(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ បានថ្លែងបញ្ជាក់ថា ការរៀបចំវិមានឈ្នះ-ឈ្នះ នេះគឺបានបែងចែកជា ៣ផ្នែកសំខាន់ៗ គឺផ្នែកតួវិមាន បង្ហាញគ្រប់ទាំងអស់ពាក់ព័ន្ធនឹងនយោបាយឈ្នះ-ឈ្នះ, ផ្នែកខាងឆ្វេង និងខាងស្តាំ បានបង្ហាញពីសុខដុមនីយកម្ម និងសមិទ្ធិផលរបស់នយោបាយឈ្នះ-ឈ្នះ។
សម្តេចពិជ័យសេនា ទៀ បាញ់បានថ្លែងយ៉ាងដូចនេះ នៅក្នុងឱកាសដែល ចុះពិនិត្យទីតាំងវិមានឈ្នះ-ឈ្នះ ដើម្បីត្រៀមរៀបចំសម្ពោធនាថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ។
ការចុះពិនិត្យនោះដែរ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជាវាំង និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំពិធីបុណ្យជាតិ-អន្តរជាតិ និងមានការចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ក្រសួងជាច្រើនរូបទៀតផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងថា វិមានឈ្នះ-ឈ្នះ គឺបានបែងចែកជា ៣ផ្នែកសំខាន់ៗ ចំពោះផ្នែកតួវិមាននេះ គឺបានបញ្ជាក់គ្រប់ទាំងអស់ពាក់ព័ន្ធនឹងនយោបាយឈ្នះ-ឈ្នះ។ ចំណែកផ្នែកខាងឆ្វេងដៃនៃវិមាន គឺពាក់ព័ន្ធជាមួយនឹងសុខដុមនីយកម្ម ហើយយើងដាក់របៀបនេះគឺមានន័យថា យើងទាំងអស់គ្នា មិនអាចបំភ្លេចបានទេ តាំងពីសម័យមុនៗ ដែលបណ្តាវិមានដែលគេបានធ្វើ និងអ្វីៗ ដែលព្រះមហាក្សត្រសម័យមុនៗ បាននាំឱ្យជាតិយើងមានសុខដុមនីយកម្មនោះ គឺយើងក៏នាំមករំលឹកនៅវិមានឈ្នះ ឈ្នះនេះជានិម្មិតរូប។
ចំណែកផ្នែកខាងស្តាំដៃនៃវិមានវិញ គឺបានរៀបចំជាតំបន់សមិទ្ធិផល ដើម្បីបញ្ជាក់ថា នយោបាយឈ្នះ ឈ្នះ មកដល់ពេលនេះមានរយៈពេល ២០ឆ្នាំ តើបណ្តាស្ថាប័នទាំងឡាយ ក៏ដូចជាផ្នែកជំនាញទាំងឡាយទទួលបានផលអ្វីខ្លះ នៅក្នុងនយោបាយឈ្នះ ឈ្នះ ដើម្បីយកមកបង្ហាញនៅតំបន់សមិទ្ធិផលនេះផងដែរ ហើយអ្វីដែលសំខាន់នោះគឺនៅក្នុងតំបន់ស្នូល ដោយបានដាក់និម្មិតសញ្ញាយ៉ាងជាក់លាក់ មាន៣ ៥ និង៧ ដែលមានក្នុងឯកសារទាំងបានពន្យល់យ៉ាងច្បាស់នៅក្នុងនយោបាយឈ្នះ ឈ្នះ នេះផងដែរ។
សម្តេចចៅហ្វាវាំង គង់ សំអុល បានថ្លែងនូវការវាយតម្លៃចំពោះការខិតខំបំពេញការងារសាងសង់វិមានឈ្នះ-ឈ្នះនេះ ខណៈដល់២ខែទៀត កម្មវិធីនៃការសម្ពោធនឹងចូលមកដល់ នាថ្ងៃទី២៩ ៣០ និង៣១ ខែធ្នូ ឆ្នាំ២០១៨។
សម្តេចចៅហ្វាវាំង បានបញ្ជាក់ទៀតថា ចំពោះគម្រោងធ្វើការសាង់សង់វិមានឈ្នះ-ឈ្នះនេះដែរ គឺយើងមានគំនិតកសាងវាជាយូរណាស់មកហើយ តែដោយសារតែជាប់រវល់ តែដោយសាតែពេលវាលាមិនអំណោយផលនោះ ទើបតែពេលថ្មីៗនេះ យើងបានសម្រេចគ្នាថាយើងត្រូវតែសាងសង់វិមានឈ្នះ-ឈ្នះនេះឱ្យបាន៕