(កោះកុង)៖ ដោយគិតត្រឹមសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០១៨នេះ ផ្លូវជាតិលេខ៤៨ ជួសជុលបានជាង៧០ភាគរយហើយ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ។
ផ្លូវនេះមានប្រវែង១៥០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្រែអំបិលទៅដល់ទីរួមខេត្តកោះកុង ដែលក្នុងនោះប្រវែង៦៣គីឡូម៉ែត្រ ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងទៀត។
ផ្លូវនេះត្រូវបានបែងចែកជា ៩១កំណាត់ខ្លីៗដើម្បីជួសជុល ឲ្យបានទាន់ពេលវេលា ដោយកម្លាំងចម្រុះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កងវិស្វកម្ម និងភាគីពាក់ព័ន្ធ ប្រើគ្រឿងចក្រសរុប១១៤គ្រឿង គ្រោងចំណាយថវិកា ប្រមាណ១២លានដុល្លារអាមេរិក បច្ចុប្បន្នសម្រេចបានជាង៧០% នឹងការជួសជុលទាំងស្រុង មុនពិធីបុណ្យសមុទ្រខាងមុខនេះ។
ជាមួយគ្នានេះផងដែរ ក្រុមការងារក៏បន្តចុះត្រួតពិនិត្យការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៤៨ និងពិនិត្យភាពធន់នៃស្រទាប់ផ្លូវ Dinamic Cone Penetration test ( DCP) និងជួបប្រជុំដាក់ទិសដៅ រៀបចំផែនការ អនុវត្តការងារជួសជុលក្នុងកំណាត់នីមួយ ឲ្យបានទាន់ពេលវេលា តាមអនុសាសន៍ណែនាំ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមជម្រាបជូនថា ផ្លូវលេខ៤៨ ត្រូវបានរការខូចខាត ដោយដល់អាយុកាល ហើយត្រូវស្ថាបនាឡើងវិញ និងដោយសារការដឹកលើសទម្ងន់កំណត់ ព្រមទាំងស្ថានភាពអាកាសធាតុ ដែលមានភ្លៀងឥតឈប់ឈរនៅតំបន់នោះ៕