(តួកគី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមនិស្សិតខ្មែរ សិក្សានៅ ប្រទេសតួកគី នាទីក្រុងអ៉ីស្តានប៊ុល។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអាចបោះបង់កម្មវិធីមួយចំនួនបានពេលចេញទៅក្រៅប្រទេស តែបើឲ្យបោះបង់កម្មវិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនិស្សិត មិនអាចធ្វើបានឡើយ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសតួកគី គឺជាការវិវឌ្ឍន៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃទំនាក់ទំនងរវាងកម្ពុជា និងតួកគី ក្រោយបើកភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាកាលទី១៩៩៤ ដែលមានរយៈពេល ២៤ឆ្នាំហើយនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ស្ថានទូតនៅក្រៅប្រទេសប្រៀបដូចជាទ្រព្យសម្បត្តិរបស់កម្ពុជានៅក្រៅប្រទេសផងដែរ ដូច្នេះហើយទើបកម្ពុជាសម្រេចទិញដីសម្រាប់ បង្កើតស្ថានទូតនៅតួកគីនៅឆ្នាំ២០១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងថា តួកគីនឹងមានលទ្ធភាពកាន់តែច្រើនថែមទៀត ក្នុងការផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា។
* សម្តេចតេជោ បានថ្លែងថា ក្នុងជំនួបជាមួយប្រធានរដ្ឋសភាតួកគី សម្តេចបានប្រាប់ថាក្នុងចំណោមនិស្សិតនៅតួកគី អាចនឹងមាននិស្សិតមួយចំនួនត្រូវបានជ្រើសរើស ឲ្យបម្រើការងារនៅស្ថានទូតតួកគី។ ប៉ុន្តែត្រូវមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅធំបំផុតនៃដំណើរទស្សនកិច្ចរបស់សម្តេចនៅតួកគី គឺការលើកកម្ពស់ទំនាក់ទំនងលើគ្រប់វិស័យ ជាពិសេសជំនឿទុកចិត្តលើផ្នែក នយោបាយ។ សម្តេចតេជោថា ស្ថានភាពនយោបាយរបស់តួកគី គឺប្រហាក់ប្រហែលគ្នាជាមួយនឹងកម្ពុជាផងដែរ។
* សម្តេចតេជោ បានថ្លែងថា តួកគីត្រូវបានកម្លាំងយោធាចេញធ្វើរដ្ឋប្រហារកាលពីឆ្នាំកន្លងទៅ រីឯកម្ពុជាមានបដិវត្តន៍ពណ៌ដែលអាចនាំឈានទៅដល់វិនាសកម្មក្នុងប្រទេស ទាមទារឲ្យកម្ពុជាត្រូវកម្ចាត់ក្រុមទាំងនោះចោលដោយមិនអាចលើកលែងបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអត់ខ្លាចនឹងចាប់យកវិធានការចាំបាច់កម្ចាត់បដិវត្តន៍ពណ៌ ដើម្បីរក្សាសេចក្តីសុខរបស់ប្រជាជននោះទេ។ សម្តេចថា វិធានការសម្តេចធ្វើ គឺដូចទៅនឹងវិធានការរបស់ប្រធានាធិបតីតួកគីផងដែរ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា តួកគីមានសុឆន្ទៈបើកស្ថានទូតនៅកម្ពុជាតាំងពីឆ្នាំ២០១៣ ដូច្នេះកម្ពុជាត្រូវតែឆ្លើយតបដោយបើកស្ថានទូតនៅតួកគីផងដែរ។ សម្តេចតេជោ បានថ្លែងថា តួកគីជាច្រកនៃការតភ្ជាប់រវាងអាស៊ី និងអឺរ៉ុប។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា គោលដៅពង្រឹងខាងនយោបាយ និងទំនាក់ទំនងដទៃទៀត ជាមួយតួកគីជារឿងដ៏សំខាន់។ សម្តេចបានបញ្ជាក់ថា នៅថ្ងៃនេះនឹងមានកិច្ចព្រមព្រៀងចំនួន៨ នឹងត្រូវចុះហត្ថលេខា ដែលក្នុងនោះ រួមមានទាំងកិច្ចព្រមព្រៀងគាំពារវិនិយោគ ដែលជាកិច្ចព្រមព្រៀងដ៏សំខាន់ សម្រាប់ទាក់ទាញអ្នកវិនិយោគតួកគីមកកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា និងតួកគី ក៏នឹងចុះកិច្ចព្រមព្រៀងមិនយកពន្ធពន្ធត្រួតគ្នា កិច្ចព្រមព្រៀងលើវិស័យកសិកម្ម ទេសចរណ៍ និងការអប់រំ...
