(ភ្នំពេញ)៖ លោក ហែម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកស្រី គុណ ខេង បានអញ្ជើញកាត់ខ្សែបូរឆ្លងសាលាឆាន់ ស្ថិតក្នុងវត្តសំរោងកណ្ដាល ភូមិសំរោងកណ្ដាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងបាននាំយកបច្ច័យជាង៧,២០០ដុល្លារប្រគេនដល់ព្រះតេជគណ អ៊ូ សុខអេង ចៅអធិការវត្តសំរោងកណ្ដាល ក្នុងការជួយកសាងនូវសមិទ្ធិផលនានា។
ពិធីដែលបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ មានការរួមដំណើរដោយលោក ម៉ៅ សាម៉ី, លោក ជា ផេង, លោក ធន វុត្ថា, លោកស្រី ហែម ចំរើន, លោកស្រី យឹម សុខាណារី, លោក ហែម ថឺង, លោក ប៊ុន សុគន្ធនី, លោក ឈឹម សុងហ៊រ ផងដែរ។
លោក ហែម ថេង បានថ្លែងថា ក្រៅពីមានការចូលរួមបច្ច័យពីមន្ត្រីរាជការ សម្រាប់ការកសាងសមិទ្ធិផលនានាក្នុងវត្ត តាំងពីឆ្នាំ១៩៩៨ លោកបានចំណាយធនធានយ៉ាងច្រើនជួយកសាងទាំងផ្លូវ និងសមិទ្ធិផល នៅក្នុងវត្តសំរោងកណ្ដាលនេះ ដោយសរុបជាទឹកប្រាក់ចំនួន១៥២,០០០ដុល្លារ។ រហូតមកទល់បច្ចុប្បន្នក្នុងឆ្នាំ២០១៨ថ្មីៗនេះ លោកបានជួយជួសជុលសាលាឆាន់ អស់ទឹកប្រាក់ចំនួន៦២,៦០០ដុល្លារបន្ថែមទៀត ដើម្បីវប្បធម៌ចែករំលែក ក្នុងបំណងលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែមានភាពរីកចម្រើន។
ព្រះតេជគុណ អ៊ូ សុខអេង បានមានសង្សដីកាថា សម្រាប់បច្ច័យ ក៏ដូចជា សម្ភារផ្សេងៗយ៉ាងច្រើន សម្រាប់កសាងសមិទ្ធិផល ក្នុងវត្តសំរោងកណ្ដាលនេះ បានមកពីការចូលរួមឧបត្ថម្ភ គាំទ្រពីពុទ្ធបរិស័ទ្ធជិតឆ្ងាយ។ ជាពិសេសមានការចូលរួមពីលោក ហែម ថេង ដើម្បីលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ឲ្យកាន់តែមានភាពរីកចម្រើនលូតលាស់ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍ឥតឈប់ឈរ លើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
ក្រៅពីប្រគេនបច្ច័យដល់វត្តលោក ហែម ថេង បានជូនដល់សិស្សចំនួន៤៥០នាក់ ក្នុងម្នាក់ៗ៤ពាន់រៀល, លោកគ្រូ អ្នកគ្រូ១១នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល, ប្រជាការពារ១៧នាក់ ក្នុងម្នាក់ៗ ២ម៉ឺនរៀល, នគរបាល១១នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល, វង្សភ្លេងឆៃយ៉ាំង១០នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល, វង្សភ្លេងពិណពាទ្យ១០នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល, ក្មេងវត្ត១៥នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល និងយាយជី តាជី២៧០នាក់ ក្នុងម្នាក់ៗមានក្រម៉ា១ និងបច្ច័យ១០,០០០រៀល និងចំណុះទូកង (ជ័យសំរោងតេជៈ) ៣៥នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល និងឧបត្ថម្ភបន្ថែមពីលើចំនួន១លានរៀលទៀត ដើម្បីត្រៀមទុកក្នុងពីធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខ។
លើសពីនេះលោក ហែម ថេង និងមន្ត្រីរាជការអ្នកចូលរួមបុណ្យ បានឆ្លៀតឱកាសប្រគេនអង្ករ១០បាវ, ទឹកសុទ្ធ៥កេស, ទឹកក្រូច៥កេស, មី២កេសធំ, ស្លាដក៣៦កញ្ចប់, និងគ្រឿងសម្ភារបូជាបន្ថែមទៀត សរុបចំនួន៩២៥ដុល្លារផងដែរ៕