(ភ្នំពេញ)៖ ក្នុងឱកាសប្រកួតប្រជែងស្នាដៃច្នៃប្រឌិតសម្ភារ: និងឧបករណ៍មួយចំនួន ដោយប្រើបំពង់ទីបជ័រ យុវជនកម្ពុជា បាននាំគ្នាច្នៃប្រឌិតយ៉ាងល្អប្រណិត ទាំងផែនទីកម្ពុជា រនាត ចានស្រាក់ ក្ងោក និងសម្ភារ:ផ្សេងៗ ។
ក្នុងពិធីប្រគល់ពានរង្វាន់ជូនជ័យលាភីដែលបានឈ្នះក្នុងការប្រកួតប្រជែងនេះ នៅពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ លោក ម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថា សកម្មភាពរបស់យុវជនដែលបានកែច្នៃ ដោយយកបំពង់ទីបជ័រធ្វើជារូបរាងផ្សេងៗ គឺជាការបង្ហាញឲ្យឃើញថា យុវជនកម្ពុជា កាន់តែមានសមត្ថភាពខ្ពស់ឡើងៗ ហើយក៏ជាឱកាសល្អ ក្នុងការកសាងប្រទេសជាមួយនឹងធនធានមនុស្សដែលមានសមត្ថភាពបែបនេះ ។
លោបន្តថា សកម្មភាពនេះ អាចកើតឡើងបានដោយសារតែមានការចូលរួមនិងគាំទ្រពី ក្រុមហ៊ុនឯកជន ដូចជាក្រុមហ៊ុន យូភីជី ផាយន៍នេះជាដើម ដែលបានផ្ដល់សម្ភារៈបំពង់ទីប និងប្រាក់លើកទឹកចិត្តដល់បេក្ខជនជ័យលាភី ។យ៉ាងណាក៏ដោយសម្រាប់បេក្ខជនដែលមិនបានទទួលជ័យលាភីសូមកុំអន់ចិត្ត ហើយបន្តអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិយើងទាំងមូលផងដែរ។
លោកឧកញ៉ា ឈុន ចេតនា អគ្គនាយកក្រុមហ៊ុន យូភីជី ផាយន៍ ដែលជាក្រុមហ៊ុនចែកចាយបំពង់ទីបជ័រសញ្ញាឥន្ទ្រីនិងជាអ្នកផ្ដួចផ្ដើមរៀបចំការប្រកួតប្រជែងស្នាដៃច្នៃប្រឌិតនេះឡើង បានថ្លែងថា ការបង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណងបណ្ដុះគំនិតដល់យុវជនកម្ពុជា ឲ្យមានភាពក្លាហាន និងយកនូវជំនាញរបស់ខ្លួន មកបង្ហាញដល់សាធារណជន ។
លោកបន្តថា អ្វីដែលពិសេសនោះ គឺឲ្យយុវជនចេះប្រើប្រាស់ពេលវេលា ដែលទំនេរធ្វើអ្វីដែលមានប្រយោជន៍ជាជាង យកពេលទំនេរទៅធ្វើរឿងផ្ដេសផ្ដាស់ ដូចជានាំគ្នាសេពគ្រឿងញៀន និងដើរអត់ប្រយោជន៍ជាដើម ។
លោកឧកញ៉ាបន្តថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងម្ដងរួចមកហើយ ហើយនេះក៏មិនមែនជាលើកចុងក្រោយដែរ សម្រាប់ការរៀបចំឲ្យមានការប្រកួតប្រជែងស្នាដៃបែបនេះ ដែលវាក៏អាចបង្ហាញពីការយកចិត្តទុករបស់ក្រុមហ៊ុន លើកិច្ចការសង្គម ជាជាងគិតតែប្រាក់ចំណេញនោះទេ ។
គួរបញ្ជាក់ថាសម្រាប់បេក្ខជនជ័យលាភីលេខ១ទទួលបានទឹកប្រាក់៥លានរៀល ពីក្រុមហ៊ុនបំពង់ទីបជ័រសញ្ញា ឥន្ទ្រីនិងពានមួយ ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់៣លានរៀល និងពាន១ និងជ័យលាភីលេខ ៣ទទួលបានទឹកប្រាក់២លានរៀល និងពានមួយផងដែរ ។
ជ័យលាភីលេខ១ បានយកបំពង់ទីបជ័រកែច្នៃជារូបភាពផែនទីនៃព្រះរាជាណាចក្រកម្ពុជា លេខពីរយកបំពង់ទីបធ្វើជាចានស្រាក់ និងលេខបី បានយកបំពង់ទីបជ័រកែច្នៃធ្វើជា រនាត ដែលជាឧបករណ៍ភ្លេងបុរាណខ្មែរ ៕