(ប៊ែលហ្សិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ដល់បងប្អូនជនរួមជាតិខ្មែរ ទាំងអស់នៅមោទនភាពជាតិខ្មែរ ដែលកម្ពុជាត្រូវបានប្រទេសជាង៥០ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្សិក បានគាំទ្រកម្ពុជាធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប នៅឆ្នាំ២០២០ខាងមុខនេះ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងទៀតថា ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរុបនៅលើកនេះ គ្មាននិយាយអ្វីពីកម្ពុជានោះទេ មានតែការសម្រេចផ្តល់សិទ្ធិ និងគាំទ្រកម្ពុជាធ្វើម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ឆ្នាំ២០២០ប៉ុណ្ណោះ។

សម្តេចតេជោ បានប្រាប់បងប្អូនខ្មែរថា មោទនភាពនៃការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនេះ មិនរំពឹងថានឹងទទួលបានការសាទរ ពីក្រុមបក្សប្រឆាំងនោះឡើយ ព្រោះថាសូម្បីកីឡាករ កីឡាការិនីខ្មែរ ដែលទទួលបានមេដាយជូនជាតិមាតុភូមិ ក្រុមបក្សប្រឆាំងមិនដែលអបអរសាទរនោះទេ។

សម្តេចតេជោ ហ៊ុន សែ​ន យ៉ាងដូច្នេះក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយបងប្អូនខ្មែរ រស់នៅទ្វីបអឺរ៉ុប ប្រមាណជាង១០០០នាក់ នាទីក្រុងប្រ៊ុចសែល នាយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «ខ្ញុំសូមប្រកាសជូនបងប្អូនជនរួមជាតិរបស់យើង នូវមោទនភាពជាតិរបស់យើងថា ឆ្នាំ២០២០ កម្ពុជា ត្រូវបានទទួលនូវមោទនភាព និងការគាំទ្រពីប្រទេសជាង៥០ ឲ្យធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ីអឺរ៉ុប នៅទីក្រុងភ្នំពេញ»

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ការបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនីមួយៗ មិនមែនជារឿងងាយស្រួល នោះទេ គឺមានការប្រជែងគ្នាពីប្រទេសដទៃៗទៀត។ សម្តេចថ្លែងថា នៅពេលត្រឡប់ទៅមាតុភូមិវិញ រដ្ឋមន្រ្តីក្រសួងការបរទេស នឹងចាប់ផ្តើមគិតគូរអំពីការរៀបចំ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលមានជាង៥០ប្រទេសចូលរួម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងត្រូវរៀបចំច្រើនណាស់ ត្រឡប់ទៅវិញ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ត្រូវពិនិត្យថា ប្រជុំនៅទីណា? ជប់លៀងនៅទីណា ? ត្រូវពិនិត្យឲ្យច្បាស់លាស់ ព្រោះ៥០ជាងប្រទេស រាប់ទាំងលេខាធិការដ្ឋានរបស់ EU លេខាធិការដ្ឋានរបស់អាស៊ាន...អាណត្តិនេះខ្ញុំ មិនគ្រាន់តែធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី អឺរ៉ុបទេ ហើយអាណត្តិក្រោយ ខ្ញុំអាចនឹងឈានទៅធ្វើប្រធានចលនមិនចូលបក្ខសម្ព័ន្ធ នៅកម្ពុជា»

សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការ រវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី និងតំបន់អឺរ៉ុបជាមួយការផ្ដោតសំខាន់លើសសរស្តម្ភចំនួន៣ រួមមាននយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ ASEM តំណាងឱ្យ៥០ភាគរយ នៃ GDP របស់ពិភពលោក ព្រមទាំងស្មើនឹង ៦០ភាគរយនៃចំនួនប្រជាជនពិភពលោក និង ៦០ភាគរយ នៃពាណិជ្ជកម្មពិភពលោក។

កិច្ចប្រជុំ ASEM លើកដំបូង ត្រូវបានធ្វើឡើងកាលពីខែមីនា ឆ្នាំ១៩៩៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ។ បច្ចុប្បន្ន ASEM មានដៃគូចំនួន៥៣ ក្នុងនោះមាននៅ តំបន់អាស៊ី Asia ២១ប្រទេស រួមទាំងសមាជិកអាស៊ានទាំង ១០ប្រទេស។ ប្រទេសក្នុងតំបន់អឺរ៉ុប ចំនួន ៣០ប្រទេស ក្នុងនោះ ២៨ប្រទេសជាសមាជិកសហភាពអឺរ៉ុប និងប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុបចំនួន ២ទៀត គឺន័រវែស និងស្វីស។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពី លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុបផងដែរ។

សម្រាប់កម្ពុជា បានក្លាយជាសមាជិកនៃវេទិកានេះក្នុងកិច្ចប្រជុំកំពូល ASEM លើកទី៥ រៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៤។

សម្រាប់ដំណើរការរបស់វេទិកានេះ គឺប្រទេសជាសមាជិក ASEM ទាំងអស់ មានភារកិច្ចជួយសម្របសម្រួលកិច្ចសហប្រតិបត្តិការ​នៃដំណើរការរបស់ ASEM តាមរយៈការដើរតួនាទីផ្លាស់វេនគ្នាជាប្រទេសសម្របសម្រួល។ បច្ចុប្បន្នមានប្រទេសជាអ្នកសម្របសម្រួលចំនួន៤ ក្នុងនោះប្រទេសចំនួន២ មកពីអាស៊ី និងប្រទេស ២ទៀតមកពីអឺរ៉ុប។ ប្រទេសសម្របសម្រួលមានតួនាទីធ្វើជាម្ចាស់ផ្ទះ និងសហប្រធាននៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់របស់ASEM, ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសម្របសម្រួល, ធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ASEM និងកិច្ចប្រជុំកំពូល ASEM, សម្របសម្រួលជាមួយដៃគូ និងប្រគល់ឯកសារឱ្យដៃគូសម្រាប់កិច្ចប្រជុំនានា និងយកសំណូមពរ គម្រោង ផ្ដួចផ្ដើមគំនិត និងឯកសារទៅដល់ដៃគូសម្រាប់ពិចារណា។