(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា បានបន្តអំពាវនាវ ទៅដល់មហាជនបន្តជួយទៅតាមចិត្តសប្បុរស និងលទ្ធភាពទាំងការជួយផ្សព្វផ្សាយ ពីការយល់ដឹងអំពីជំងឺមហារីកកុមារ និងការបរិច្ចាគថវិកាតាមដែលអាចធ្វើបាន។
ការអំពាវនាវយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលោកអញ្ជើញ ជាអធិបតីក្នុងកម្មវិធីសង្គម «CRANE FOR KIDS» ដើម្បីលើកកម្ពស់ការ លើកកម្ពស់ការយល់ដឹងពីជំងឺមហារីកកុមារនៅ ប្រទេសកម្ពុជា និងស្វែងរកជំនួយសប្បុរសសម្រាប់គ្រួសារ ខ្វះខាត នៃកុមារមានជំងឺមហារីក នៅសៀលថ្ងៃសុក្រ ទី១៩ តុលា ឆ្នាំ២០១៨ នៅសាលសន្និសីទ សាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ។
កម្មវិធីសង្គម «CRANE FOR KIDS» រៀបចំឡើងដោយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា រួមសហការជាមួយសហភាពសហពន្ធ័យុវជនកម្ពុជា និង មជ្ឈមណ្ឌលជាតិជំងឺមហារីក នៃមន្ទីរពេទ្យកាល់ម៉ែត។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏បានថ្លែងនូវការកោតសរសើរទៅដល់ កុមារាកុមារី និងមាតាបិតាអាណាព្យាបាល ដែលមានភាពក្លាហានចែករំលែកនូវបទពិសោធន៍ព្យាបាលជំងឺមហារីក។
ក្នុងឱកាសនោះដែរ គណៈអធិបតី ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ក៏បានឃើញនូវស្នាមញញឹមរបស់កុមារា កុមារីចំនួន៩រូប ដែលបានមកបង្ហាញណែនាំខ្លួនដល់អង្គពិធី និងបានធ្វើការសម្តែងតូចមួយជាការថ្លែងអំណរគុណ ទៅដល់គណៈអធិបតី ភ្ញៀវកិត្តិយសនិង អ្នកចូលរួមទាំងអស់។ កុមារទាំងអស់នោះសុទ្ធតែបានទទួលការព្យាបាលពីក្រុម វេជ្ជបណ្ឌិតណ្ឌិតប្រចាំមជ្ឈមណ្ឌលជាតិជំងឺមហារីកនៃ មន្ទីរពេទ្យកាល់ម៉ែត ហើយចំនួនធំមានការជាសះស្បើយពី ជំងឺមហារីករបស់ពួកគេ និងមួយចំនួនកំពុងទទួលការព្យាបាលជិតជាសះស្បើយ។
ក្នុងឱកាសដ៏មានតម្លៃនោះ លោកស្រីវេជ្ជបណ្ឌិត ម្លិះ រដ្ឋា ឯកទេសជំងឺមហារីកកុមារនៃមន្ទីរពេទ្យកាល់ម៉ែត បានសង្កត់ធ្ងន់ថា ជំងឺមហារីកក៏មានកើតឡើង លើកុមារផងដែរ ហើយបានអំពាវនាវទៅដល់មហាជន និងក្រុមគ្រួសារកុំឲ្យមានក្តីអស់សង្ឃឹមព្រោះថា ជំងឺមហារីក កុមារមានភាគរយខ្ពស់ ក្នុងការព្យាបាលឲ្យបានធូរស្រាល និងជាសះស្បើយ។
