Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ ព្រលានយន្តហោះថ្មីមួយ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងសាងសង់ឡើងក្នុងពេលឆាប់ៗ សម្រាប់ការហោះហើរក្នុងស្រុក !

21-10-2018 17:59

(បន្ទាយមានជ័យ)៖ ព្រលានយន្ដហោះថ្មីមួយ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងចាប់ផ្ដើមសាងសង់ឡើង នៅក្នុងពេលឆាប់ៗខាងនេះ ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ៥០លានដុល្លារអាមេរិក ដើម្បីដឹកជញ្ជូនអ្នកដំណើរក្នុងស្រុក។

បញ្ជាក់ប្រាប់មកអង្គភាព Fresh News នាល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ចំពោះការសាងសង់ព្រលានយន្ដហោះថ្មី នៅក្នុងក្រុងប៉ោយប៉ែត រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលការណ៍អនុញ្ញាត ឲ្យក្រុមហ៊ុន «PoyPet Arport Investment» ដែលជាក្រុមហ៊ុនវិនិយោគ សាងសង់ព្រលានយន្តហោះនេះ រួចរាល់ហើយ។

លោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ទៀតថា គម្រោងព្រលានយន្តហោះនេះ នឹងសាងសង់ឡើង លើផ្ទៃដីប្រមាណជាង១០០ហិកតា។ ចំពោះទំហំទឹកប្រាក់វិញ អាចចំណាយទឹកប្រាក់ ចំនួនចន្លោះពី៤០ ទៅ៥០លានដុល្លារអាមេរិក។

ដោយឡែកចំពោះទីតាំងព្រលានយន្តហោះថ្មី នៅក្រុងប៉ោយប៉ែតនេះ លោក ស៊ិន ចាន់សិរីវុត្ថា បានមិនទាន់អាចបញ្ជាក់ទីតាំងនៅកន្លែងណាមួយ នៅឡើយនោះទេ ប៉ុន្ដែលោកបានអះអាងថា ព្រលានយន្តហោះថ្មីនេះ អាចស្ថិតនៅទីតាំងព្រលានយន្តហោះចាស់ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា នៅពេលដែលសាងសង់រួចហើយ ព្រលានយន្តហោះថ្មីនេះ នឹងក្លាយជាព្រលានយន្តហោះ សម្រាប់ចុះចតយន្តហោះក្នុងស្រុក។

លោកបានបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន «PoyPet Arport Investment» ក៏នឹងរៀបចំតំបន់ឧស្សាហកម្មសេដ្ឋកិច្ច ជាប់នឹងទីតាំងនោះផងដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិ ឲ្យក្រុមហ៊ុនវិនិយោគសាងសង់ ព្រលានយន្តហោះថ្មីចំនួន៣ទីតាំងរួមមាន៖ ព្រលានយន្តហោះភ្នំពេញ ស្ថិតនៅខេត្តកណ្តាល, ព្រលានយន្តហោះសៀមរាប និងព្រលានយន្តហោះខេត្តកោះកុង៕