(រតនគិរី)៖ ថ្លែងទៅកាន់ក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជនកម្ពុជាមកពី ២៥រាជធានី-ខេត្ត ប្រមាណជាង៣០០នាក់ ក្នុងឱកាសបិទកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ «មិត្តល្អ កូនល្អ សិស្សល្អ» នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ លោក សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំ ដែលដំណើរការទៅរយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ប្រកបដោយជោគជ័យ។
លោកបានបន្តថា ការប្រជុំបូកសរុបវាយតម្លៃចលនាប្រឡងប្រណាំងល្អ របស់យុវជននិងកុមារ ជាការងារមួយក្នុងចំណោមការងារទាំងឡាយ នៃការអប់រំសំដៅលើកកម្ពស់សីលធម៌ ឈានទៅកាត់បន្ថយ និងបង្ការភាពអសកម្មនានា ដែលកើតមានឡើងក្នុងជួរយុវជន និងកុមារ។ លោកថា ការប្រជុំបូកសរុបនេះ សំដៅផ្លាស់ប្ដូរលើកទឹកចិត្តយុវជន និងកុមារព្រមទាំងអង្គភាព ដែលមានស្នាដៃក្នុងការអនុវត្តចលនាប្រឡងប្រណាំង៣ល្អ។
លោកបានបន្តទៀតថា ក្រសួងបានរៀបចំការប្រជុំបូកសរុបនេះ មានគោលបំណងបង្កលក្ខណៈភាពងាយស្រួល ជូនដល់មន្រ្តីគ្រប់គ្រងការងារយុវជន និងកុមារគ្រប់លំដាប់ថ្នាក់ និងផ្តល់ឱកាសដល់យុវជន និងកុមារដែលមានស្នាដៃទាំងអស់ បានជួបប្រជុំគ្នាផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធន៍ជាក់ស្ដែងពីគ្នាទៅវិញទៅមកអំពីការងាររៀបចំ និងពង្រឹង ការងារអភិវឌ្ឍក្រុមប្រឹក្សាយុវជន និងកុមារនៅតាមសាលារៀនបឋមសិក្សា អនុវិទ្យាល័យវិទ្យាល័យ ពិសេសអំពីរបៀបជ្រើសរើស អ្នកមានស្នាដៃក្នុងចលនា៣ល្អ រៀបចំទិសដៅ និងចាត់វិធានការមួយដ៏សមស្រប សម្រាប់បន្តជំរុញការអនុវត្តចលនា៣ល្អ របស់យុវជននិងកុមារ ឲ្យកាន់តែប្រសើរឡើង ប្រកបដោយប្រសិទ្ធភាព។
លោកអនុរដ្ឋលេខាធិការ បានបន្តថាការលើកកម្ពស់ចលនាប្រឡងប្រណាំង៣ល្អ របស់យុវជននិងកុមារ និងអង្គភាពសាលារៀនគ្រឹះស្ថានសិក្សាសាធារណៈ ជាការងារអប់រំនិងអភិវឌ្ឍន៍យុវជន និងកុមារគ្រប់រូបឱ្យក្លាយទៅជាកូនល្អ ស្ដាប់និងអនុវត្តន៍តាមដំបូន្មាន របស់ឪពុកម្ដាយលោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ។ សិស្សល្អដែលរៀនពូកែ និងមានឥរិយាបទសុភាពរាបសារ មានសេចក្តីថ្លៃថ្នូរ និងមិត្តល្អត្រូវចេះជួយមិត្តភក្ត ទៅវិញទៅមក ប្រៀបដូចជាគ្រួសារតែមួយ និងជាអនាគតដ៏ល្អនិងជាអនាគតដ៏ល្អ ប្រកបដោយធនធានមនុស្សសម្បូរបែប សម្រាប់អនាគតសេដ្ឋកិច្ចសង្គមជាតិ៕