(កំពង់ធំ)៖ ដើម្បីចូលរួមសម្អាតអនាម័យ និងបរិស្ថានឱ្យកាន់តែប្រសើរឡើងថែមទៀតនោះ អង្គការចលនាភូមិថ្មី ដែលដឹកនាំដោយលោក គីម ហ៊ុយយ៉ុងជុល បានរួមសហកាជាអាជ្ញាធរភូមិ ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបជាង១០០នាក់ បើកយុទ្ធនាការរើសសំរាមនៅតាមដងផ្លូវក្នុងភូមិរការ និងភូមិកំរ៉ែង សង្កាត់ស្រូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងពេលធ្វើសកម្មភាពនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នោះ លោក សាន ហួង តំណាងអង្គការចលនាភូមិថ្មី បានលើកឡើងថា ការសម្អាតបរិស្ថានថ្ងៃនេះ ក្នុងគោលបំណងប្រមូលសំរាមនៅតាមសាលារៀន តាមផ្ទះ ដងផ្លូវទីសាធារណៈ យកទៅដាក់កន្លែងមួយឱ្យបានសមរម្យ និងដើម្បីឱ្យសិស្ស និងប្រជាពលរដ្ឋមានការស្វែងយល់ពីការរស់នៅស្អាត និងបរិស្ថានស្អាត ទាំងនៅផ្ទះ និងទីសាធារណៈជាដើម។
លោកបានបញ្ជាក់ទៀតថា ប្រសិនបើផ្ទះយើងស្អាត ភូមិយើងស្អាត ធ្វើឱ្យយើងមានសុខភាពល្អ ជៀសផុតពីជំងឺដង្កាត់ផ្សេងៗបានមួយកម្រិត។
ម៉្យាងវិញទៀត នៅតំបន់យើងនេះមានប្រាសាទបុរាណមួយ ក៏អាចជួយទាក់ទាញភ្ញៀវទេសចរចូលមកទស្សនា និងអាចធ្វើឱ្យជីវភាពប្រជាពលរដ្ឋប្រសើរឡើងបានមួយកម្រិតដែរ។
លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសម្អាតបរិស្ថានជុំវិញផ្ទះ និងទីសាធារណៈ ដោយផ្តើមចេញពីខ្លួនយើងគ្រប់ៗគ្នា។
លោកស្រី កេន ស៊ីន ប្រជាពលរដ្ឋរស់នៅភូមិរការ បានលើកឡើងថា លោកស្រីចូលរួមរើសសំរាមថ្ងៃនេះ គឺដើម្បីឱ្យបរិស្ថានក្នុងភូមិស្អាត មានអនាម័យ និងមានសុខភាពល្អ ជៀសផុតពីជំងឺផ្សេងៗផងដែរ៕