(ក្រចេះ)៖ លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា គិតត្រឹមរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ ករណីពុលស្រស នៅតាមឃុំមួយចំនួន ក្នុងស្រុកសំបូរ ខេត្តក្រចេះ បានបណ្តាលឲ្យស្លាប់៥នាក់ ក្នុងនោះមានស្រីម្នាក់ ខណៈប្រជាពលរដ្ឋដែលធ្លាក់ខ្លួនឈឺបានកើនឡើងរហូតដល់៧៨នាក់។
លោក លី សុវណ្ណ បានបញ្ជាក់ថា «អ្នកជំងឺសរុបចំនួន៧៨នាក់ក្នុងនោះស្រី១៧នាក់ ស្លាប់៥នាក់ ក្នុងនោះស្រីម្នាក់ ដោយបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត២នាក់ ប្រុសម្នាក់ ស្រីម្នាក់ និងអ្នកពុលស្រាស៤២នាក់ បានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យ»។
លោកថា ការកើនឡើងនេះ ដោយសារក្រុមមន្ត្រីជំនាញថ្នាក់ជាតិ និងថ្នាក់ខេត្ត បានចុះដល់មូលដ្ឋានរកឃើញអ្នកពុលស្រា នៅក្នុងភូមិថ្មីបីទៀតឈ្មោះភូមិដកព័រ ឧបសម្ព័ន្ធភូមិជើងពាត ឃុំកោះខ្ញែរ ភូមិកោះរៀល ឃុំសំបូរ និងភូមិកំពង់រទេះ ឃុំបឹងចារ ស្រុកសំបូរ ដែលជាទីតាំងជិតភូមិកើតហេតុចាស់ ហើយបានបញ្ជូនពួកគាត់បន្ថែមទៀតទៅមន្ទីរពេទ្យខេត្ត។
បើតាមអ្នកនាំពាក្យ ក្រុមមន្ត្រីជំនាញសុខាភិបាល នៅតែបន្តចុះអង្គេតទៅភូមិផ្សេងៗទៀត ដើម្បីឲ្យប្រាកដថា គ្មានករណីពុលស្រាដទៃទៀតទេ។
ជាមួយគ្នានេះ ក្រុមមន្ត្រីជំនាញបានអប់រំប្រជាពលរដ្ឋឲ្យបញ្ឈប់ផឹកស្រាសជាបណ្តោះអាសន្ន ហាមការលក់ និងចែកចាយ និងបិទទីតាំងផលិតស្រាស។
មន្រ្តីជំនាញក្រសួងសុខាភិបាល បានសំណូមពរដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរដែនដីត្រូវពង្រឹងការត្រួតពិនិត្យ ការផលិត ការចែកចាយ ការលក់ ស្រាសឲ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ។ ចំពោះប្រជាពលរដ្ឋក៏ត្រូវទិញស្រាស ដែលមានប្រភពច្បាស់លាស់ ផលិតស្រាសតាមបច្ចេកទេសត្រឹមត្រូវ និងមានការត្រួតពិនិត្យពីមន្រ្តីជំនាញ។
សូមបញ្ជាក់ថា ករណីពុលនេះបានកើតឡើងទៅលើប្រជាពលដ្ឋរស់នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ដោយពួកគាត់បានច្រូតស្រូវរួច ហើយបាននាំគ្នាផឹកស្រាសកាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។ ពេលនោះមានអ្នកស្លាប់៣នាក់ មានបុរស២នាក់ និងស្រ្តីម្នាក់ ដោយបានដាច់ខ្យល់ស្លាប់ក្នុងសភាពណែនដើមទ្រូង ថបដង្ហើម និងបានដាច់ខ្យល់ស្លាប់ជាបន្តបន្ទាប់ ក្រោយពីនាំទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។
សម្រាប់ករណីស្លាប់ និងពុលអ្នកភូមិដែលអាជ្ញាធរសង្ស័យថា ពុលស្រាសនេះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផលិតស្រាសមួយកន្លែង នៅក្នុងភូមិនោះដើម្បីសាកសួរ។ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចនឹងខិតខំស្រាវជ្រាវបន្តទៀត ដើម្បីបង្ហាញអំពីមូលហេតុច្បាស់លាស់។
លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ក៏បានបញ្ជាក់ផងដែរថា ក្រោយកើតហេតុភ្លាមៗ និងក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជាឲ្យកម្លាំងនគរបាលជួយដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ៕