(ភ្នំពេញ)៖ បន្ទាប់ពីបាននាំប្រទេសជាតិឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្រោមការទទួលស្វាគមន៍លើកម្រាលព្រំនៅឯកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការ សហប្រជាជាតិនៅឯបូរីញូវយ៉ក សហរដ្ឋអាមេរិក មិនទាន់កន្លងផុតទៅបានប៉ុន្មានផង សម្តេចតេជោ ហ៊ុន សែន បាននាំកម្ពុជាឲ្យទទួលបានមហាកិត្តិយសថ្មីមួយទៀត នៅឯកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១២ នាទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្សិក នោះគឺអង្គប្រជុំអាស៊ី-អឺរ៉ុប លើកទី១២ បានសម្រេចផ្តល់សិទ្ធិឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំពិភពលោកដ៏ធំនេះនាឆ្នាំ ២០២០ ខាងមុខ។
ការដែលសហគមន៍អន្តរជាតិសម្រេចប្រគល់សិទ្ធិដល់កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំដ៏ធំបែបនេះមានន័យថា ពួកគេជឿជាក់លើសមត្ថភាពរបស់កម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យ និងមានសមត្ថភាពដ៏ពេញលេញ ក្នុងការរៀបចំចាត់ចែងកិច្ចប្រជុំលំដាប់អន្តរជាតិបានដូចប្រទេសដទៃដែរ។ ជាពិសេសការសម្រេចបែបនេះគឺជាសារដែលសហគមន៍អន្តរជាតិ ចង់បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងដែលទទួលបានការគាំទ្រយ៉ាងលើសលប់ពីប្រជាពលរដ្ឋខ្មែរ គឺជារាជរដ្ឋាភិបាលដែលមានកិត្យានុកូលភាពយ៉ាងពេញលេញទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។
ក៏ដូចជានៅបូរីញូវយ៉កដែរ វត្តមានសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងប៊្រុចសែល បានទទួលជោគជ័យ និងបាននាំមហាកិត្តិយសជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ ជោគជ័យទី១គឺ ការទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅពីសំណាក់ អនុប្រធានគណៈកម្មការអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ គឺលោកស្រី Federica Mogherini ដោយភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ព្រមទាំងបានសន្យាថានឹងពង្រឹងពង្រីកបន្ថែមទៀត ចំណងទាក់ទងគ្នាទៅវិញទៅមករវាងកម្ពុជា និងសហភាពអឺរ៉ុប។ ជោគជ័យទី២ រាល់ពេលចេញបំពេញបេសកកម្មនៅក្រៅប្រទេស ប្រមុខរាជរដ្ឋាភិបាលខ្មែរតែងតែឆ្លៀតពេលជួបពិភាក្សាការងារជាទ្វេភាគីជាមួយណ្តាប្រទេសជាមិត្តក្នុងទិសដៅស្វែងរកផលប្រយោជន៍ជូនប្រទេសជាតិ ក៏ដូចជារឹតចំណងការទូត និងកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិ។
ជាក់ស្តែង វត្តមានសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងប្រ៊ុចសែលលើកនេះ សម្តេចបានជួបពិភាក្សាការងារជាមួយសមភាគីចិន, រុស្ស៊ី ជាដើម និងក៏បានជួបជាមួយវិនិយោគិនបរទេស ដូចជា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន អឺរ៉ុប ដើម្បីស្វះស្វែង រកការទាក់ទាញអ្នកវិនិយោគទុនឲ្យចូលទៅបោះទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។ ជោគជ័យទី៣គឺ ការទទួលស្វាគមន៍ យ៉ាងរាក់ទាក់ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រ។ លើកនេះក៏មិនខុសពីនៅញូវយ៉កដែរ មានបងប្អូនខ្មែរនៅអឺរ៉ុបរាប់ពាន់នាក់បានរង់ចាំទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន នៅទីក្រុងប៊្រុចសែល ដោយក្តីគោរព គាំទ្រ និងសាទរចំពោះការដឹកនាំប្រទេសឲ្យមានសន្តិភាព និងការអភិវឌ្ឍន៍យ៉ាងលឿនរហ័ស និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។
