(តួកគី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ បានថ្លែងផ្ដាំផ្ញើឲ្យនិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសតួកគី ត្រូវបន្ដយកចិត្តទុកខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកចំណេះវិជ្ជាទាំងអស់នោះ មកអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយត្រូវតែគោពច្បាប់ទម្លាប់របស់ប្រទេសតួកគីឲ្យបានល្អប្រសើរ។
ការថ្លែងផ្ដាំផ្ញើបែបនេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសមាគមនិស្សិតខ្មែរសិក្សានៅប្រទេសតួកគី នាទីក្រុងអ៉ីស្តានប៊ុល នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ។
ក្នុងពិធីនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អ្នកទាំងឡាយត្រូវប្រឹងប្រែងរៀនសូត្រ ហើយគោរពច្បាប់ទម្លាប់ក្នុងប្រទេសនេះ សូមកុំចូលពាក់ព័ន្ធជាមួយនឹងអ្នកណា បក្សនយោបាយណា គឺត្រូវអនុវត្ដច្បាប់របស់ប្រទេសតួកគី ហើយរដ្ឋាភិបាលតួកគី កំពុងតែគ្រប់គ្រងប្រទេស ធ្វើទៅតាមរដ្ឋាភិបាលរបស់តួកគីទៅល្អណាស់ហើយ»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា សម្រាប់នៅក្នុងប្រទេសកម្ពុជា គឺជារឿងរបស់យើង ប៉ុន្ដែសម្រាប់នៅទីនេះ យើងអត់មានសិទ្ធិទៅគាំទ្រ បោះឆ្នោតឲ្យបក្សនេះ បក្សនោះ នោះទេ ដូច្នេះយើងមិនចាំបាច់ខ្វាយខ្វល់នោះទេ យើងត្រូវឈរនៅលើស្ថានភាពមួយ ដែលគាំទ្ររាជរដ្ឋាភិបាលរបស់ប្រទេសយើង។
ជាមួយគ្នានេះ នាយករដ្ឋមន្ដ្រីកម្ពុជា ក៏បានធ្វើការផ្ដាំផ្ញើឲ្យនិស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ យកភាសាឲ្យបាន២ ទៅ៣ភាសា ជាពិសេសភាសាអង់គ្លេស ព្រោះថា នៅក្នុងឆ្នាំ២០២០ខាងមុខនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុប ដែលត្រូវការអ្នកចេះភាសាជាច្រើនរូប។
សម្តេចតេជោ ហ៊ុន សែន បានជូនពរឲ្យនិស្សិតខ្មែរទាំងអស់ ដែលសិក្សានៅប្រទេសតួកគី ទទួលបានជោគជ័យក្នុងការសិក្សា សុខភាពល្អ និងត្រឡប់ទៅប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព។ ក្នុងកិច្ចជួបសំណេះសំណាលនេះ សម្ដេចតេជោ ក៏បានឧបត្ថម្ភជាថវិកា ជូននិស្សិតទាំង៦៨នាក់ ក្នុងម្នាក់ៗទទួលបាន ៥០០ដុល្លារអាមេរិកផងដែរ៕