(ប្រ៊ុចសែល, ប៊ែលហ្សិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅដល់ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨។ 

 

វត្តមានសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា នៅទីក្រុងប្រ៊ុចសែល ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងឯកអគ្គរដ្ឋទូតខ្មែរប្រចាំនៅប្រទេសប៊ែលហ្ស៊ិក។ ជាពិសេសមានការរង់ចាំទទួលស្វាគមន៍យ៉ាងច្រើនពីប្រជាពលរដ្ឋកំពុងរស់នៅ និងសិក្សារៀនសូត្រក្នុងប្រទេសប៊ែលហ្ស៊ិក ក៏ដូចជាមកពីប្រទេសនានា ក្នុងតំបន់អឺរ៉ុបផងដែរ។ 

 

ក្នុងសណ្ឋាគាររ៉ាឌីសិន នៅទីក្រុងប្រ៊ុចសែល នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានទទួលជួបតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប។ សម្តចបានស្វាគមន៍ ចំពោះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ដែលបានចេញសេចក្តីថ្លែងការណ៍ពីសភាពការណ៍ពិតរបស់កម្ពុជា ហើយសម្តែងការព្រួយបារម្ភ អំពីការកំណត់ដកប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជា ដែលធ្វើឡើងដោយគណៈកម្មការអឺរ៉ុប។ សម្តេចចាត់ទុកថា សេចក្តីថ្លែងការណ៍នេះមានលក្ខណៈត្រឹមត្រូវ ពោលគឺក្រុមប្រឹក្សាអឺរ៉ុបត្រូវតែស្តាប់សំឡេងពីក្រុមធុរកិច្ច និងក្រុមសង្គមស៊ីវិលជាដើម។ 

 

ដោយឡែក ពេលរសៀលថ្ងៃដដែលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានជំនួបទ្វេភាគីជាមួយបុគ្គលសំខាន់មួយទៀតនោះគឺ លោកស្រី ហ្វែដឺរីកា មូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកការបរទេស និងគោលនយោបាយសន្តិសុខ។ ខ្លឹមសារសំខាន់នៅក្នុងជំនួបទ្វេភាគីនេះភាគីទាំងពីរ បានសន្យាថា នឹងប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាប្រឈមមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរថែមទៀត។

 

ក្រោយបញ្ចប់ជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តជួបប្រជុំទ្វេភាគីជាមួយ លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិន ដែលអញ្ជើញទៅចូលរួមកិច្ចប្រជុំនេះដែរ។ ក្នុងជំនួបនេះ ភាគីចិនបានបង្ហាញការគាំទ្រជានិច្ចចំពោះតួនាទីរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំផ្សេងៗ រួមទាំងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ទៀតផង។ 

 

បន្ទាប់ពីនោះ សម្តេចតេជោ ហ៊ុន សែន បានមានជំនួបទ្វេភាគីជាមួយ លោក ដិមេទ្រី មីតដ្វេដេវ (Dmitry Medivedev) នាយករដ្ឋមន្រ្តីរុស្ស៉ី។ ជាលទ្ធផល រុស្ស៉ី បានសន្យាថា ចាប់ពីឆ្នាំ២០១៩ទៅ រុស្ស៊ីនឹងបន្តផ្តល់ជំនួយដល់ការអភិវឌ្ឍនៅកម្ពុជា។ សម្រាប់បំណុលចាស់វិញ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី អះអាងថា នឹងប្រើប្រាស់សម្រាប់វិនិយោគនៅកម្ពុជា ជាអាទិភាពដ៏ល្អមួយដែលរុស្ស៊ីចង់ជួយកម្ពុជា។ 

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១២។ ពិធីនេះគឺបានធ្វើឡើងនៅអគារអឺរ៉ុបជាន់ទី៥ ក្នុងទីក្រុងប្រ៊ុចសែល។

ចំពោះមុខមេដឹកនាំអាស៊ី-អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជារីករាយនឹងស្វាគមន៍ចំពោះការវិវត្តន៍ជាវិជ្ជមានថ្មីៗនៅឧបទ្វីបកូរ៉េ។ ជាពិសេសកិច្ចប្រជុំកំពូល ដែលមិនធ្លាប់មានពីមុនមក រវាងអាមេរិក និងកូរ៉េខាងជើង ព្រមទាំងកិច្ចប្រជុំកំពូលរវាងកូរ៉េទាំងពីរជាច្រើនលើកកន្លងមក ដែលជាការបោះជំហានដ៏ធំមួយឆ្ពោះទៅ រកយុគសម័យនៃភាពធូរស្រាល អំណោយផលដល់កិច្ចពិភាក្សាបន្ត ស្តីពីការបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង និងការបង្កើតជាបណ្តើៗ នូវសន្តិភាពយូរអង្វែងក្នុងឧបទ្វីបកូរ៉េ។ សម្តេចបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យរក្សាការអត់ធ្មត់ និងបន្តប្តេជ្ញាប្រកាន់យកការសន្ទនាប្រកបដោយស្មារតីស្ថាបនា និងសន្តិវិធី ដើម្បីឈានទៅកាត់បន្ថយភាពតានតឹង និងសម្រេចបាន ការរំសាយទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ ដែលអាចត្រួតពិនិត្យបាន និងមិនវិលត្រឡប់ថយក្រោយឡើយនៅលើឧបទ្វីបកូរ៉េតទៅទៀត។

លទ្ធផលវិជ្ជមានមួយទៀតសម្រាប់ប្រទេសកម្ពុជា គឺក្នុងកិច្ចប្រជុំនេះ មេដឹកនាំប្រទេសអាស៊ី-អឺរ៉ុប បានសម្រេចជាឯកច្ឆ័ន្ទឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០។ នេះជាការទទួលបានឱកាសលើកដំបូងសម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់មួយនេះ ក្រោយក្លាយជាសមាជិកកាលពីឆ្នាំ២០១៤។