ជោគជ័យដ៏សំខាន់មួយទៀតដែលកម្ពុជាទទួលបាននៅឯទីក្រុងប៊្រុចសែលគឺ កម្ពុជាទទួលបានការទុកចិត្តពីបណ្តាប្រទេសអឺរ៉ុប និងអាស៊ានឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១៣ នាឆ្នាំ ២០២០ខាងមុខ។ ដូច្នេះ ក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នឹងទទួលធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍អន្តរជាតិធំៗពីរគឺ កិច្ចប្រជុំអាស៊ី អឺរ៉ុប ឆ្នាំ ២០២០ និងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ ២០២២។ ទាំងនេះគឺជាជោគជ័យដ៏ត្រចះត្រចង់ដែលកម្ពុជាបានទទួលបានក្នុងនាមជារដ្ឋអធិបតេយ្យមួយ ដែលអាចឈរស្មើមុខមាត់គេក្នុងតំបន់ និងក្នុងលោក។
ជោគជ័យផ្ទួនៗរបស់កម្ពុជានៅលើឆាកអន្តរជាតិគឺបានមកដោយសារកម្ពុជាមានមគ្គុទេសក៏ដឹកនាំដ៏ពូកែប្រកបដោយទេពកោសល្យប៉ិនប្រសព្វខាងនយោបាយការទូត។ នោះគឺសម្តេច តេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព និងជាអ្នកនាំការអភិវឌ្ឍន៍មិនដែលធ្លាប់មានមកឲ្យប្រទេសកម្ពុជា។ កិត្យានុភាពនេះក៏ជាសារផ្ញើទៅកាន់ក្រុមប្រឆាំងជ្រុលនិយមទាំងឡាយថា កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីបន្តុះបង្អាប់ជាតិឯង តាមរយៈការដើរស្រែកធ្វើបាតុកម្មរប៉េះរប៉ោះគ្រប់ទិសទីដើម្បីទាមទារកុំឲ្យសហគមន៍អន្តរជាតិទទួលស្គាល់រាជរដ្ឋាភិបាល អាណត្តិទី៦ នោះគឺទទួលបរាជ័យទាំងស្រុង។ រាជរដ្ឋាភិបាលកម្ពុជាពេលនេះមិនត្រឹមតែបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការទុកចិត្តពីសហគមន៍អន្តរជាតិឲ្យរៀបចំព្រឹត្តិការណ៍ធំដូចបានលើកឡើងខាងដើមទៀតផង។
សរុបទៅកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាន និងកំពុងទទួលនូវការគាំទ្រកាន់តែខ្លាំងឡើងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងនិងក្រៅប្រទេស ក៏ដូចជាការគាំទ្រស្វាគមន៍ពីសំណាក់សហគមន៍អន្តរជាតិ។ កម្ពុជាបានចាកចេញពីប្រទេសដែលមានប្រាក់ចំណូលទាបមកកាន់ឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យម។ ប្រជាជនកម្ពុជាភាគច្រើនលើសលប់ក៏បានចាកចេញពីបន្ទាត់នៃភាពក្រីក្រ។ កម្ពុជាពេលនេះកំពុងតែបោះជំហានយ៉ាងស្វាហាប់ និងពោរពេញដោយមោទនភាពនៅលើឆាកអន្តរជាតិ។
ទាំងនេះជាស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលឈរយ៉ាងរឹងមាំដើម្បីការពារសន្តិភាព, ការពារអធិបតេយ្យ ភាពជាតិ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នា។ រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន កំពុងកាច់ចង្កូតនាវាកម្ពុជាឲ្យបោះពួយយ៉ាងលឿនលយ ទៅមុខដើម្បីនាំប្រជាពលរដ្ឋខ្មែរទៅកាន់ត្រើយសុខសាន្ត និងកំពុងតែជ្រោងទង់ជាតិកម្ពុជាឲ្យខ្ពស់ត្រដែតឡើងនៅលើឆាកអន្តរជាតិ៕