(ភ្នំពេញ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តស៊េរីទំនើប១គ្រឿង បានបើកបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបាក់របងផ្ទះ បង្កការភ្ញាក់ផ្អើលទាំងថ្ងៃ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៖១៥នាទីរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ដែលស្ថិតនៅតាមផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មុនកើតហេតុម្ចាស់រថយន្ត Lexus 570 ពណ៌ខ្មៅ បានដោះស្លាកលេខចេញ ដោយបើកបរក្នុងទិសដៅពីត្បូងទៅជើង។ ខណៈពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ ម្ចាស់រថយន្តបានរបូតស្បែកជើង ហើយក៏បានរាវរកស្បែកជើង ក៏ច្រឡំជើងជាន់ហ្គ៊ារថយន្ត ក៏ជ្រុលទៅបុលរបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ។
ប្រភពព័ត៌មានដដែលបានបន្តថា ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កខាងលើបានដោះស្លាកលេខរថយន្តចេញ ដោយបន្សល់ទុកតែរថយន្តបង្កនៅនឹងកន្លែងកើតហេតុ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងបានហៅម្ចាស់រថយន្តខាងលើ មកធ្វើការចរចាគ្នាដោះស្រាយតាមផ្លូវច្បាប់ ហើយម្ចាស់រថយន្តបង្កខាងលើ បានចេញថ្លៃជួសជុលរបងផ្ទះឲ្យវិញ ដើម្បីបញ្ចប់រឿង៕