 រហូតដល់យប់ថ្ងៃទី១៩​ ខែតុលា ដដែលនេះ សម្តេចតេជោ ហ៊ុន សែន​ បានជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅទ្វីបអឺរ៉ុបប្រមាណជាង១០០០នាក់ នៅទីក្រុងប្រ៊ុចសែល។ នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអំពីភាពវិជ្ជាមានរបស់កម្ពុជា ដែលចូលរួមប្រជុំកំពូលអាស៊ី-អឺរ៉ុប។ សម្តេចពន្យល់ប្រជាពលរដ្ឋខ្មែរទាំងនោះ អំពីស្ថានភាពនយោបាយពិតប្រាកដនៅកម្ពុជា និងការចូលរួមរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ព្រមទាំងបកអាក្រាតអំពីល្បិចកលរបស់ក្រុមមាននិន្នាការប្រឆាំងជ្រុលនិយមផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ដល់បងប្អូនជនរួមជាតិខ្មែរ ទាំងអស់នៅមោទនភាពជាតិខ្មែរ ដែលកម្ពុជាត្រូវបានប្រទេសជាង៥០ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្សិក បានគាំទ្រកម្ពុជាធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប នៅឆ្នាំ២០២០។ សម្តេចតេជោ បានថ្លែងទៀតថា ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរុបនៅលើកនេះ គ្មាននិយាយអ្វីពីកម្ពុជានោះទេ មានតែការសម្រេចផ្តល់សិទ្ធិ និងគាំទ្រកម្ពុជាធ្វើម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ឆ្នាំ២០២០ប៉ុណ្ណោះ។

ថ្លែងសារនយោបាយចេញពីទីនោះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ឱ្យចេះអៀនខ្មាស់ចំពោះខ្លួន ហើយមិនត្រូវចេះតែប្រៀបធៀបខ្លួនឯង ទៅនឹងអ្នកដទៃទៀត។ ជាមួយគ្នានេះ សម្ដេចបានផ្ដាំទៅទណ្ឌិត សម រង្ស៊ី ដែលកំពុងតែរត់គេចពីសំណាញ់ច្បាប់របស់កម្ពុជានោះ កុំផ្ញើសារសុំចរចារជាមួយសម្ដេចឲ្យសោះ ព្រោះសម្ដេចគ្មានផ្លូវចរចាជាមួយនោះឡើយ ហើយប្រសិនបើនៅតែបន្ដសុំចរចាទៀតប្រយ័ត្នត្រូវរន្ទះបាញ់ស្លាប់។

ក្រៅពីនេះ សម្តេចក៏បង្ហើបអំពីគម្រោងស្នើធ្វើជាប្រធានចលនាមិនចូលបក្សសម្ព័ន្ធនៅអាណត្តិក្រោយ ពោលគឺចាប់ពីឆ្នាំ២០២៣ឡើងទៅ។ បន្ទាប់ពីកម្ពុជាបានដឹកនាំកិច្ចប្រជុំអន្តរជាតិសំខាន់ៗចំនួន២ នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី០៦នេះ ក្នុងនោះឆ្នាំ២០២០ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប, ឆ្នាំ២០២៣ បោះឆ្នោតសកលនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន​ សែន បានពន្យល់ប្រាប់ប្រជាពលរដ្ឋខ្មែរនៅទីនោះថា នយោបាយរបស់សម្តេចមិនត្រូវការយកពន្ធលើដីស្រែកសិករនោះឡើយ។ ប៉ុន្តែសម្រាប់បក្សនយោបាយផ្សេងសម្តេចមិនដឹងនោះទេ តែសម្រាប់បក្សប្រជាជនកម្ពុជា នៅតែបន្តមិនយកពន្ធលើដីស្រែរបស់ប្រជាកសិករ។ មិនតែប៉ុណ្ណោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាចង់ដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបពីកម្ពុជា (EBA) រហូតមកដល់ពេលនេះ មិនមានអ្វីប៉ះពាល់ទាំងអស់ គឺគ្រាន់តែត្រូវបានគេប្រើប្រាស់ ធ្វើជាសង្គ្រាមចិត្តសាស្ត្រ ដើម្បីវាយប្រហាររាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។

បេសកកម្មទៅកាន់ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិកលើកនេះ សម្តេចតេជោ ហ៊ុន សែន​ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានទទួលលទ្ធផលជាវិជ្ជមានយ៉ាងគាប់ប្រសើរ នៅលើឆាកអន្តរជាតិ ជាពិសេសទំនាក់ទំនងការទូតជាមួយប្រទេសដទៃ ប្រទេសមហាអំណាច ដោយបានជួបស្វាគមន៍ដោយមេដឹកនាំប្រទេសនានា មិនថានៅអាស៊ី និងអឺរ៉ុបទេ។ មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន បានហាក់បានបំភ្លឺជូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ក្នុងទ្វីបអឺរ៉ុបនេះ ឱ្យយល់អំពីស្ថានភាពពិតប្រាកដ រួមទាំងការអភិវឌ្ឍជាបន្តបន្ទាប់ ហើយបក់ចេញនូវភាពខ្មៅងងឹត ដែលក្រុមនយោបាយខ្មែរបម្រើបរទេស បានបង្កើតឡើងជាច្រើនឆ្នាំមកនេះ។

 សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា បានចាកចេញពីទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសទួកគី រយៈពេល២ថ្ងៃបន្តទៀត៕