(កណ្តាល)៖ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្ការរាល់បញ្ហាដែលកើតឡើងនានា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅក្រុងតាខ្មៅ អាជ្ញាធរខេត្តកណ្តាល បានត្រៀមកងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងជំនាញនានាៗចំនួន ៦២៥នាក់ ព្រមទាំងបានរៀបចំសណ្តាប់ធ្នាប់តាមផ្លូវនៅទូទាំងក្រុងតាខ្មៅ និងបានរៀបចំកែលម្អសួនច្បារមាត់ទន្លេឱ្យមានបរិស្ថានល្អ តាំងលម្អភ្លើងតាមដងផ្លូវផងដែរ។
បើមន្ត្រីសាលាខេត្តកណ្តាល បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅក្រុងតាខ្មៅនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០១៨។
ក្នុងចំណោមកម្លាំងសមត្ថកិច្ចទាំង ៦២៥នាក់នោះ រួមមាន៖ កម្លាំងនគរបាល ៣១៥នាក់ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ១៧៩នាក់ កម្លាំងសឹករងខេត្តកណ្តាល ៤៥នាក់ មន្ត្រីសុខាភិបាល ២៥នាក់ សហការជាមួយយោធភូមិភាគពិសេស ៥៣នាក់ និងបានត្រៀមរថយន្តសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យ។
ប្រភពបានបន្តថា កម្លាំងទាំងអស់បានបែងចែកតាមគោលដៅចំនួន ៤កន្លែង ដូចជា ទី១.នៅលើកំណាត់ផ្លូវ១០៨ (ខាងត្បូងវិទ្យាល័យសេរីភាព) និងកំណាត់ផ្លូវ១០៩, ទី២.ក្នុងវិទ្យាល័យសេរីភាព, ទី៣.នៅដីឡូត៍ អតីតអង្គភាពស្ពានថ្នល់, ទី៤.ផ្លូវ២០៨ ខាងក្រោយគរុកោសល្យខេត្ត។
ចំណែកការបិទ និងបើកបញ្ជៀសទិសដៅចរាចរណ៍ គឺអាជ្ញាធរខេត្តនឹងអនុវត្តតាមវិធានការ៖ មកពីជើងលំហូរតាមផ្លូវលេខ២ មករង្វង់មូលតាខ្មៅ អាចទៅលិចផ្លូវលេខ២ និងទៅត្បូងផ្លូវលេខ២១បេ ចំណែកមកពីត្បូងផ្លូវលេខ២១បេ អាចលំហូរត្រង់មកជើង ឬបែកទៅកើត និងលិចតាមផ្លូវលេខ១១៥។
មន្ត្រីដដែលបានបន្តថា ចំណែកកំពង់ចម្លងចំពុះក្អែកមិនអនុញ្ញាតឱ្យចម្លងឡើយ ដោយបញ្ជៀសឱ្យទៅតាមផ្លូវលេខ១១០ និងផ្លូវលេខ១០៧ ក៏មិនអនុញ្ញាតឱ្យធ្វើដំណើរដែរ ចំពោះមធ្យោបាយយានយន្ត គឺលំហូរទៅតាមផ្លូវលេខ២០៦។ ក្រៅពីនេះ គេនឹងបិទជុំវិញបរិវេណប្រារព្ធពិធី លើកលែងតែអ្នកថ្មើរជើងដែលចូលទស្សនាកម្សាន្តនៅក្នុងពិធីតែប៉ុណ្ណោះ៕