Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខឹងខុស ខឹងខាត! ក្មេងវត្ត២នាក់ ចាក់គ្នាធ្លាយពោះវៀនចេញមកក្រៅ ដោយសាររឿងសុំអំបិលហូបស្វាយ​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

21-10-2018 12:23

(កោះកុង)៖ ក្មេងប្រុសម្នាក់ បានសុំអំបិលក្មេងប្រុសម្នាក់ទៀត ដែលជាកូនសិស្សលោកដូចគ្នា ដើម្បីហូបស្វាយប៉ុន្តែគេមិនឲ្យ ក៏បានយកកូនកាំបិតចាក់គេធ្លាយពោះវៀនចេញមកក្រៅ យ៉ាងព្រៃផ្សៃបំផុត។ ករណីហិង្សានេះ បានកើតឡើងនៅវេលាម៉ោង១១៖០០នាទីព្រឹក នៅចំណុចវត្តជោត្តញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បើតាមប្រភពព័ត៌មានពីភ្នាក់ងារពី Fresh News ប្រចាំខេត្តកោះកុង បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះថា តាមសមត្ថកិច្ចមូលដ្ឋាន ករណីហិង្សានេះបង្កឡើងដោយឈ្មោះ អ.ស.ជ ភេទប្រុស អាយុ១៤ឆ្នាំ ជាកូនសិស្សលោកវត្តញ្ញាណ បានឈ្លោះគ្នាជាមួយឈ្មោះ ព.ធ ភេទប្រុស អាយុ១៣ឆ្នាំ ជាកូនសិស្សលោកដូចគ្នា។

មុនពេលកើតហេតុឈ្មោះ ជនសង្ស័យមានស្វាយមួយផ្លែ ហើយទៅសុំអំបិលជនរងគ្រោះហូប តែជនរងគ្រោះមិនឲ្យ ហើយក៏ឌឺដងដាក់គ្នាទៅវិញទៅមក។ ក្រោយមកជនរងគ្រោះ ចេះតែដើរចូលទៅរកវាយជនសង្ស័យ។ ពេលនោះជនសង្ស័យបានច្រានចេញច្រើនដង តែជនរងគ្រោះនៅតែដើរចូល ទើបជនសង្ស័យឃើញកូនកាំបិតចិតផ្លែឈើ នៅមុខកុដ្ឋលោក និងបានយកមកចាក់ចំ «ពោះ» ជនរងគ្រោះមួយកាំបិត បណ្តាលឲ្យធ្លាយពោះវៀនចេញមកក្រៅ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានសាច់ញ្ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ ចំណែកជនបង្ក​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងសាកសួរចម្លើយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