លោកស្រីបានបញ្ជាក់ថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ និងដៃគូពាណិជ្ជកម្មទាំងអស់ចំពោះទំនុកចិត្តខ្ពស់ របស់ពួកគេលើក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងសូមថ្លែងអំណរគុណ ដល់គណៈកម្មការមូលបត្រកម្ពុជា សម្រាប់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ យើងទាំងអស់គ្នា នឹងប្ដេជ្ញាឆ្លងកាត់ដំណើរការដ៏អស្ចារ្យ ជាមួយនឹងកិច្ចសហប្រតិបត្តិការល្អ នោះទីផ្សារឧបករណ៍និស្សន្ទ នឹងបន្តរីកចម្រើន»៕