* សម្តេចតេជោ បានថ្លែងថា ចាប់តាំងពីឆ្នាំ២០១៣មក រាជរដ្ឋាភិបាលបានដាក់ការអប់រំជាវិស័យអាទិភាព និងចម្បងគេ ដែលជាហេតុត្រូវជំរុញឲ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា តួកគីជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលូតលាស់លំដាប់ទី១៧ លើពិភពលោក ហើយតួកគី ក៏ជាដៃគូពិភាក្សាជាមួយអាស៊ានផងដែរ។ ដូច្នេះការជំរុញបង្កើនទំនាក់ទំនងជាមួយតួកគី គឺជារឿងសំខាន់។
* សម្តេចតេជោ ហ៊ុន សែន បន្តប្រាប់និស្សិតតួកគីថា ការទៅបោះឆ្នោតជាការគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យ។ ដោយឡែកយុទ្ធនាការដេកផ្ទះឈ្នះឯង ជាការមិនគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យ ហើយចលនានេះបានដើរទៅរកផ្លូវស្លាប់ដូចពេលបច្ចុប្បន្ន។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់និស្សិតនៅតួកគី ដែលបាននាំគ្នាចេញទៅបោះឆ្នោត ក៏ដូចជាអំពាវនាវឲ្យក្រុមគ្រួសារ និងសាច់ញាតិចេញទៅបោះឆ្នោត។ សម្តេចតេជោថា ការចេញទៅបោះឆ្នោតជាការជ្រើសរើសយកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ។ សម្តេចនាយករដ្ឋមន្ត្រីថា មានតែគណបក្សប្រជាជនទេ ដែលមានលទ្ធភាព រក្សានូវសុខសន្តិភាព។
* សម្តេចតេជោថា ស្ថានការណ៍នយោបាយនៅកម្ពុជាមានភាពផុយស្រួយ ព្រោះតែមានក្រុមឧទ្ទាមចាំលេបត្របាក់កម្ពុជា ដែលទាមទារឲ្យមេដឹកនាំខ្លាំងទប់ស្កាត់នូវស្ថានការណ៍ទាំងនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រឆាំងរបស់ក្រុមប្រឆាំងនាពេលបច្ចុប្បន្នអត់មានអ្វីចម្លែកនោះទេ ព្រោះតែកាលពី១៩៩៨ ក្រុមប្រឆាំងហ៊ានហៅអាមេរិកាំង បាញ់មីស៊ីលចូលផ្ទះសម្តេចនៅឯតាខ្មៅ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងចាត់ទុកទណ្ឌិត សម រង្ស៊ី ជាមេឃាតកឈាមត្រជាក់។
* បុរសខ្លាំងតេជោ សែន បានថ្លែងថា ដរាបណាក្រុមបំផ្លាញជាតិ ដែលសម្តេចចាត់ទុកជាក្រុមនុស្សចង្រៃរួមទាំងទណ្ឌិត សម រង្ស៊ី ផងនោះ សម្តេចនៅតែបន្តដឹកនាំនាវាកម្ពុជា។
* សម្តេចតេជោ បានថ្លែងថា សម្តេចជាមេដឹកនាំគន្លឹះក្នុងព្រឹត្តិការណ៍របស់កម្ពុជាចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។ ប៉ុន្តែបើគ្មានការចូលរួមពីប្រជាពលរដ្ឋខ្មែរទេនោះ សម្តេចមិនអាចសម្រេចផែនការរំដោះជាតិ ទប់ស្កាត់ខ្មែរក្រហម រកសុខសន្តិភាព និងកសាងជាតិឲ្យដូចបច្ចុប្បន្នឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ ៦៦ឆ្នាំនៃអាយុរបស់សម្តេច សម្តេចបានគ្រប់គ្រងដឹកនាំប្រទេស ៤០ឆ្នាំទៅហើយ ដែលជាមេដឹកនាំប្រទេសយូរជាងគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែមានជំនឿថាគណបក្សប្រជាជននៅតែឈ្នះឆ្នោតនៅឆ្នាំ២០២៣ ដែលជាការផ្តល់ឱកាសឲ្យសម្តេចដឹកនាំ រាជរដ្ឋាភិបាលរហូតដល់ឆ្នាំ២០២៨។
