(ភ្នំពេញ)៖ កម្លាំងនគបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បានបន្តបញ្ជូនជនសង្ស័យចំនួន៤នាក់ ក្នុងចំណោមជនត្រូវចោទទាំង៨នាក់ ក្នុងសំណុំរឿងររំលោភលើទំនុកចិត្ត ទៅលើប្រជាសហគមន៍មានទឹកប្រាក់ប្រមាណ ៥០៣,៧៦៣,៦០០រៀល ដើម្បីឱ្យតុលាការចាត់ការតាមច្បាប់។
បើតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា សំណុំរឿងនេះ ស្ថិតក្នុងចំណាត់ការរបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
លោកបន្តថា មុនឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចធ្វើឡើងតាមរយៈដើមបណ្តឹងទាំង៦នាក់ ដែលបានដាក់ចូលទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ លើប្រធាន អនុប្រធាន លេខាធិការ ហិរញ្ញិក បេឡា និងសមាជិកក្រុមប្រឹក្សារភិបាល «សហគមន៍កសិកម្មសម្បូរផលប្ញស្សីសាញ់» ក្នុងបទចោទរំលោភលើទំនុកចិត្ត។
ក្នុងខ្លឹមសារបណ្តឹង ដែលប្តឹងដោយលោក ឌុន វិបុល មេធាវីតំណាងពលរដ្ឋរងគ្រោះទាំង៦នាក់ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៣ ឈ្មោះ អុង ទូច និងសមាជិកក្រុមប្រឹក្សារឈ្មោះថា «សហគមន៍កសិកម្មសម្បូរផលប្ញស្សីសាញ់» មានឈ្មោះ អ៊ុង សាមន់, អ៊ុង យ៉ាត, ហ៊ឹម ហ៊ត់, គុជ កើត, និងឈ្មោះ គឹម ណាយ បានលួងលោមប្រជាពលរដ្ឋរងគ្រោះទាំង៦នាក់ មានឈ្មោះ យិន សុខា, ហ៊ឹង ផល, យឹម ធឿន, រិត ស្រីតូច, ខ្លូត ចាន់ថុន, និង ហ៊ាន ចិត្ត មានទីលំភូមិទួលជ្រៃ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឲ្យយកប្រាក់ទៅដាក់សហគមន៍របស់ពួកគេ ដើម្បីសន្សំប្រាក់ហើយអះអាងថា សហគមន៍នេះមានច្បាប់ត្រឹមត្រូវ ហើយហ៊ានឱ្យការប្រាក់២០ភាគរយក្នុងមួយខែ។ បើទោះជាគ្មានឯកសារ ក៏អាចចូលជាសមាជិកសហគមន៍នេះបានដែរ និងបើចង់ដកប្រាក់វិញពេលណាក៏បាន។
ក្នុងបណ្តឹងដដែលបានបញ្ជាក់ថា ក្រោយពេលដាក់ដំបូងៗឃើញថា បានការប្រាក់មែន ក៏នាំគ្នាយកលុយបានពីលក់គោ លក់ស្រូវ លក់ដីធ្លី និងលុយផ្សេងៗទៀត ទៅសម្រុកដាក់ក្នុងសហគមន៍ ជាបន្តបន្ទាប់ដល់ឆ្នាំ២០១៥ ចំនួនលុយបានកើនដល់សរុប ៥០៣,៧៦៣,៦០០រៀល និងជាឆ្នាំដែលកើតបញ្ហាឡើង ពោលគឺពេលទៅដកប្រាក់លែងបាន ដោយលោក អុង ទូច ប្រាប់ថា ដកមិនបានព្រោះសមាជិកមួយចំនួនខ្ចីមិនយកមកសង។
ដោយបានដឹងថា នេះជាអំពើបោកប្រាស់រំលោភលើទំនុកចិត្ត ទើបពួកពួកគាត់បានសម្រេចដាក់ពាក្យបណ្តឹង នៅសមត្ថកិច្ចខេត្តព្រៃវែង រហូតដល់ក្រសួងមហាផ្ទៃ។ ក្រុមជនសង្ស័យ ត្រូវបានចាប់ឃាត់ខ្លួនបាន៤នាក់ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ដោយនគបាលព្រហ្មទណ្ធក្រសូងមហាផ្ទៃ និងបានបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមច្បាប់។
សូមបញ្ជាក់ថា នៅក្នុងបណ្តឹងពលរដ្ឋរងគ្រោះ ក៏បានប្តឹងទាមទារជំងឺចិត្តផងដែរពីក្រុមត្រូវចោទ ដោយទាមទារទឹកប្រាក់១០០លានរៀល៕