(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន រយៈពេល៤ថ្ងៃ នាសប្តាហ៍ក្រោយនេះ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។
អំឡុងពេលបំពេញទស្សនកិច្ចនេះ សម្តេច សាយ ឈុំ នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក វ៉ាង យ៉ាង ប្រធានក្រុមប្រឹក្សានយោបាយប្រជាជនចិន, ជួបពិភាក្សាការងារជាមួយ លោក លី ហ្សាងស៊ូ ប្រធានសភាតំណាងប្រជាជនចិន និងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិនមួយចំនួនទៀត ព្រមទាំងទស្សនាតំបន់វប្បធម៌ និងឧស្សាហកម្មមួយចំនួនក្នុងរដ្ឋធានីប៉េកាំងផងដែរ៕