* សម្តេចតេជោថា មូលហេតុដែលសម្តេចត្រូវបន្តដឹកនាំរាជរដ្ឋាភិបាលទៅមុខទៀតនេះ ដោយសារតែក្រុមអតីតបក្សប្រឆាំង ដែលសម្តេចសំដៅក្រុមអតីតគណបក្សសង្គ្រោះជាតិ ហើយសម្តេចចាត់ទុកជាក្រុមមនុស្សចង្រៃនោះ នៅតែមានចេតនាបំផ្លាញជាតិកម្ពុជា។
* សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់និស្សិតតួកគីថា ឆ្នាំ២០២០ កម្ពុជាត្រូវធ្វើជាម្ចាស់កិច្ចប្រជុំអាស៊ី-អឺរ៉ុប ជាកិច្ចប្រវត្តិសាស្ត្រដែលកម្ពុជាត្រូវទទួលប្រទេស រហូតដល់ទៅជាង៥០ប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់បានប្រើលោក សម រង្ស៊ី ជួយកែរដ្ឋធម្មនុញ្ញនៅឆ្នាំ២០០៦។ សម្តេចតេជោបានបន្តថា បើលោក សម រង្ស៊ី ហៅសម្តេចជាជនពាល ដូច្នេះលោក សម រង្ស៊ី គឺជាកូនក្មេងស៊ីឈ្នួលជនពាល ហើយជាមនុស្សងាយស្រួលក្នុងប្រើ
* សម្តេចនាយករដ្ឋមន្ត្រីថា សម្តេចមិនចង់រករឿងនរណាមួយនោះទេ តែក៏មិនលើកលែងឲ្យជនណាម្នាក់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទណ្ឌិត សម រង្ស៊ី ខឹងសម្តេចខ្លាំង ព្រោះតែសម្តេចមិនជួយការពារ ពេលសម្តេចក្រុមព្រះដេញចេញពីរាជរដ្ឋាភិបាល និងបក្ស កាលពីអាណត្តិទី១នៃរាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលប្រទេសសមាជិកវេទិកាអាស៊ី-អឺរ៉ុប ឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅឆ្នាំ២០២០ គឺមានន័យថាប្រទេសនេះទទួលស្គាល់ រាជរដ្ឋាភិបាលកម្ពុជាកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្រុមអតីតបក្សប្រឆាំងមិនព្យាយាមពន្យល់ប្រជាពលរដ្ឋឲ្យយល់ពីទំនាក់ទំនងការទូតទេ គឺនិយាយយ៉ាងម៉េចឲ្យតែពួកគេចំណេញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទណ្ឌិត សម រង្ស៊ី វាយប្រហារមិនលើកលែងសូម្បីតែកូនៗសម្តេច។ ឆ្លើយតបនឹងទង្វើជូរជាតិរបស់ទណ្ឌិត សម រង្ស៊ី នេះ សម្តេចតេជោ បានផ្តាំថា ត្រកូលហ៊ុន មិនមែនជាត្រកូលឲ្យទណ្ឌិត សម រង្ស៊ី វាយធ្វើប្រហារនោះទេ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចវាយប្រហារតែទណ្ឌិត សម រង្ស៊ី ប៉ុណ្ណោះ ប៉ុន្តែមិនដែលវាយប្រហារកូនៗរបស់គាត់នោះឡើយ។ ផ្ទុយទៅវិញទណ្ឌិត សម រង្ស៊ី វាយប្រហារទាំងសម្តេច និងកូនៗសម្តេចថែមទៀត។ សម្តេចតេជោ ឲ្យប្រជាពលរដ្ឋប្រៀបធៀបពីគុណធម៌របស់មនុស្សនៅត្រង់ចំណុចនេះ។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំនិស្សិតសិក្សានៅតួកគីឲ្យប្រឹងប្រែងសិក្សារៀនសូត្រ ហើយគោរពច្បាប់របស់តួកគី។ ជាពិសេសមិនត្រូវធ្វើចលនាគាំទ្របក្សនេះ បក្សនោះ ឬ ចលនានេះ ចលនានោះនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បញ្ចប់កិច្ចសំណេះសំណាលជាមួយនិស្សិតនៅតួកគីវេលាម៉ោង ១១៖១១នាទីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ម៉ោងនៅតួកគី ត្រូវនឹងម៉ោង ៣៖១២នាទី ម៉ោងនៅកម្ពុជា៕