(តួកគី)៖ ថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-តួកគី ដែលធ្វើឡើងនៅទីក្រុងអ៉ីស្តានប៊ុល សាធារណរដ្ឋតួកគី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគត់សម្គាល់ថា ទំហំពាណិជ្ជកម្ម ចំនួនភ្ញៀវទេសចរ និងការវិនិយោគរបស់តួកគីនៅប្រទេសកម្ពុជា ហាក់មានកម្រិតតិចតួចនៅឡើយ ដែលទាមទារឲ្យមានការធ្វើសហប្រតិបត្តិការគ្នាឲ្យសកម្ម និងស្និទស្នាលថែមទៀត។
ដើម្បីជំរុញឲ្យការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគរបស់តួកគីនៅកម្ពុជា សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យមានការហោះហើរត្រង់រវាងកម្ពុជា និងតួកគី ឲ្យបានឆាប់តាមលទ្ធភាពដែលអាចធ្វើទៅបាន។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា វេទិកាធុរកិច្ចកម្ពុជា-តួកគី ជាឱកាសដ៏ល្អបំផុតសម្រាប់អ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគតួកគី ដើម្បីជួបពិភាក្សា និងបំផុសបណ្តាញធុរកិច្ច និងវិនិយោគរវាងប្រទេសទាំង២។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងផងដែរថា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងពាណិជ្ជកម្មតំបន់ និងពិភពលោក ដែលទំហំពាណិជ្ជកម្មកម្ពុជា បានកើនឡើងជាលំដាប់រហូតដល់ ២៥,៦០០លានដុល្លារអាមេរិក ស្មើនឹងប្រមាណ១១៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំ២០១៧កន្លងទៅ។ តែយ៉ាងទំហំពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីនៅមានកម្រិតតិចតួចនៅឡើយ។
សម្រាប់នៅរយៈពេល៩ ខែដើមឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ ដែលមានដើមទុនសរុបប្រមាណ៤,៧០០លានដុល្លារអាមេរិក ដោយឡែកគម្រោងវិនិយោគរបស់តួកគី នៅមានកម្រិតតិចតួចនៅឡើយ ដែលកន្លងមកមានគម្រោងវិនិយោគរបស់តួកគី តែ៣គម្រោង និងទុនវិនិយោគប្រមាណ១១លានដុល្លារអាមេរិក ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
ចំណែកវិស័យទេសចរណ៍ចំនួនភ្ញៀវទេសចរ មកទស្សនាកម្ពុជា មានការកើនឡើងជាលំដាប់ ប្រមាណ៥.៦លាននាក់ក្នុងឆ្នាំ២០១៧ ហើយក្នុងរយៈពេល៨ខែ ឆ្នាំ២០១៨ កម្ពុជាស្វាគមន៍ភ្ញៀវទេសចរ សរុបប្រមាណជិត៤លាននាក់ កើនឡើងប្រមាណ១២ភាគរយធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧។ ក្នុងនៅភ្ញៀវទេសចរតួកគីមានប្រមាណជិត៥ពាន់នាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូចនាករពាណិជ្ជកម្ម ទេសចរ និងវិនិយោគខាងលើនេះ បានបង្ហាញថា កិច្ចសហប្រតិបត្តការរវាងប្រទេសទាំងពីរ កម្ពុជា តួកគី នៅមានកម្រិតនៅឡើយ ដែលទាមទារឲ្យមានសហប្រតិបត្តិការគ្នាឲ្យសកម្ម និងជិតស្និទថែមទៀត ក្នុងគោលដៅទាញយកកំណើនឲ្យបានជាអតិប្បរមា ពីទំនាក់ទំនងទ្វេភាគី សក្តានុពល និងឧត្តមភាព ប្រៀបធៀបនៃប្រទេសទាំង២។ ផ្ទុយទៅវិញ យើងក៏អាចចាត់ទុកថា នេះជាឱកាសមាសសម្រាប់ធុរជននៃប្រទេសទាំងពីរ ចាប់យកផងដែរ។ ដើម្បីជំរុញកំណើនវិនិយោគ ទេសចរណ៍ និងពាណិជ្ជកម្មនៃប្រទេសទាំង២ ខ្ញុំសំណូមពរឲ្យភាគីពាក់ព័ន្ធពន្លឿនសកម្មភាព ក្នុងការជំរុញឲ្យមានសកម្មភាពការហោះហើរត្រង់ដឹកអ្នកដំណើររវាងប្រទេសទាំង២»។
សម្តេចតេជោបានបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគី ប្រទេសទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នាសំខាន់ៗនាពេលកន្លងមក ហើយកិច្ចព្រមព្រៀងចំនួន៨ថែមទៀត ក្នុងវិស័យទេសចរណ៍ កសិកម្ម វប្បធម៌ និងវិនិយោគដែលនឹងត្រូវចុះហត្ថលេខានៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ដែលនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិនៃប្រទេសយើងទាំងពីរ កាន់តែរឹងមាំបន្ថែមទៀត។
សម្តេចតេជោ ក៏បានបញ្ជាក់ជូនធុរកិច្ចជនរបស់តួកគីផងដែរថា កម្ពុជាត្រូវបានគេទទួលស្គាល់ថា មានការផ្លាស់ប្តូរយ៉ាងល្អប្រសើរគួរឲ្យគត់សម្គាល់ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម និងវិនិយោគ ដែលរក្សាបាននូវអត្រាកំណើតសេដ្ឋកិច្ចប្រចាំឆ្នាំ ជាបធ្យមប្រមាណ៧ភាគរយ។ សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១៨ ត្រូវបានប៉ានស្មានថា មានកំណើនជាង៧ភាគរយ ហើយអត្រាកំណើននេះនឹងរក្សាបាននៅឆ្នាំក្រោយ។ កំណើនសេដ្ឋកិច្ចនេះ បានធ្វើឲ្យកម្ពុជាសម្រេចបានជាប្រទេសឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតលើគន្លងឈានដល់សម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
សូមជម្រាបថា តួកគីនិងកម្ពុជា ជាប្រទេសដែល មានអារ្យធម៌យូរលុងណាស់មកហើយ ក្នុងនោះប្រទេសកម្ពុជា ត្រូវបានគេស្គាល់តាមរយៈចក្រភពអង្គរ ហើយប្រទេសតួកគីត្រូវបានគេស្គាល់តាមរយៈចក្រភព ប៊ីហ្សេនថាញ់ (Byzantine) និងបន្ទាប់មកចក្រភពអូតូម៉ង់ (Ottoman) ។ បើទោះបីជាព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី មានចំណងមិត្តភាពផ្នែកការទូតទើប តែជាងពីរទសវត្សរ៍ក៏ពិតមែន ប៉ុន្តែទំនាក់ទំនង នៃប្រទេសទាំងពីរមានភាពរឹងមាំ ដោយឈរលើគោលការណ៍ជំនឿទុកចិត្តគ្នា និងគោរពគ្នា មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងខ្លួន ពិសេសបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ច សង្គម នយោបាយ និងការទូត។ ជាក់ស្តែងប្រទេសទាំងពីរបានគាំទ្របេក្ខភាពគ្នាទៅវិញទៅមក ក្នុងបណ្តាស្ថាប័នអន្តរជាតិផ្សេងៗ៕