(ភ្នំពេញ)៖ ដើម្បីជាការរួមចំណែកក្នុងការជួយដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ និងធ្វើឱ្យសិស្សអាចមានចំណេះដឹងជាលក្ខណៈស្តង់ដារអន្តរជាតិ សាលាអន្តរជាតិ Sino កម្ពុជា និងសាលាអន្តរជាតិ Furen នាប្រទេសសឹង្ហបុរី បានចុះ MOU (អនុស្សរណៈយោគយល់) ជាមួយគ្នា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ ដើម្បីផ្តល់ឱកាសឱ្យសិស្សអាចទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសសឹង្ហបុរី ដើម្បីជួយពង្រឹងសមត្ថភាពរបស់សិស្សានុសិស្សខ្មែរ ពិសេសសិស្សដែលកំពុងតែសិក្សានៅសាលាអន្តរជាតិ Sino ឱ្យកាន់តែខ្លាំងពូកែ និងអាចកសាងសមត្ថភាព ទៅប្រកួតជាលក្ខណៈអន្តរជាតិ ជាមួយសិស្សមកពីបណ្តាប្រទេសដទៃទៀត។
នៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាខាងលើនោះ ភាគីខាងសាលា Sino នៃកម្ពុជាចុះហត្ថលេខាដោយលោក Johannes អ្នកគ្រប់គ្រងសាលាអន្តរជាតិ Sino និងភាគីខាងសាលាអន្តរជាតិ Furen ចុះហត្ថលេខាដោយលោក David ជាអគ្គនាយកសាលាអន្តរជាតិ Furen ។ ពិធីនេះដែរធ្វើឡើងនៅសាលាអន្តរជាតិ Sino ស្ថិតនៅសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយក៏មានការចូលរួមពីមាតា បិតានៃសិស្ស និងបុគ្គលិកនៃសាលាអន្តរជាតិ Sinoផងដែរ។
ថ្លែងក្នុងឱកាសនោះលោក Johannes បានឱ្យដឹងថា សាលាអន្តរជាតិ Sino បានបង្កើតឡើងដោយជនជាតិសឹង្ហបុរី ដើម្បីជួយសម្រួលនាំសិស្សបន្តការសិក្សានៅប្រទេសសឹង្ហបុរី ហើយជាក់ស្តែងកាលពីឆ្នាំមុនសាលា Sino បានជួយបញ្ជូនសិស្សមួយក្រុមដំបូង ទៅប្រទេសសឹង្ហបុរីសម្រាប់ការប្រលង (AEIS) ដើម្បីបន្តរការសិក្សារបស់ពួកគេនៅក្រៅប្រទេស តាមស្តង់ដារអន្តរជាតិ ហើយពួកគេក៏បានទទួលលទ្ធផលជោគជ័យ និងបានបន្តរការសិក្សាកាលពីខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ។
លោក Johannes បានឱ្យដឹងទៀតថា គោលបំណងនៃកាចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសាលា Sino International Consortium (Cambodia) និងសាលាអន្តរជាតិ Furen នាប្រទេសសឹង្ហបុរីនាពេលនេះ គឺដើម្បីជួយត្រួសត្រាយផ្លូវសម្រាប់សិស្សានុសិស្សសិក្សានៅសាលា Sinoនេះ អាចបានទៅបន្តការសិក្សារបស់ពួកគេនៅប្រទេសសឹង្ហបុរី ហើយសិស្សដែលមានចំណាប់អារម្មណ៍ចង់បន្តការសិក្សានៅសិង្ហបុរី នឹងអាចជ្រើសរើសសាលា ដែលពួកគេពេញចិត្តនៅប្រទេសសិង្ហបុរី ដើម្បីបំពេញតាមតម្រូវការរបស់ពួកគេផងដែរ។
លោក David បានឱ្យដឹងថា លោកបានធ្វើការនៅក្នុងវិស័យអប់រំក្នុងប្រទេសសឹង្ហបុរី អស់រយៈពេល ១៩ឆ្នាំមកហើយ ដោយសាលានៅទីនោះគឺមានបរិក្ខារពេញលេញយ៉ាងសម្បូរបែប ដើម្បីបម្រើដល់ការសិក្សារបស់សិស្សយ៉ាងល្អផងដែរ ហើយសាលា Furen គឺជាសាលារៀនប្លែកពីគេ ដែលផ្តោតទៅលើសមត្ថភាពសិក្សារបស់សិស្សដូចទៅនឹងសាលា Sino ផងដែរ។
លោកក៏បានបញ្ជាក់ទៀតថា សម្រាប់សិស្សដែលទទួលបានអាហារូបករណ៍ ទៅសិក្សានៅសាលាអន្តរជាតិ Furen នាប្រទេសសឹង្ហបុរី សាលានឹងជួយរៀបចំសិស្សទាំងការសិក្សា និងការរស់នៅក្នុងសង្គម ដើម្បីឱ្យស្របជាមួយប្រព័ន្ធអប់រំនាប្រទេសសឹង្ហបុរី ទាំងរបៀបរស់នៅ និងផ្តល់ការបង្រៀន ការស្នាក់នៅឥតគិតថ្លៃ សម្រាប់សិស្សទទួលបានអាហារូបករណ៍ ដោយពួកគេគ្រាន់តែត្រូវចំណាយ ៣,000 ដុល្លារអាមេរិចក្នុងមួយឆ្នាំ សម្រាប់ការចំណាយផ្សេងៗតែប៉ុណ្ណោះ៕