(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យខេមរៈ បានស្នើឲ្យមន្ត្រីរាជបណ្ឌិត្យសភា សហការជាមួយក្រសួងធម្មការ និងសាសនា ដើម្បីស្រាវជ្រាវបង្កើតច្បាប់ស្តីពី «វិន័យសង្ឃ» ដោយសារមានព្រះសង្ឃជាច្រើន បានប្រព្រឹត្តខុសពីវិន័យព្រះពុទ្ធសាសនា។
លោកបណ្ឌិតបានថ្លែងបែបនេះ ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសាលាសិក្ខាជាតិមួយស្តីពី «សង្គតិភាពព្រះពុទ្ធសាសនា ដើម្បីពង្រីកនិងអភិវឌ្ឍន៍ពុទ្ធចក្រ និងអាណាចក្រក្នុងសង្គមកម្ពុជាបច្ចុប្បន្ន» កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅរាជបណ្ឌិត្យសភាកម្ពុជា។
លោក សុខ ទូច បានថ្លែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដូច្នេះលោកស្នើឲ្យមន្ត្រីស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា គួរសហការជាមួយក្រសួងធម្មការ ដើម្បីរៀបចំច្បាប់ស្តីពី «វិន័យសង្ឃ» ដាក់ស្នើរដ្ឋសភាជាតិពិនិត្យ និងអនុម័ត។
ប្រធានរាជបណ្ឌិត្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «អញ្ចឹងកន្លែងនេះ ចង់ផ្តល់ឲ្យក្រសួងធម្មការនិងរាជបណ្ឌិត្យសភា ត្រូវសិក្សា។ ត្រូវសិក្សាធាតុចូល និងធ្វើសំណើច្បាប់ទៅរដ្ឋសភា ព្រោះព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ត្រូវអនុម័តនៅក្នុងសភា»។
សម្រាប់លោកសាស្ត្រាចារ្យ សុខ ទូច ព្រះសង្ឃដែលប្រព្រឹត្តខុសពីវិន័យព្រះពុទ្ធសាសនា ភាគច្រើនជាអ្នកបួសដែលមិនមានការរៀនសូត្រ ពីវិន័យព្រះពុទ្ធសាសនាត្រឹមត្រូវ។ លោកថា ស្ថានភាពក្នុងវត្តអារាម មិនទាន់មានស្ថានភាពល្អប្រសើរឡើយ ហើយការប្រព្រឹត្តខុសរបស់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ដោយសារតែមិនយល់ពីព្រះវិន័យ។
លោកបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ការពិត នៅក្នុងវត្ត គេមានច្បាប់ត្រឹមត្រូវ ហើយដើរតាមធម៌ព្រះពុទ្ធ។ ខ្ញុំជឿជាក់ថា ខ្លាំងជាងរដ្ឋធម្មនុញ្ញទៅទៀត។ យើងឃើញថាវត្តនៅកម្ពុជាមានច្រើន ហើយអ្នកបួសក៏ច្រើន ប៉ុន្តែគ្រាន់តែអ្នកបួសខ្លះមានភាពវ័យក្មេង ដែលព្រះអង្គមិនទាន់ចេះលាងដៃផង ទៅបួស ហើយទន្ទេញធម៌ផង ទោះបីព្រះអង្គចេះក៏ព្រះអង្គពិបាកយល់ដែរ»។
លោកបានបន្តថា «ខ្ញុំបានចុះស្រាវជ្រាវលើវត្តមួយ ហើយឃើញមានកូននេនជាង២០០អង្គ កំពុងតែលេងហ្គេម ហើយដល់ម៉ោងបិណ្ឌបាត ក៏នាំគ្នាទៅបិណ្ឌបាត។ ដូច្នេះក្នុងនាមជាពុទ្ធបរិស័ទក៏ត្រូវមានតួនាទីធ្វើការកែតម្រូវ នូវអំពើខុសឆ្គងរបស់ព្រះសង្ឃដែរ»។
លោក សុខ ទូច បានគូសបញ្ជាក់ដែរថា លោកមិនអាចចាត់វិធានការ លើរឿងដែលព្រះសង្ឃបានប្រព្រឹត្តខុសនោះទេ មានតែទុកតួនាទីនេះទៅខាងក្រសួងធម្មការ និងសាសនា ជាអ្នកចាត់ចែងវិញទៅទៅចុះ។
សូមបញ្ជាក់ថា នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៤៣ បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ បច្ចុប្បន្នប្រទេសកម្ពុជាយើង មានវត្តអារាមចំនួនជិត៥ពាន់ និងមានព្រះសង្ឃជាង៦,៦ម៉ឺនអង្គផងដែរ៕