(ភ្នំពេញ)៖ កញ្ញា យុង ខេមរា មន្រ្តីយោធាបម្រើការងារនៅអង្គភាពកងពលតូចលេខ៧០ តាមរយៈបណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ បានផ្តាំទៅ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសាថា បើចង់សម្ភាសន៍កញ្ញានោះ សូមអញ្ជើញលោក ជុន ច័ន្ទបុត្រ មកសម្ភាសន៍នៅក្នុងប្រទេសកម្ពុជាទៅចុះ។
តបទៅនឹងអ្វីដែល អ្នកយកព័ត៌មានបម្រើនយោបាយអាមេរិក លោកជុន ចាន់បុត្រ បានផ្សាយចោទអំពីការជួលមនុស្សដេីរសម្តែងឱ្យគាំទ្រ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែននោះ គឺកញ្ញា យុង ខេមរា បានបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋដ៏ច្រេីនកុះករនៅអឺរ៉ុប នាយប់ថ្ងៃទី១៩ ខែតុលា ដែលអញ្ជេីញមកស្តាប់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានថតរូបអនុស្សាវរីយ៍ជាមួយសម្តេចផងនោះ គឺគ្រប់គ្រាន់ដែលមិនអាចប្រកែកបាន ថាជាការសម្តែង ដូចការចោទឱ្យតែបានចោទ ឬ ឱ្យតែមានអត្ថបទផ្សាយតាមវិទ្យុនោះទេ ។
កញ្ញាបានដាក់សំនួរថា តេីចំនួនប្រជាពលរដ្ឋដ៏ច្រេីនកុះករនេះ គឺជាការសម្តែងឬយ៉ាងណា? កញ្ញាបានចោទសួរថា តេីបុគ្គលិកវិទ្យុអាសុីសេរី បេីមិនបានផ្សាយអាក្រក់ គឺមិនបានលុយពេញឬ ឬមួយផ្សាយល្អម្តង ធ្វេីឱ្យអ្នកផ្សាយដេកភ័យខ្លាច?
កញ្ញា យុង ខេមរា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំចង់ប្រាប់ថា អ្វីដែលលោកបានផ្សាយថា បានទាក់ទងមកខ្ញុំ ដេីម្បីសុំសម្ភាសន៍បំភ្លឺថាខ្ញុំជួលបងប្អូនឱ្យមកសម្តែងនោះគឺ "ឈប់បាន ឈប់ទៅ "។ ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី ញូវហ្សេលេន អាមេរិក កាណាដា និងអឺរ៉ុប និងមេដឹកនាំប្រទេសនានា សុទ្ធតែគាំទ្រនិងគោរព ស្រលាញ់សម្តេចតេជោពិតប្រាកដមែន។ បងប្អូនខ្លះ ទោះបីជារងការគំរាមកំហែង គ្រប់សព្វបែបយ៉ាងពីក្រុមប្រឆាំងដោយសារតែការចេញមុខគាំទ្រសម្តេចយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែអត់ធ្មត់ ហេីយមិនជឿនយោបាយបោកប្រាស់យកសមាជិករបស់ខ្លួនធ្វេីជាខែល និងបង្រៀនសមាជិកខ្លួនឱ្យស្អប់គ្នា ជេរគ្នានោះដែរ»។
កញ្ញា បានបន្តថា «ដូច្នេះ នាងខ្ញុំស្វាគមន៍ លោកជុន ចាន់បុត្រ ដែលបានផ្សាយថាចង់ជួបសម្ភាសន៍នាងខ្ញុំរឿងខាងលេីនេះ សូមទៅសម្ភាសន៍ផ្ទាល់នៅឯស្រុកខ្មែរ ដោយមិនចាំបាច់សុំអង្គរក្សការពារលោកទៀតនោះទេ»។
សូមបញ្ជាក់ថា នាថ្មីៗនេះ លោក ជុន ច័ន្ទបុត្រ បានប្រកាសអញ្ជើញ កញ្ញា យុង ខេមរា ដើម្បីទៅសម្ភាសន៍នៅការិយាល័យរបស់លោក នាសហរដ្ឋអាមេរិក ដោយលោកបានចោទកញ្ញា យុង ខេមរាថា បានរៀបចំអ្នកគាំទ្រសម្តេចតេជោ ហ៊ុន សែន នៅក្រៅប្រទេស ជាពិសេសនៅឱកាសកិច្ចប្រជុំ អាស៊ី-អឺរ៉ុប នៅទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក៕