(ក្រចេះ)៖ ប្រធានក្រុមការងាររបស់សមត្ថកិច្ចចម្រុះ នៃស្ថានីយថ្លឹងរថយន្ត នៅចំណុចភូមិមានជ័យ ស្ថិតក្នុងស្រុកស្នួល លោក អ៊ុយ ហឿន នៅព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០១៨ បានថ្លែងថា គ្រប់រថយន្តដែលផ្ទុកលើសទម្ងន់កំណត់ទាំងអស់ ត្រូវតែចូលថ្លឹងឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ចៀសវាងផ្ទុកលើសទម្ងន់ ដែលបន្តបង្កឲ្យមានការខូចខាតដល់ផ្លូវជាតិ និងស្ពានជាដើម។
ការថ្លែងរបស់មន្រ្តីជញ្ជីងយ៉ាងដូច្នេះ ក្រោយពីគេឃើញថា ជារៀងរាល់ថ្ងៃ មានរថយន្តយីឌុបធំៗជាច្រើនគ្រឿង កំពុងតែបើកបរលើកំណាត់ផ្លូវជាតិ ផ្ទុកទម្ងន់មិនបានត្រឹមត្រូវតាមច្បាប់កំណត់។ តែទោះជាយ៉ាងណា ការអនុវត្តរបស់ក្រុមកាងារ នៅតែជួបមានបញ្ហាខ្លះ ដែលរថយន្តផ្ទុកលើសទម្ងន់មិនព្រមចូលថ្លឹង និងបើកគេចវេស ដោយសារតែក្រុមរថយន្តអាងខ្សែជាដើម។
ប្រធានស្ថានីយថ្លឹងរថយន្ដបានឲ្យដឹងបន្តថា ដោយមានការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក សេង ឈួន អនុរដ្ឋលេខាធិការ និងប្រធានគណៈកម្មាការសម្របសម្រួលអចិន្រ្តៃយ៍ និងលោក ស្រេង ស្រស់ ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ក្រុមការងារបានសម្រេចចាប់ឃាត់រថយន្តជាច្រើនគ្រឿង ឲ្យចូលមកស្ថានីយដើម្បីធ្វើការត្រួតពិនិត្យ និងថ្លឹងឲ្យបានត្រឹមត្រូវ។
លោក សាន់ ម៉េងហ៊ត់ អនុប្រធានស្ថានីយ៍ បានឲ្យដឹងដែរថា នៅថ្ងៃទី១៩ ខែតុលា ក្រោយចុះអនុវត្តន៍យ៉ាងយ៉ាងតឹងរ៉ឹងបំផុត ក្រុមការងាបានជួបភាពចម្រូងចម្រាស់ខ្លះដែរ ពីក្រុមម្ចាស់រថយន្ត ដោយពួកគេមិនព្រមចូលថ្លឹងតាមការទទួច ពីក្រុមសមត្ថកិច្ចជំនាញ។ លោកថា ដោយមានការស្នើសុំគោលការណ៍ពីថ្នាក់លើ ក្រុមការបានសម្រេចជោគជ័យ ដោយសម្រេចចាប់ឃាត់រថយន្តទាំងនោះចូលថ្លឹង ព្រមទាំងផាកពិន័យទៅតាមផ្លូវច្បាប់។
លោកបានបានបន្តទៀតថា កាលពីពេលថ្មីៗកន្លងទៅនេះ លោករដ្ឋមន្រ្តីក្រសួងសាធារណការ បានក្រើនរំឭកដល់មន្រី្តនៅតាមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទាំងអស់ ត្រូវអនុវត្តន៍រាល់គ្រប់រថយន្តដឹកផ្ទុកទម្ងន់ទាំងអស់ ត្រូវតែចូលថ្លឹង ហើយការឲ្យឡានចេញមិនបាច់ថ្លឹង ប្តូរជាយកប្រាក់ត្រូវបានបញ្ចប់។
លោកអនុប្រធានស្ថានីយ៍ ក៏បានស្នើឲ្យគ្រប់ម្ចាស់រថយន្តខ្នាតយក្ស ដែលបើកបរផ្ទុកលើសទម្ងន់លើផ្លូវជាតិទាំងអស់ គួរផ្ទុកឲ្យបានត្រឹមត្រូវតាមទម្ងន់កំណត់តាមផ្លូវច្បាប់ ចៀសវាងពីការចាប់ផាក់ពិន័យ ពីក្រុមសមត្ថកិច្ចជញ្ជីង និងបំផ្លាញផ្លូវជាតិ ក៏ដូចជាស្ពានបន្តទៀត៕