លោកស្រីវេជ្ជបណ្ឌិតថ្លែងថា «សំណួរដែលខ្ញុំ និងក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺមហារីកកុមារ បានទទួលជាញឹកញាប់នោះ គឺ កុមារមានកើតជំងឺមហារីកដែរ? ដែលនេះជាចំណុចយល់ខុសមួយរបស់ មហាជនទូទៅ ដោយពួកគាត់បានគិតថា ជំងឺមហារីក គឺកើតឡើងចំពោះតែមនុស្សពេញវ័យ ដូចដែលពួកគាត់បាន ដឹងតាមរយៈបទពិសោធន៍ទូទៅ ឬតាមរយៈភាពយន្តមួយចំនួន»។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា «ជំងឺមហារីកកុមារមានភាពខុសគ្នាច្រើន ពីជំងឺមហារីកមនុស្សពេញវ័យ ទាំងប្រភេទ ទីតាំង ការវិវត្តន៍ និងរបៀបព្យាបាល។ បើទោះជាប្រទេសកម្ពុជា នៅមានកង្វះខាតផ្នែកវេជ្ជបណ្ឌិត ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្តមួយចំនួនក៏ដោយ ក៏ក្រុមវេជ្ជបណ្ឌិតប្រចាំមជ្ឈមណ្ឌលជាតិជំងឺមហារីកនៃ មន្ទីរពេទ្យកាល់ម៉ែត នៅតែបន្តបណ្តុះបណ្តាលធនធានមនុស្ស ដែលមជ្ឈមណ្ឌលមាន ព្រមទាំងបន្តសហការជាមួយ មន្ទីរពេទ្យកុមារផ្សេងទៀត និងដៃគូសហការអន្តរជាតិមួយចំនួន ក្នុងការព្យាបាលកុមារមានជំងឺមហារីកនៅប្រទេសកម្ពុជា។ ស្នាមញញឹមកុមារ ជាមោទនភាពរបស់យើង»។
លោកលោក ស្រ៊ាង គឹមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាបានថ្លែងថា «យើងខ្ញុំសង្ឃឹមជឿជាក់ថា ជំនួយឧបត្ថម្ភដែលបានមកពី ទឹកចិត្ត សប្បុរសធ៌មរបស់ភ្ញៀវកិត្តិយស និងសាធារណៈជនទាំងអស់នឹងបានចូលរួមជ្រោមជ្រែង ជាពិសេសទៅដល់សុខភាពផ្លូវកាយ និង ជំនួយដល់ស្មារតី ផ្លូវចិត្តរបស់ក្រុមកុមារមានជំងឺមហារីក ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ផងដែរ»។
សូមជម្រាបថា ថវិកាដែលទទួលបានពី កម្មវិធី CRANE FOR KIDS នឹងត្រូវបានប្រើប្រាស់ជួយ ទៅលើអាហារូបត្ថម្ភបន្ថែមសម្រាប់កុមារៗមាន ជំងឺមហារីកនៅក្រោមបន្ទុកគ្រួសារ ដែលមានជីវភាពខ្វះខាតដែលកំពុង សម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិជំងឺ មហារីក។ មួយចំណែកទៀតនឹង ត្រូវបាន ប្រើប្រាស់សម្រាប់ការជាវនូវ សៀវភៅ សម្ភារៈសិក្សា និងសម្ភារៈកម្សាន្តមួយចំនួន ហើយសម្ភារៈទាំងនេះ នឹងត្រូវបរិច្ចាគជូនដល់ មជ្ឈមណ្ឌលជាតិជំងឺមហារីក សម្រាប់កន្លែងកម្សាន្តរបស់ កុមារដែលស្ថិតនៅជាន់ទី៣នៃអាគារ នោះ។
សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា សង្ឃឹមថា កម្មវិធី CRANE FOR KIDS នឹងក្លាយជាសកម្មភាពគម្រូមួយដែលអាចបង្ហាញពីការយកចិត្តទុកដាក់ របស់សង្គម ទៅលើកុមារៗមាន ជំងឺមហារីក និងគ្រួសារ ដែលអាចផ្តល់នូវកម្លាំងចិត្ត និងក្តីសង្ឃឹមដល់កុមារទាំង នោះយកឈ្នះនូវជំងឺមហារីករបស់ខ្លួន និងក្លាយជាពលរដ្ឋគម្រូដែលបន្តនូវសកម្មភាពជួយសង្គមតាមលទ្ធភាព និងរូបភាពផ្សេងៗ៕