(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា គ.ម.ក. បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយ (អ្នកសារព័ត៌មាន) ប្រៀបបានដូចជាស្ពានអាចចំលងមនុស្ស ប្រៀបដូចជាទឹកដែលអាចបណ្តែកទូកបាន និងអាចពន្លិចទូកបាន។
ការលើកឡើងរបស់លោក ស៊ូ សុជាតិ បានធ្វើឡើងនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅក្នុងកាសលោកបានអញ្ជើញ ពិធីបិទវគ្គផ្សព្វផ្សាយ សម្រាប់អ្នកសារព័ត៌មានលើកទី៨ ស្តីពី «បច្ចុប្បន្នភាពទីផ្សារមូលបត្រនៅកម្ពុជា» ដោយមានការចូលរួមពីសំណាក់ លោក សុខ ដារ៉ា អគ្គនាយករងនៃ គ.ម.ក និងការធ្វើបទបង្ហាញពីវាគ្មិនតំណាងពី គ.ម.ក. ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុនមូលបត្រ ចំនួនពីររួមមាន៖ ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី និងក្រុមហ៊ុន អ អេច ប៊ី ឥណ្តូឆៃណា ស៊ីឃ្យួរឹធី ដែលជាក្រុមហ៊ុនទទួល បានអាជ្ញាបណ្ណពី គ.ម.ក នៅទីស្តីការ គ.ម.ក។
លោក ស៊ូ សុជាតិ បានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយ គឺជាស្ពានដើម្បីចំលងនូវអ្វីដែល គ.ម.ក បានធ្វើជូនទៅដល់សាធារណជន ឬក្រុមអ្នកវិនិយោគិន ជាមួយគ្នានេះដែរអ្នកសារព័ត៌មាន ជាអ្នកស្វែងរកនូវចម្លើយពីសាធារណជនសម្រាប់វិស័យមូលបត្រនៅកម្ពុជា។
ជាមួយគ្នានេះដែរអគ្គនាយក គ.ម.ក ក៏ទទូចសុំឱ្យអ្នកសារព័ត៌មាន ចាប់អារម្មណ៍ជាមួយវិស័យមូលបត្រនៅកម្ពុជា ដើម្បីជំរុញឱ្យវិស័យមួយនេះកាន់តែមានសន្ទុះខ្លាំងក្លាឡើងបន្ថែមទៀត ដូចជាបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់ និងនៅលើពិភពលោកផងដែរ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងដល់អ្នកសារ-ព័ត៌មានទូទៅ និងអ្នកសារព័ត៌មានសេដ្ឋកិច្ច ដែលអញ្ជើញមកពីស្ថាប័នផ្សព្វផ្សាយក្នុងស្រុក និងដើម្បីបង្កើនការផ្សព្វផ្សាយបន្តពាក់ព័ន្ធនឹងវិស័យមូលបត្រប្រកបដោយសុក្រឹត្យភាព និងស័ក្តិសិទ្ធិភាព។
កម្មវិធីនាថ្ងៃនេះផ្តោតជាសំខាន់ទៅលើ វឌ្ឍនភាព ទីផ្សារមូលបត្រ ការវិវត្តន៍នៃការចូលរួមវិនិយោគក្នុងវិស័យមូលបត្រ អត្ថប្រយោជន៍ នៃការវិនិយោគ នៅក្នុងទីផ្សារមូលបត្រ អត្ថប្រយោជន៍នៃការចុះបញ្ជីលក់មូលបត្រ ព្រមទាំងកិច្ចគាំពារ និងការដោះស្រាយវិវាទ ក្នុងវិស័យមូលបត្រ៕