(ពោធិ៍សាត់)៖ ព្រះតេជគុណ នៅ សុគន្ធថៃ ហៅលោកតាហ៊ួ ព្រះចៅអធិការនិងជាព្រះគ្រូសូត្រស្តាំវត្តហ្សាបិតិ ហៅវត្តព្រែកស្តី ស្ថិតនៅក្នុងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បាននាំយកបច្ច័យចំនួន១៤,៥០០ដុល្លារអាមេរិក ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ការប្រគល់ថវិកានេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ សម្រាប់រួមចំណែកកសាងឃ្លាំងឧសថ និងរៀបចំបណ្តាញភ្លើងនៅក្នុងមន្ទីរពេទ្យ។
ព្រះតេជគុណ នៅ សុគន្ធថៃ មានសង្ឃដីកាថា បច្ច័យទាំងនេះបានមកពីពុទ្ធបរិស័ទ និងសប្បុរសជន ប្រគេនដល់ព្រះសង្ឃ តាមរយៈពិធីបុណ្យទានផ្សេងៗ ជាពិសេសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌពេលថ្មីៗនេះ។ ដោយមើលឃើញ ពីតម្រូវការចាំបាច់របស់មន្ទីរពេទ្យបង្អែកខេត្ត ព្រះសង្ឃ អាចារ្យនិងគណៈកម្មការវត្ត បានឯកភាពគ្នា ចែករំលែកបច្ច័យទាំងនេះ ជួយដល់មន្ទីរពេទ្យ សម្រាប់មកចូលរួមចំណែកកសាងឃ្លាំងទុកដាក់ឧសថថ្មី ជំនួសឃ្លាំងចាស់ត្រូវរុះរើ និងមួយផ្នែកទៀត រៀបចំបណ្តាញភ្លើងអគ្គិសនីនៅក្នុងមន្ទីរពេទ្យសាជាថ្មីឡើងវិញ។
ព្រះតេជគុណមានសង្ឃដីកាបន្តថា គោលបំណងរបស់ព្រះតេជគុណ សូមសំណូមពរដល់គ្រូពេទ្យទាំងអស់ ត្រូវប្រកាន់និងរក្សាឲ្យបានក្រមសីលធម៌ សុជីវធម៌និងវិជ្ជាជីវៈរបស់ខ្លួន ដើម្បីឲ្យបងប្អូនដែលជាអ្នកជំងឺ មានអារម្មណ៍ថាសប្បាយចិត្ត និងឆាប់ជាជំងឺវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
លោកវេជ្ជបណ្ឌិត ចាន់ សុខា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានសន្យាថា នឹងយកបច្ច័យទាំងនេះ គឺមួយផ្នែកកសាងឃ្លាំងឧសថថ្មី ដែលគ្រោងចំណាយថវិកាសាងសង់ចំនួន២២,០០០ដុល្លារអាមេរិក និងរៀបចំបណ្តាញភ្លើងអគ្គិសនី នៅក្នុងមន្ទីរពេទ្យដែលគ្រោងចំណាយថវិកា ១៥,០០០ដុល្លារអាមេរិក។
លោកវេជ្ជបណ្ឌិត ក៏បានប្រគេននិងជម្រាបជូនថា នៅចំពោះមុខមន្ទីរពេទ្យបង្អែកខេត្ត មានគម្រោងសាងសង់អាគារសម្ភពមួយខ្នង២ជាន់ ជំនួសអគាចាស់ដែលមានសភាពទ្រុឌទ្រោម ដែលគ្រោងចំណាយថវិកាជិត៧០ម៉ឺនដុល្លារអាមេរិក ដើម្បីងាយដល់ស្ត្រីចូលមកសម្រាលកូននៅទីនេះផងដែរ៕