(ក្រចេះ)៖ ទេសរដ្ឋមន្រ្តី គន់ គីម បាននាំយកប័ណ្ណបេឡាសន្តិសុខសង្គម សម្រាប់ការព្យាបាលជំងឺដោយឥតគិតថ្លៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគម ទៅចែកជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ ចំនួន៦៥៣នាក់ ដែលពិធីនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី គន់ គីម បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមជូនដល់បងប្អូនសមាជិក ស.អ.ក យើងទាំងអស់គ្នា។ បន្ទាប់មកលោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់បងប្អូនសមាជិកអតីតយុទ្ធជនយើង ដែលបានទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ អគ្គលេខាធិការសមគមរូបនេះ ក៏បានបញ្ជាក់ជូនបងប្អូនយើងអំពីសារសំខាន់ នៃប័ណ្ណបេឡាសន្តិសុខសង្គម ដែលជាផ្នែកមួយ នៃលទ្ធផលក្នុងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានណែនាំឲ្យបងប្អូនយើងត្រូវបន្តនូវប្រពៃណីរបស់ខ្លួន ធ្វើជាគំរូល្អនៅមូលដ្ឋានដែលខ្លួនរស់នៅ មានការអ្វីត្រូវរាយការណ៍ មកនាយប៉ុស្តិ៍រដ្ឋបាល ដែលជាប្រធាសាខាសមាគម នៅថ្នាក់ឃុំ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «ការផ្តល់ប័ណ្ណសមាជិកបេឡាសន្ដិសុខសង្គមនេះ គឺជាការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន លើគោលនយោបាយគាំពារសង្គម ដែលផ្តោតជាសំខាន់លើការថែទាំសុខភាព ជូនអតីតយុទ្ធជនឲ្យទទួលបានសេវាពិនិត្យព្យាបាល តាមមន្ទីរពេទ្យរដ្ឋ ដោយឥតបង់ថ្លៃ ដែលរួមចំណែកយ៉ាងសំខាន់ដល់គោលនយោបាយជាតិ អតីតយុទ្ធជនរបស់រាជរដ្ឋាភិបាលកម្ពុជា»។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំសមាគម គ្រប់ថ្នាក់ពេលទទួលបានសំណូមពរពីបងប្អូន ត្រូវចាត់តាំងកម្លាំងចុះពិនិត្យ និងដោះស្រាយជូនពួកគាត់ភ្លាម។ តាមរបាយការណ៍របស់ សមាគមអតីតយុទ្ធជនខេត្ត អគ្គលេខាធិការបានគោរពស្នើសុំសម្តេចប្រធាន និងត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតចំនួន១០ខ្នងបន្ថែមទៀត ដែលពីមុនសម្តេចបានផ្តល់ជូន៤០ខ្នងរួចមក ហើយកំពុងសាងសង់។