(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានសន្យាធ្វើផ្ទះជូនប្រជាពលរដ្ឋណា ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ធ្ងន់ធ្ងរជាងគេ។
ការសន្យារបស់លោកអភិបាលខេត្ត បានធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេ ក្នុងឱកាសចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួនពីឃុំគឺ ឃុំវាលពង់ មានពលរដ្ឋប៉ះពាល់២ភូមិ ស្មើចំនួន៤០គ្រួសារ ដែលក្នុងនោះអ្នករងគ្រោះមធ្យមចំនួន៥គ្រួសារ និងស្រាលចំនួន៣៥គ្រួសារ។ ជាមួយគ្នានេះ ឃុំព្រះស្រែ ប៉ះពាល់ចំនួន២ភូមិ សរុប៨គ្រួសារ ដែលមានធ្ងន់ធ្ងរចំនួន១គ្រួសាររលំផ្ទះទាំងស្រុង ខណៈរងគ្រោះមធ្យម៤គ្រួសារ និងស្រាល៣គ្រួសារ។
ក្នុងឱកាសនោះ លោក វ៉ី សំណាង នាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលជានិច្ចកាលសម្តេចតែងបានគិតគូរ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសចំពោះពលរដ្ឋ ដែលរងគ្រោះដោយសារតែគ្រោះធម្មជាតិនេះ។
លោកអភិបាលខេត្តកំពង់ស្ពឺ បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ នាំគ្នាថែរក្សាអនាម័យបរិស្ថាន ដើម្បីកុំមានរោគយាយីដល់អាយុជីវិត ពីព្រោះខ្យល់ព្យុះ តែងនាំនៅបរិយាកាសកង្វក់មកជាមួយ ដែលធ្វើបញ្ហាសុខភាពទទួលផលមិនល្អ។ ជាមួយគ្នានេះ លោកសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យឲ្យចំគោលដៅរងគ្រោះពិតប្រាកដផងដែរ៕