(ព្រះសីហនុ)៖ លោក ផន រតនៈ ប្រធានអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា ខេត្តព្រះសីហនុកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ដោយប្រជាពលរដ្ឋខ្វះខាតទឹក ពី៤ទៅ៦ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃៗ។
ថ្លែងបញ្ជាក់មកអង្គភាពសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ លោក ផន រតនៈ បានឲ្យដឹងបន្ថែមថា មូលហេតុនៃការខ្វះខាតទឹកស្អាតប្រើប្រាស់នេះ ដោយសារការអភិវឌ្ឍ និងការវិនិយោគយ៉ាងគំហុក នាមួយរយៈកាលចុងក្រោយនេះ។
លោកប្រធានរដ្ឋាករទឹកបានបន្តថា ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ទាំងនេះ រាល់ថ្ងៃរដ្ឋាករទឹកបានទិញពីក្រុមហ៊ុនអានកូ ចំនួន៩៥ភាគរយ និងផលិតខ្លួនឯងចំនួន៥ភាគរយ ហើយក្រុមហ៊ុនអានកូបានផលិតទឹកស្អាត ដែលយកទឹកធម្មតាពីតំបន់ក្បាលឆាយ។ លោកបន្តថា ក្នុងមួយថ្ងៃអង្គភាពរដ្ឋាករទឹក បានចែកចាយទឹកស្អាតជូនប្រជាពលរដ្ឋចំនួន៣២,០០០ម៉ែត្រគូប ខណៈ២៦,០០០ម៉ែត្រគូប ទិញពីក្រុមហ៊ុនអានកូ និង៦,០០០ម៉ែត្រគូប រដ្ឋាករទឹកខេត្តផលិតដោយខ្លួនឯង តែចំនួននេះនៅតែមិនគ្រប់តាមតម្រូវការរបស់ប្រជាពលរដ្ឋនោះទេ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រុមហ៊ុន អានកូ បានប្រឹងប្រែងរកវិធី ក៏ដូចជា វិធានការណ៍ដើម្បីដោះស្រាយ បញ្ហាខ្វះខាតទឹកស្អាតនេះយ៉ាងខ្លាំងផងដែរ។ ជាក់ស្តែងកាលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ លោកបានដឹកនាំមន្ត្រី ចុះទៅប្រជុំជាមួយក្រុមហ៊ុនអានកូនដោយផ្ទាល់។ នេះជាការបញ្ជាក់បន្ថែមពីលោក រតនៈ។
ជាលទ្ធផលក្រុមហ៊ុនបានសន្យាថា នឹងបង្កើតរោងចក្រផលិតទឹកស្អាត ដែលអាចផលិតទឹក៦០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃៗ ឲ្យបានក្នុងឆ្នាំ២០១៨នេះតែម្តង។ បើតាមប្រធានអង្គភាពរដ្ឋាករទឹករូបនេះ ទីកន្លែងដែលខ្វះខាតទឹកស្អាត ភាគច្រើនជាតំបន់លើភ្នំ និងខ្លះមកពីក្រុមហ៊ុនធំៗបានប្រើម៉ូទ័របូមខ្លួនឯង ធ្វើឲ្យទឹកមិនអាចហូរចូលពេញបាក់សាំងបាន។
តាមសេចក្តីរាយការណ៍ពីប្រជាពលដ្ឋក្នុងខេត្តព្រះសីហនុ ក៏បានឲ្យដឹងថា ពួកគាត់មានការពិបាកខ្លាំងណាស់ រឿងខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់នេះ ដោយសារពេលខ្លះទឹកចេញតិចៗ និងពេលខ្លះទៀតដាច់ទឹកតែម្តង៕